លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដង្ហែរកឋិនទានសាមគ្គី និងអភិសេកព្រះរូប “ព្រះឥន្ទកោសីយ៍” នៅវត្តព្រះឥន្ទកោសីយ៍ ក្នុងខេត្តសៀមរាប
សៀមរាប៖ លោកជំទាវសង្គហបណ្ឌិត ម៉ែន សំអន ឧបកនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងមន្រ្ដីរាជការក្រោមឱវាទ រួមជាមួយពុទ្ធបរិស័ទ បានផ្តួចផ្ដើមធ្វើបុណ្យកឋិនទានសាមគ្គី និងអភិសេកព្រះរូប “ព្រះឥន្ទកោសីយ៍” នៅក្នុង វត្តព្រះឥន្ទកោសីយ៍ ស្ថិតសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ក្នុងគោលបំណងដើម្បីវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់រយៈពេល ៣ខែ នៅក្នុងពុទ្ធសីមាវត្តព្រះឥន្ទកោសីយ៍។ ពិធីបុណ្យកឋិនទាន គឺជាពិធីបុណ្យដ៏សំខាន់មួយក្នុងចំណោម ពិធីបុណ្យធំៗក្នុងព្រះពុទ្ធសាសនា ដែល មាន សំពត់ ស្បង់ ត្រៃចីវរ គ្រឿងស្លៀកគ្របដណ្ដប់របស់ព្រះភិក្ខុសង្ឃដែលទាយកទាយិកាប្រគេនដល់ភិក្ខុសង្ឃក្នុងកឋិនកាល គឺតាំងពីថ្ងៃ ១ រោចខែអស្សុជ ដល់ថ្ងៃ ១៥ កើតខែកត្ដិក (ថ្ងៃទី១១ ខែតុលា ដល់ថ្ងៃទី០៦ ខែវិច្ឆិកា) ។
លោកជំទាវសង្គហបណ្ឌិត ម៉ែន សំអន បានគូសបញ្ជាក់ថា កម្ពុជាមានសុខសន្តិភាព មានការវិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ ពីប្រទេសដែលស្ងាត់ជ្រងុំ ឥឡូវក្លាយទៅជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនមួយ ដែលត្រូវបានអន្តរជាតិទទួលស្គាល់ទាំងកត្តាសេដ្ឋកិច្ច នយោ បាយ ការអភិវឌ្ឍ បូករួមនឹងវិស័យផ្សេងៗជាច្រើនទៀត ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាកន្លងមក៕ សំរិត