ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាបើកកិច្ចប្រជុំក្រុមប្រឹក្សា សហគមន៍ សង្គម វប្បធម៌អាស៊ានលើកទី២៨

75

 

ភ្នំពេញ ៖ នៅព្រឹក ថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍ សង្គម វប្បធម៌អាស៊ានលើកទី២៨ ដែលកិច្ចប្រជុំនេះ ធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់រដ្ឋមន្ត្រីសហគមន៍សង្គម វប្បធម៌អាស៊ាន អគ្គលេខាធិការអាស៊ាន រដ្ឋមន្ត្រីស្ថាប័នក្រោមវិស័យសហគមន៍សង្គម វប្បធម៌អាស៊ាន ឧត្តមមន្ត្រីសហគមន៍សង្គម វប្បធម៌អាស៊ាន ឧត្តមមន្ត្រីវិស័យក្រោមសហគមន៍សង្គម វប្បធម៌អាស៊ាន អគ្គលេខាធិការរងអាស៊ាន តំណាងអចិន្ត្រៃយ៍សហគមន៍ សង្គម វប្បធម៌អាស៊ាន ប្រតិភូអម និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

បើតាមសុន្ទរកថារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា : ជាការពិត, អាស៊ាន គឺជាសហគមន៍ពហុវប្បធម៌ ដែលតម្រូវឱ្យយើងត្រូវខិតខំរួបរួមគ្នាក្នុង ភាពចម្រុះ សំដៅសម្រេចបាននូវការយល់ដឹងឱ្យកាន់តែទូលំទូលាយជាងមុន ក្នុងចំណោម ប្រជាពលរដ្ឋរបស់យើង ជាពិសេស យុវជនអាស៊ាន ដើម្បីលើកកម្ពស់ភាពធន់ និង ការយោគយល់គ្នាទៅវិញទៅមក ស្របតាមស្មារតីស្នូលរបស់អាស៊ាន «ចក្ខុវិស័យមួយ, អត្តសញ្ញាណមួយ និង សហគមន៍មួយ» ។ ដើម្បីសម្រេចបាននូវគោលដៅនេះ, ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ ២០២២, កម្ពុជា បានកំណត់មូលបទ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ។

ដោយមានការខិតខំប្រឹងប្រែងធ្វើការរួមគ្នាក្នុងការអនុវត្ត ផែនការមេ ២០២៥ នៃក្រុមប្រឹក្សា សហគមន៍សង្គម-វប្បធម៌អាស៊ាន ខ្ញុំពិតជាមានមោទកភាពចំពោះវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ដែលយើងសម្រេចបាន ក្នុងនោះ រួមមាន ការលើកកម្ពស់កិច្ចគាំពារសង្គមសម្រាប់ពលករចំណាក ស្រុក, សុវត្ថិភាព និង សុខុមាលភាពសង្គម, ការលើកកម្ពស់សហគ្រិនភាពស្ត្រី, ឧស្សាហកម្មច្នៃ ប្រឌិត និង វប្បធម៌ ។ល។ សមិទ្ធផលទាំងនេះ កើតចេញពីការប្រកាន់ខ្ជាប់នូវស្មារតីលើកកម្ពស់ ពហុភាគីនិយម, ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នា, ការឯកភាពគ្នា, ការលើកកម្ពស់កិច្ចសន្ទនា, ការយោគយល់គ្នាទៅវិញទៅមក និង ការអនុវត្តគោលការណ៍ «សាមគ្គីភាពក្នុងភាពចម្រុះ» ។

