ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងមហាផ្ទៃ ជូនដំណឹងស្តីពី ការផ្តល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ ឱ្យជនបរទេសអន្តោប្រវេសន្ត នៅកម្ពុជា

58

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានចេញសេចក្តីជូនដំណឹងស្តីពី ការផ្តល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ ឱ្យជនបរទេសអន្តោប្រវេសន្ត នៅព្រះរាជាណាចក្រកម្ពុជា។

ក្រសួងមហាផ្ទៃ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជន ដែលមានការពាក់ព័ន្ធមេត្តាជ្រាបថា អនុវត្តតាមច្បាប់ស្តីពីអន្តោប្រវេសន៍ដែលប្រកាសឱ្យ ប្រើដោយព្រះរាជក្រមលេខ ០៥ ន.ស/៩៤ ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ១៩៩៤ ក្រសួងមហាផ្ទៃ បានចេញប័ណ្ណ ស្នាក់នៅអចិន្ត្រៃយ៍ជូនដល់ជនបរទេសអន្តោប្រវេសន្ត ដែលបានទទួលស្គាល់ដោយប្រកាសរបស់ក្រសួងមហាផ្ទៃ សម្រាប់ប្រើប្រាស់បម្រើជីវភាពប្រចាំថ្ងៃ ដូចជា ការស្នើសុំសេវារដ្ឋបាល សេវាសាធារណៈ សេវាសុខភាព សេវាធនាគារ ការទិញលក់ចលនវត្ថុ អចលនវត្ថុ ការធ្វើអាជីវកម្ម ការស្នើសុំធ្វើការងារតាមរោងចក្រ សហគ្រាស និងសកម្មភាពមួយចំនួនទៀត ដែលច្បាប់អនុញ្ញាតសម្រាប់ជនបរទេស។

ទន្ទឹមនេះ ក្រសួងមហាផ្ទៃ ក៏បានចេញសេចក្ដីណែនាំលេខ ០១៥ សណន ចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ ស្តីពីការចេញលិខិតរដ្ឋបាល និងលិខិតអត្រានុកូលដ្ឋានឱ្យសហព័ទ្ធជាខ្មែរ កូន និងជនបរទេស អន្តោប្រវេសន្ត ដែលក្នុងសេចក្ដីណែនាំនោះ ក៏មានជម្រាបជូនអំពីតម្លៃប្រើប្រាស់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ ដែលក្រសួងបានចេញឱ្យជនបរទេសអន្តោប្រវេសន្តផងដែរ។ សេចក្ដីណែនាំលេខ ០១៥ សណន ត្រូវបានផ្សព្វផ្សាយជាច្រើនលើក ប៉ុន្តែក្រសួងមហាផ្ទៃបានសង្កេតឃើញថា នៅមានក្រសួង ស្ថាប័នរដ្ឋបាលថ្នាក់ ក្រោមជាតិ និងវិស័យឯកជនមួយចំនួន ពុំទាន់បានជ្រួតជ្រាប និងទទួលស្គាល់តម្លៃក្នុងការប្រើប្រាស់ប័ណ្ណ ស្នាក់នៅអចិន្ត្រៃយ៍នេះនៅឡើយ។

អាស្រ័យហេតុនេះ ក្រសួងមហាផ្ទៃ សូមធ្វើការជូនដំណឹងដល់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជន ដើម្បីទទួលស្គាល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍សម្រាប់ជនបរទេសអន្តោប្រវេសន្តនៅក្នុង ព្រះរាជាណាចក្រកម្ពុជា និងបង្កលក្ខណៈស្របតាមច្បាប់ជាធរមាន។

ក្រសួងមហាផ្ទៃ សង្ឃឹមយ៉ាងមុតមាំថា សេចក្តីជូនដំណឹងនេះនឹងទទួលបាននូវការជ្រួតជ្រាបជាផ្លូវការ៕

អត្ថបទដែលជាប់ទាក់ទង