ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កំណាត់ផ្លូវ២ខ្សែ បានជួសជុលគ្រឹះនិងអ៊ុតកៅស៊ូ (AC) រួចរាល់នៅថ្ងៃទី១៣តុលានេះហើយ

176

 

ភ្នំពេញ៖ កំណាត់ផ្លូវចំនួន២ខ្សែ នោះគឺកំណាត់ផ្លូវជាតិលេខ២និងកំណាត់ផ្លូវស៊ីសុវត្ថិ ដែលក្រុមការងារនៃមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញ អនុវត្តការងារទៅតាមការណែនាំរបស់លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានជួសជុលគ្រឹះនិងអ៊ុតកៅស៊ូ (AC) រួចរាល់ហើយនៅថ្ងៃទី១៣តុលានេះ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងនៅព្រឹកថ្ងៃ១៣ តុលានេះថា៖ អនុវត្តតាមការណែនាំពីលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនាថ្ងៃទី១តុលាកន្លងមកនេះ ក្រុមការងារនៃមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានបើកការរដ្ឋានជួសជុលគ្រឹះនិងអ៊ុតកៅស៊ូ (AC) លើកំណាត់ផ្លូវជាតិលេខ២ មានប្រវែង៤គីឡូម៉ែត្រកន្លះ ទទឹង១៨ម៉ែត្រ ដោយចាប់ពីស្ពានអាកាសក្បាលថ្នល់ ដល់រង្វង់មូលព្រះនរាយ៍ (ព្រំប្រទល់ភ្នំពេញនឹងខេត្តកណ្ដាល) ។ ចំពោះការដ្ឋានមួយនេះបានបញ្ចប់កាលពីថ្ងៃ៣០កញ្ញាឆ្នាំ២០២២និងពេលនេះក្រុមការងារបាននិងកំពុងអ៊ុតគំនូសចរាចរ។ ចំណែកកំណាត់ផ្លូវស៊ីសុវត្ថិវិញ បានអនុវត្តការងារចាប់ពីគល់ស្ពានជ្រោយចង្វាដល់វង្វង់មូលសម្តេចសង្ឃជួនណាត ដោយធ្វើការជួសជុលនិងអ៊ុតកៅស៊ូ (AC) ហើយការងារនេះបញ្ចប់នៅថ្ងៃទី១៣តុលានេះហើយ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ផងដែរថា គម្រោងនៃការជួសជុលគ្រឹះនិងអ៊ុតកៅស៊ូ (AC) នៅលើកំណាត់ផ្លូវទាំង២ខ្សែនេះ គឺស្ថិតក្នុងគម្រោងជួសជុលផ្លូវទាំង៥៦ខ្សែរបស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីសម្រួលការធ្វើចរាចរជូនបងប្អូនប្រជាពលរដ្ឋ និងដើម្បីជាការលើកសោភណ្ឌភាពរាជធានីភ្នំពេញកាន់តែស្អាតនិងទាក់ទាញផងដែរ។
គួររំលឹកផងដែរថា៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង កាលពីព្រឹកថ្ងៃទី២៩សីហា២០២២កន្លងមកនេះបានដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរដែនដី ចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈនិងពិនិត្យមើលស្ថានភាពផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់សង្រែលើនិងអង្រែក្រោមខណ្ឌមានន័យ ហើយកាលណោះ លោកអភិបាលរាជធានីបានណែនាំអោយមន្ត្រីជំនាញនិងអាជ្ញាធរដែនដី រៀបចំសណ្តាប់ធ្នាប់សាធារណៈផ្លូជាតិលេខ២នេះអោយបានល្អ ដោយមិនអោយមានការលក់ដូររំលោភ យកចិញ្ចើមផ្លូវសាធារណៈ និងជួសជុលមើលថែផ្លូវ ក្រលុកសំបុកមាន់ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរទៅមកបានស្រួល លុះមកដល់ថ្ងៃទី០១ កញ្ញាឆ្នាំ២០២២ការដ្ឋានជួលជុលគ្រឹះនិងនិងអ៊ុតកៅស៊ូ (AC) លើកំណាត់ផ្លូវ១ខ្សែនេះបានចាប់ផ្តើមតែម្តង៕

អត្ថបទដែលជាប់ទាក់ទង