ទន្ទឹមនេះដែរ, ជាមួយនឹងការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា, ការទទួលបាន ជោគជ័យលើការគ្រប់គ្រងលើការរីករាតត្បាតនៃជំងឺកូវីដ-១៩ បានផ្តល់ឱកាសឱ្យយើង អាចចាប់ ផ្តើមឡើងវិញនូវដំណើរការសេដ្ឋកិច្ច និង សង្គមពេញលេញ ព្រមទាំងជំរុញការអនុវត្តយុទ្ធសាស្ត្រ នានា សម្រាប់ការស្ដារសេដ្ឋកិច្ច និង សង្គមឡើងវិញ ។ ឈរលើមូលដ្ឋាននេះ, កិច្ចសហការក្នុង ក្របខណ្ឌសហគមន៍សង្គម-វប្បធម៌អាស៊ាន មានតួនាទីកាន់តែសំខាន់ នៅក្នុងការលើកកម្ពស់ ស្មារតី និង កិច្ចខិតខំប្រឹងប្រែងរួម ដើម្បីបន្តការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច, ការពង្រឹងសន្តិសុខ និង ស្ថិរភាពនយោបាយក្នុងតំបន់ ព្រមទាំងការពង្រឹងសាមគ្គីភាពអាស៊ាន តាមរយៈការផ្ដោត ជាសំខាន់លើអាទិភាព ចំនួន ៤ គឺ៖ (១). ពង្រឹងគុណតម្លៃ, ការយល់ដឹង និង អត្តសញ្ញាណ អាស៊ាន, (២), លើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស និង ការផ្ដល់អំណាចទៅឱ្យស្រ្តី, (៣). ពង្រឹងសុខភាព, សុខុមាលភាព និង ការគាំពារសង្គម និង (៤). ពង្រឹងសមត្ថភាព និង ប្រសិទ្ធភាព ស្ថាប័នរបស់សហគមន៍សង្គម-វប្បធម៌អាស៊ាន ។

វិបត្តិជំងឺកូវីដ-១៩ បានបន្ទច់បង្អាក់នូវដំណើរការអភិវឌ្ឍជារួម និង បានបន្សល់ទុកជា ស្លាកស្នាម (scarring effects) ទាំងក្នុងវិស័យសេដ្ឋកិច្ច និងសង្គម ។ ជាងនេះទៅទៀត, យើងបាននិងកំពុងបន្តជួបប្រទះនូវបញ្ហាប្រឈមតំបន់ និង សកល ដែលកាន់តែមានភាពមិនប្រាកដប្រជាខ្ពស់ និង ស្មុគស្មាញទៅៗ ហើយកំពុងបង្កើតនូវបច្ច័យអវិជ្ជមាន និង បញ្ហាបន្ថែមទៀត ដោយផ្ទាល់ និង ដោយប្រយោលដល់ការអភិវឌ្ឍ ជាពិសេស សង្គម, វប្បធម៌, សន្តិសុខ និង សុខុមាលភាពរបស់ប្រជាជននៅក្នុងតំបន់អាស៊ាន ។

ដើម្បីស្ដារកិច្ចអភិវឌ្ឍសង្កម-សេដ្ឋកិច្ចតំបន់យើង ប្រកបដោយភាពធន់ និង ចីរភាព, អាស៊ានចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការ និង បង្កើនការយកចិត្តទុកដាក់លើការគាំពារ និង អភិវឌ្ឍមូលធនមនុស្ស តាមរយៈ៖ (១), ការធ្វើឌីជីថលូបនីយកម្ម (digitalization) ដោយ ផ្តល់អាទិភាពដល់ការជំរុញការចាប់យកបច្ចេកវិទ្យាឌីជីថលឱ្យបានទូលំទូលាយ, (២).ការអភិវឌ្ឍ ប្រព័ន្ធសុខភាពសាធារណៈ និង ប្រព័ន្ធគាំពារសង្គម ដើម្បីត្រៀមខ្លួនក្នុងការឆ្លើយតបទៅនឹង វិបត្តិនានា និង (៣), ការពង្រឹងវិស័យអប់រំ និង ការអភិវឌ្ឍជំនាញ ។

