បុគ្គលិករបស់នាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន ២៥៤រូប ត្រូវបានប្រកាសបញ្ចូល ជាសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាពេញសិទ្ធិ
ភ្នំពេញ៖ បុគ្គលិករបស់នាយកដ្ឋានវិទ្យុនិងទូរទស្សន៍បាយ័នចំនួន២៥៤រូបត្រូវបានប្រកាសបញ្ចូល ជាសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាពេញសិទ្ធិនៅល្ងាចថ្ងៃទី០៧តុលាឆ្នាំ២០២២នេះ ក្រោមអធិបតីភាព ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ នៅមន្ទីរគណបក្សរាជធានីភ្នំពេញ។
ក្នុងពិធីនោះ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុនិងទូរទស្សន៍បាយ័ន ត្រូវបានតែងតាំងជាប្រធានសាខាគណបក្សអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍បាយ័ននិងលោកសៅ ភិរុណ អគ្គនាយករងBTVជាអនុប្រធាន ដោយមានសមាជិក សមាជិកាសរុបចំនួន២៥៤រូប។
ឯកឧត្ដម ឃួង ស្រេង ក្នុងឱកាសនោះ បានលើកឡើងពីវីរៈភាពរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ដោយសម្តេចមិនត្រឹមតែ រំដោះប្រទេសជាតិចេញពីរបបប៉ុល ពត និងការកសាងអភិវឌ្ឍន៍ប្រទេសអោយរីកចំរើនប៉ុណ្ណោះទេ សម្តេចនូវបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរំដោះអាយុជីវិត បងប្អូនប្រជាពលរដ្ឋពីការរីករាលដាលពីជម្ងឺកូវីដ-១៩ថែមទៀត ដោយសម្តេចបានដាក់ចេញនូវវិធានការបិទខ្ទប់ រាជធានី ជាមួយនឹងការស្រោចវ៉ាក់សាំងការពារជំងឺ covid-19 ជូនប្រជាណលរដ្ឋ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើឲ្យជំងឺនេះបានថមថយនិងឈានទៅដល់ការបើកអោយដំណើរការសេដ្ឋកិច្ចប្រទេសជាប្រក្រតីឡើងវិញ ។
វីរៈភាពទាំងនេះបានធ្វើអោយប្រជាពលរដ្ឋមានទំនុកចិត្តយ៉ាងខ្លាំង រហូតបានសុំចូលជាសមាជិកបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់។ នេះជាមោទនៈភាពរបស់យើងជាសមាជិក សមាជិកាបក្សប្រជាជនកម្ពុជា ដែលមានមេដឹកនាំបក្សនិងមេដឹកនាំប្រទេសមានគុណធម៌ល្អបែបនេះ។
លោកបន្តទៀតថា ក្នុងនាមជាជាសមាជិក សមាជិកាបក្សប្រជាជនកម្ពុជា ត្រូវស្វែងយល់ពីលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុងរបស់គណបក្សបក្សអោយបានច្បាស់ និងមើលឃើញអោយបានច្បាស់ពីវីរៈភាពរបស់មេគណបក្សប្រជាជនកម្ពុជា នោះគឺសម្តេចតេជោហ៊ុន សែន។
លោកស្នើអោយ បងប្អូនជាសមាជិក សមាជិកាបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវរួមគ្នាថែរក្សាសន្តិភាពដែលរកមកដោយលំបាកនេះ អោយនៅស្ថិតស្ថេរគង់វង់៕