ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងតំណាង ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)

58

ភ្នំពេញ៖ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យ លោក Ryoji Fujita អគ្គនាយកក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) និងសហការី ចូលជួប សម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ។

ថ្លែងក្នុងជំនួបនោះ លោកអគ្គនាយកក្រុមហ៊ុន បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងគោរពថ្លែង អំណរគុណចំពោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែង ការគួរសម និងពិភាក្សាការងារ និងបានជម្រាបជូនអំពីសំណើរបស់ក្រុមហ៊ុនសុំឱ្យក្រសួងពិនិត្យលទ្ធភាព លើការសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការបន្ធូរបន្ថយពន្ធនាំចូលរថយន្តប្រភេទ Hybrid សំដៅរួមចំណែកក្នុងការជំរុញលើកទឹកចិត្តឱ្យប្រជាពលរដ្ឋកម្ពុជាងាកមកប្រើប្រាស់រថយន្ត ប្រភេទHybridឱ្យបានច្រើន ដើម្បីកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ កាត់បន្ថយការបំភាយឧស្ម័នពុល ទៅក្នុងបរិយាកាស ព្រមទាំងរួមចំណែកក្នុងជួយឱ្យកម្ពុជាសម្រេចគោលដៅអព្យាក្រឹត្យកាបូន(Carbon Neutrality)នៅឆ្នាំ២០៥០ ផងដែរ។

ជាមួយគ្នានោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះលោកអគ្គនាយក និង សហការី និងបានអបអរសាទរ និងថ្លែងអំណរគុណដល់ក្រុមហ៊ុន ដែលបានរៀបចំរោងចក្រដំឡើង រថយន្តនៅក្នុងប្រទេសកម្ពុជាដែលជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្កើត ការងារជូនប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ ព្រមទាំងលើកកម្ពស់វិស័យយានយន្តនៅកម្ពុជាឱ្យមានការរីកចម្រើនមួយកម្រិតទៀត។

ជាការឆ្លើយតប ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ ការគាំទ្រនៅក្នុងការបន្ធូរបន្ថយពន្ធនាំចូល ជាពិសេសករណីរថយន្តប្រភេទHybrid ដែលក្រុមហ៊ុនតូយ៉ូតាបានលើកឡើងខាងលើនេះអាចធ្វើទៅបាន លុះត្រាតែមានការស្នើសុំពិភាក្សាជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការខិតខំប្រឹងប្រែងជំរុញការប្រើប្រាស់ យានយន្តអគ្គិសនីឱ្យបានកាន់តែទូលំទូលាយនៅកម្ពុជា ដើម្បីចូលរួមចំណែកកាត់បន្ថយការបំពុលបរិស្ថាន តាមរយៈគម្រោងដំឡើងស្ថានីយបញ្ចូលថាមពលរថយន្តអគ្គិសនីនៅតាមបណ្តារាជធានី-ខេត្ត ក៏ដូចជាជំរុញលើកទឹកចិត្ត និងទាក់ទាញការចាប់អារម្មណ៍ឱ្យមានការប្រើប្រាស់យានយន្តអគ្គិសនីពីសំណាក់សាធារណជនទូទៅ និងស្វែងរកកិច្ចសហការជាមួយក្រុមហ៊ុននានា ដើម្បីជំរុញការដំឡើង ស្ថានីយបញ្ចូលថាមពលអគ្គិសនីឱ្យបានច្រើនបន្ថែមទៀតទូទាំងផ្ទៃប្រទេស។

គួរបញ្ជាក់ផងដែរថា៖ ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា)គឺជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខសម្រាប់យានយន្តតូយ៉ូតា គ្រឿងបន្លាស់ និងសេវាកម្មទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ចាប់តាំងពីការឈានជើងចូលមកដំណើរការក្នុងប្រទេសកម្ពុជា កាលពីឆ្នាំ១៩៩៣ មកទល់សព្វថ្ងៃ ក្រុមហ៊ុនបានបើកដំណើរការសាខាចំនួន០៥ នៅទូទាំងប្រទេសព្រមទាំងបន្តការកែលម្អឥតឈប់ឈរ និងផ្តល់នូវផលិតផល ក៏ដូចជាសេវាកម្មដែលមានគុណភាពល្អ ដល់អតិថិជនទាំងអស់ជាបន្តបន្ទាប់ ហើយតាមតថភាពជាក់ស្តែង រថយន្តដែលទទួលបានការនិយមប្រើប្រាស់ច្រើនជាងគេក្នុងសង្គមកម្ពុជាគឺ រថយន្តម៉ាកតូយ៉ូតា៕

អត្ថបទដែលជាប់ទាក់ទង