ជាមួយគ្នានេះ, បទពិសោធពីជំងឺកូវីដ-១៩ បានបង្ហាញយ៉ាងច្បាស់ពីភាពចាំបាច់ ក្នុង ការពង្រឹងប្រព័ន្ធសុវត្ថិភាពសង្គមតំបន់ ដែលនឹងចូលរួមយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ចតំបន់ ប្រកបដោយសមធម៌ និង បរិយាប័ន្ន ។ ក្នុងន័យនេះ, ខ្ញុំសង្ឃឹមថា បណ្ត សមាជិកអាស៊ានទាំងអស់នឹងចូលរួមអនុម័ត «សេចក្ដីថ្លែងការណ៍អាស៊ានស្ដីពីចល័តភាពន អត្ថប្រយោជន៍របបសន្តិសុខសង្គម សម្រាប់ពលករចំណាកស្រុកក្នុងតំបន់អាស៊ាន» ។ បន្ថែមលើ នេះ, ការបន្តយកចិត្តទុកដាក់លើសន្តិសុខ និង សុវត្ថិភាពការងារ ព្រមទាំងស្ថិរភាពប្រាក់ ចំណូលរបស់ស្ត្រីក្នុងសកម្មភាពសេដ្ឋកិច្ច ក៏ជាកិច្ចការដ៏សំខាន់មួយ ផងដែរ ។ ដូច្នេះ, យើង ត្រូវបន្តគាំទ្រ និង ជំរុញការអនុវត្តនូវគំនិតផ្តួចផ្តើមនានា ដែលបានដាក់ចេញក្នុង «សេចក្ដីថ្លែង ការណ៍អាស៊ានស្តីពីការកសាងអនាគតប្រកបដោយចីរភាព, បរិយាប័ន្ន និង ភាពធន់៖ ការលើក កម្ពស់សហគ្រិនភាពស្ត្រីនៅក្នុងតំបន់អាស៊ាន» ។

ដោយមើលឃើញពីសារៈសំខាន់នៃ ការជំរុញការកែទម្រង់ប្រព័ន្ធអប់រំ, ការបណ្តុះបណ្តាល ជំនាញ និង ការស្តារឡើងវិញនូវការបាត់បង់ការសិក្សា (learning loss) ក្នុងរយៈកាលកន្លង មកនេះ, កម្ពុជាបានផ្តួចផ្តើមរៀបចំសេចក្ដីណែនាំអំពី «ការបើកឡើងវិញ, ការងើបឡើងវិញ និង ភាពធនក្នុងវិស័យអប់រំ៖ សេចក្ដីណែនាំសម្រាប់ប្រទេសអាស៊ាន» ដើម្បីធានាថាកុមារ និង យុវជន ទាំងអស់នឹងទទួលបានការអប់រំប្រកបដោយគុណភាព និង សុវត្ថិភាព ។ ជាមួយគ្នានេះ, ជំងឺ កូវីដ-១៩ បានជំរុញការប្រែក្លាយការអប់រំជាប្រពៃណី ឱ្យទៅជាការអប់រំបែបឌីជីថលមួយជំហានរួចហើយ ។ ក្នុងបរិការណ៍នៃការវិវត្តយ៉ាងរហ័សនៃបច្ចេកវិទ្យាឌីជីថល, អាស៊ានគួរតែខិតខំបន្ថែម ទៀត ក្នុងការជំរុញបរិវត្តកម្មឌីជីថលនៃប្រព័ន្ធអប់រំ ។ ក្នុងន័យនេះ, ខ្ញុំមានសុទិដ្ឋិនិយមថា ថ្នាក់ ដឹកនាំអាស៊ាននឹងចូលរួមជាមួយ ក្នុងការអនុម័ត «សេចក្ដីថ្លែងការណ៍ស្តីពីបរិវត្តកម្មឌីជីថល នៃប្រព័ន្ធអប់រំក្នុងតំបន់អាស៊ាន» នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង លើកទី ៤១ នៅក្នុងខែ វិច្ឆិកា ខាងមុខនេះ ។

ការអភិវឌ្ឍនូវសេដ្ឋកិច្ចច្នៃប្រឌិត និង វប្បធម៌ ក៏ជាយុទ្ធសាស្ត្រមួយប្រកបដោយសក្តានុពល ក្នុងការជំរុញការស្តាសេដ្ឋកិច្ចអាស៊ានឡើងវិញ ជាពិសេស ជួយដល់វិស័យទេសចរណ៍ ដែល ទទួលរងផលប៉ះពាល់ខ្លាំងពីជំងឺកូវីដ-១៩, លើកកម្ពស់ការអភិវឌ្ឍសហគ្រាសធុនតូច និង មធ្យម, ជំរុញសហគ្រិនភាព, ធុរកិច្ចថ្មី និង ឌីជីថលូបនីយកម្ម សំដៅគាំទ្រដល់ការអភិវឌ្ឍសហគមន៍ អាស៊ានប្រកបដោយបរិយាប័ន្ន និង ចីរភាព ព្រមទាំងពង្រឹងគុណតម្លៃនៃសហគមន៍អាស៊ាន ។ ខ្ញុំសូមជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវ «សេចក្តីថ្លែងការណ៍ក្រុងសៀមរាបស្តីពីការ លើកកម្ពស់សហគមន៍អាស៊ានប្រកបដោយការច្នៃប្រឌិត និង ភាពសម្រប ដើម្បីលើកស្ទួយសេដ្ឋ កិច្ចវប្បធម៌ និង ច្នៃប្រឌិត» ។

