ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់ទៅក្រុមប្រឆាំងថា ការដោះដូររដ្ឋមន្ត្រីជាសិទ្ធិរបស់នាយករដ្ឋមន្ត្រី

52

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់ទៅក្រុមប្រឆាំងថា ការដោះដូររដ្ឋមន្ត្រីជាសិទ្ធិរបស់នាយករដ្ឋមន្ត្រី គឺមិនចាំបាច់សុំយោបល់ពីក្រុមប្រឆាំងនោះទេ។

ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ក្រោយមានក្រុមប្រឆាំងរិះគន់​ ពីការផ្លាស់ប្តូររដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កន្លងទៅថ្មីៗនេះ។

ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំមិនតបតជាមួយអ្នកខ្លះទេ សូម្បីតែឯងដូររដ្ឋមន្ត្រីក្រសួងកសិកម្ម វាថាឯងអត់មានតម្លាភាពទេ។ ចុះវាមិនទៅទិតៀន នាយករដ្ឋមន្ត្រីអង់គ្លេស ដែលទើបតែដេញចេញនាយករដ្ឋមន្ត្រីហិរញ្ញវត្ថុ ថ្មីៗហ្នឹង ម៉េចក៏មិនទៅថាផង អាឡប់។ អញ្ចឹង​ ចាំបាច់ខ្ញុំជានាយករដ្ឋមន្ត្រី ទៅរាយការណ៍សុំយោបល់ពីលោកឯង ជាប្រធានគណបក្សនយោបាយ១ ឬអី? លោកឯងម៉េចក៏ចាំបាច់ថា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មួយគំនរមិនតែងតាំង ម៉េចទៅតែងតាំងនរណាផ្សេង? អាហ្នឹង លោកឯងចាំឈ្នះឆ្នោតសិនទៅ»

បើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន, តាមច្បាប់កម្ពុជា គឺនាយករដ្ឋមន្ត្រីត្រូវបានផ្តល់សិទ្ធិបែបនេះ។

សម្តេចតេជោ បានថ្លែងបន្តថា នៅលើលោកិយមានក្រុមក្បត់ជាតិ៣ជំនាន់ទេ របស់ទណ្ឌិត សម រង្ស៉ី នោះទេ ដែលចាញ់ឆ្នោតចង់ធ្វើប្រធានសភា។

សូមជម្រាបថា ព្រះករុណា​ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមុខតំណែង លោក ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំនួសលោក វេង សាខុន ដែលត្រូវបានត្រាស់បង្គាប់តែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងលោក ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក វេង សាខុន ដែលត្រូវបានត្រាស់បង្គាប់តែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី តាមសំណើសម្តេចតេជោ ហ៊ុន សែន​៕

អត្ថបទដែលជាប់ទាក់ទង