ភ្ញៀវទេសចរធ្វើដំណើរ ឆ្លងកាត់ ចូលទៅទស្សនាប្រាសាទនាគព័ន្ធ ព្រោះទិដ្ឋភាពដ៏ស្រស់ស្អាត នៅលើផ្ទៃទឹក នៃបារាយណ៍ជ័យ តដាក ឬនាគព័ន្ធមានសោភណ្ឌភាពស្រស់ស្អាត
សៀមរាប៖ ស្ពានថ្មីចូលទៅទស្សនាប្រាសាទនាគព័ន្ធ បានចាប់ផ្តើមបើកឱ្យភ្ញៀវទេសចរធ្វើដំណើរ ឆ្លងកាត់ ចូលទៅទស្សនាប្រាសាទនាគព័ន្ធ ជាពិសេសទស្សនា ទិដ្ឋភាពដ៏ស្រស់ស្អាត នៅលើផ្ទៃទឹក នៃបារាយណ៍ជ័យ តដាក ឬនាគព័ន្ធ (បារាយណ៍ខាងជើង) ធ្វើឲ្យភ្ញៀវជាតិ អន្ដរជាតិ ចាប់អារម្មណ៏ខ្លាំង ទៅលើទេសភាព។
លោក វិចិត្រ ប្រជាពលរដ្ឋមកពីខេត្តបន្ទាយមានជ័យ បានឱ្យដឹងនៅថ្ងៃទី១៣ ខែតុលា២០២២នេះថា ៖ នេះជាលើកទី១ហើយ ដែលរូបលោកបាននាំក្រុមគ្រួសារ ចូលមកទស្សនា ប្រាសាទនាគព័ន្ធ និងបានធ្វើដំណើរឆ្លងកាត់ស្ពានថ្មីមួយដែលទើបតែសាងសាងរួចរាល់ មានរូបរាងស្រស់ស្អាត។ លោកបន្តថា នៅពេលបានឆ្លងកាត់លើស្ពានថ្មីនេះ ពិតជាមិនខក បំណងឡើយ ព្រោះមានទេសភាពស្រស់ស្អាត ផ្ទៃទឹកខៀវស្រងាត់ ព្រមជាមួយ សត្វស្លាបហោះហើរឆ្លងកាត់ព្រោងព្រៀតជាទីចាប់អារម្មណ៍សម្រាប់អ្នកទេសចរ។
ចំណែកលោក សេង គុណ ប្រជាពលរដ្ឋមកពីស្រុកប្រាសាទបាគង បានបង្ហាញថា ក្រោយទទួលបានព័ត៌មានអំពីការជួសជុលស្ពានថ្មី នៅមុខប្រាសាទនាគព័ន្ធ បានរួចរាល់ ហើយអនុញ្ញាតឱ្យភ្ញៀវទេសចរឆ្លងកាត់ហើយនោះ លោកក៏បានសម្រេចចិត្ត មកទស្សនាប្រាសាទនាគព័ន្ធ។ ក្នុងនោះលោកសង្កេតឃើញ ស្ពានថ្មីនេះមានភាពរឹងមាំ ស្រស់ស្អាត និងធំទូលាយជាងមុន។ លោកក៏រំពឹងថា នឹងមានភ្ញៀវទេសចរមក ទស្សនាប្រាសាទនាគព័ន្ធនេះកាន់តែច្រើនថែមទៀត។
លោក សេង គុណ ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរជាតិអប្សរា ដែលបាន យកចិត្តទុកដាក់ក្នុងការស្ថាបនាស្ពានថ្មីនេះ ក៏ដូចជាការអភិវឌ្ឍរមណីយដ្ឋានអង្គរ ឱ្យកាន់តែ មានភាពស្រស់ស្អាត ស័ក្តិសមជាសម្បត្តិបេតិកភណ្ឌពិភព លោក។ នៅក្នុងពិធីបុណ្យ ភ្ជុំបិណ្ឌកន្លងទៅនេះ ភ្ញៀវទេសចរជាតិ និងបរទេសយ៉ាងច្រើនបានមក ធ្វើដំណើរឆ្លងកាត់ លើស្ពាននេះ ដោយបានទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាត នៅលើផ្ទៃទឹកនេះផងដែរ។
សូមបញ្ជាក់ថា៖ បារាយណ៍ជ័យតដាក ឬនាគព័ន្ធ (បារាយណ៍ខាងជើង) ស្ថាបនាឡើងក្នុង រាជ្យព្រះបាទជ័យវរ្ម័នទី៧ អស់រយៈកាលជិតមួយពាន់ឆ្នាំមកហើយ បារាយណ៍នេះ មានបណ្តោយ៣៦០០ម៉ែត្រ និងទទឹង៩៣០ម៉ែត្រ។ ដោយសារភាពរីងស្ងួតអស់ កាលជាយូរឆ្នាំមកហើយ នៅក្នុងឆ្នាំ២០០៥ អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើម ការងារជួស ជុលប្រព័ន្ធធារាសាស្ត្របុរាណឡើងវិញ មានទំនប់ និងប្រឡាយបង្ហូរទឹក ដើម្បីអាចរក្សា ទឹកក្នុងបារាយ ណ៍បាន ហើយនៅក្នុងឆ្នាំ២០០៧ អាជ្ញាធរជាតិអប្សរា ក៏បានបង្ហូរទឹកចូលមក ធ្វើឱ្យបារាយណ៍ជ័យតដាក មានជីវិតសាជាថ្មីម្តងទៀត។ បច្ចុប្បន្នបារាយណ៍នេះ បានដើរតួយ៉ាងសំខាន់ ដើម្បីផ្គត់ផ្គង់ទឹកសម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្ម និងដល់មនុស្ស ក្នុងរាជធានីអង្គរធំ នាគព័ន្ធ និងនៅប្រាសាទព្រះខ័ន៕. សំរិត