លើសពីនេះទៀត, ការបន្តពង្រឹងការផ្សារភ្ជាប់រវាងប្រជាជន និង ប្រជាជន ក៏ជាកិច្ចការ អាទិភាពដ៏សំខាន់មួយ ដែលនឹងជួយលើកកម្ពស់ការយល់ដឹងពីគុណតម្លៃ និង អត្តសញ្ញាណ អាស៊ាននៅក្នុងស្រទាប់យុវជន ព្រមទាំងពង្រឹងតួនាទីរបស់យុវជនក្នុងការចូលរួមកសាងសហ គមន៍អាស៊ាន ប្រកបដោយការទទួលខុសត្រូវ ។ យុវជនក៏កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការ ទទួលយកបច្ចេកវិទ្យាថ្មីៗ នៅក្នុងបរិបទឧស្សាហកម្ម ៤.០ ផងដែរ ដែលនឹងក្លាយជាកាតាលីករ នៅក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចតំបន់ ។ ដើម្បីជំរុញការចូលរួមកិច្ចអភិវឌ្ឍតំបន់យើងឱ្យកាន់តែ ស៊ីជម្រៅ និង ទូលំទូលាយ, កម្ពុជាបានរៀបចំឡើងកិច្ចសន្ទនាយុវជនអាស៊ានលើកទី ១ នៅខេត្ត សៀមរាប ប្រទេសកម្ពុជា នាពេលថ្មីៗកន្លងទៅនេះ ដើម្បីផ្តល់វេទិកាឱ្យយុវជនអាស៊ានផ្លាស់ប្តូរ ទស្សនៈជាមួយនឹងអ្នកធ្វើគោលនយោបាយ និង ដៃគូសន្ទនាចម្បងៗផ្សេងទៀត ។ ទន្ទឹមនេះ, កម្ពុជាក៏បានផ្តួចផ្តើមរៀបចំដាក់ចេញនូវ “សេចក្តីថ្លែងការណ៍មេដឹកនាំអាស៊ានស្តីពីឆ្នាំនៃយុវជន អាស៊ាន ២០២២» ។ មួយវិញទៀត, ដោយកម្ពុជានឹងរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ ២០២៣ ខាងមុខនេះ នៅរាជធានីភ្នំពេញ, ខ្ញុំសូមលើកទឹកចិត្តឱ្យប្រជាពលរដ្ឋអាស៊ានទាំងអស់ ចូលរួម ព្រឹត្តិការណ៍កីឡាដ៏មានសារៈសំខាន់នេះ ។

ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព និង បរិយាប័ន្ន មិនអាចកាត់ផ្តាច់ចេញ ពីការគិតគូរនូវការដោះស្រាយការគំរាមកំហែង និង ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ប្រកបដោយភាពបុរេសកម្មនោះទេ ។ ជាក់ស្ដែង, នៅក្នុងខែ កញ្ញា ថ្មីៗនេះ, ព្យុះទីហ្វុងនរុ (Noru) បានធ្វើឱ្យខាតបង់ដល់សេដ្ឋកិច្ចនៅក្នុងតំបន់ និង បាត់បង់អាយុជីវិតប្រជាជនជាច្រើន ។ ក្នុង ន័យនេះ, ខ្ញុំសូមលើកឡើងជាថ្មីម្តងទៀតនូវសំណើរៀបចំនូវ «គំនិតផ្តួចផ្តើមស្ដីពីការបង្កើតក្រប ខណ្ឌកិច្ចព្រមព្រៀងបៃតងអាស៊ាន» ដែលនឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយតម្រង់ទិស អាស៊ានឆ្ពោះទៅរកអនាគតបៃតងប្រកបដោយចីរភាព និង ភាពប្រកួតប្រជែងខ្ពស់៕

 

អត្ថបទដែលជាប់ទាក់ទង