ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អនុប្រធានក្រុមការងារ ចុះជួយមូលដ្ឋានស្រុកបាភ្នំ ទទួលយកសំណូមពរ ពលរដ្ឋនៅ ឃុំបឹងព្រះ ស្ដារប្រឡាយទឹកប្រវែង២៥០ម៉ែត្រ

71

 

ព្រៃវែង ៖ លោក អ៉ីវ លាង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូល ដ្ឋានស្រុកបាភ្នំ ខេត្តព្រៃវែង នៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២នេះ បានទទួលយកសំណូមពរ ប្រជាពលរដ្ឋនៅភូមិកណ្តាល ឃុំបឹងព្រះ ដើម្បីកាយប្រឡាយទឹកប្រវែង ២៥០ម៉ែត្រ ព្រមទាំងបន្តស្វែងពីស្ថានភាពរស់នៅប្រចាំថ្ងៃ បញ្ហាប្រឈម និងសំនូមពរនានា របស់ប្រជាពលរដ្ឋ។

ថ្លែងក្នុងជំនួបជាមួយតំណាងប្រជាពលរដ្ឋភូមិកណ្តាល លោក អ៉ីវ លាង បានបន្តថា ជំនន់ទឹកភ្លៀងក្នុងឆ្នាំនេះ មានស្ថានភាពធ្ងន់ធ្ងរនៅតាមបណ្តាខេត្តមួយចំនួន តែសម្រាប់ខេត្តព្រៃវែង ជាពិសេសឃុំបឹងព្រះ មិនសូវជួបបញ្ហាអ្វីគួរឱ្យកត់សម្គាល់នោះទេ។ ពេលនេះរដូវវស្សាជិតបានផុតហើយ រដូវលំហើយចាប់ផ្តើមជិតដល់ និងសូមឱ្យប្រជាពលរដ្ឋថែរក្សាសុខភាពឱ្យបានល្អ និងត្រៀមបង្កបង្កើនផលស្រែប្រាំងវិញម្តង។

លោក អ៉ីវ លាង បានគូសបញ្ជាក់ថា បញ្ហាការលើកឡើងជាសំណូមពររបស់បងប្អូនពាក់ព័ន្ធនឹងផ្លូវថ្នល់ ប្រឡាយទឹក គឺស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍របស់ឃុំ ដោយឡែកចំពោះសំណើសុំកាយប្រឡាយទឹកប្រវែងប្រមាណ ២៥០ម៉ែត្រ លោកទទួលយកដោះស្រាយតាមសំណូមពរ ដោយសារមិនស្ថិតក្នុងគម្រោងរបស់ឃុំ។ តែទន្ទឹមនឹងនេះ ការអភិវឌ្ឍចាំបាច់ណាស់ ត្រូវមានការចូលរួមពីបងប្អូនទាំងអស់ និងសូមចូលរួមយោគយល់ ចូលរួមសម្បទានគ្នាទៅវិញទៅមក ដើម្បីប្រយោជន៍រួមក្នុងមូលដ្ឋាន។

ជាមួយគ្នានេះដែរ លោកបានសំណូមពរឱ្យប្រជាពលរដ្ឋមានការយោគយល់ចំពោះភាពខ្វះខាតរបស់អាជ្ញាធរ និងចូលរួមផ្តល់ជាមតិស្ថាបនាដើម្បីកែលំអចំណុចទាំងនោះ ព្រោះការគ្រប់គ្រងមិនអាចល្អគ្រប់ដប់នោះទេ។
លោកក៏បានជំរុញអាជ្ញាធរបង្កើនប្រសិទ្ធភាពការងារ ផ្តល់សេវាសាធារណឱ្យបានលឿន ដែលជាតម្រូវការមូលដ្ឋានរបស់ប្រជាពលរដ្ឋ ព្រោះអាជ្ញាធរជាអ្នកបម្រើរាស្ត្រ ប្រជាពលរដ្ឋបានបោះជូនជាតំណាងជូនពួកគាត់ហើយ៕. សំរិត

អត្ថបទដែលជាប់ទាក់ទង