ពហុកីឡដ្ឋានជាតិអូឡាំក នឹងជួសជុល ត្រៀមស៊ីហ្គេម
ភ្នំពេញ៖លោកវ៉ាត់ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣(CAMSOC)បានបញ្ជាក់ពីការជួសជុលពហុកីឡដ្ឋានជាតិ(ស្ដាតអូឡាំពិក)ដែលកំពុងធ្វើបច្ចុប្បន្នភាពឲ្យស្របតាមស្ដង់ដារFIFAសម្រាប់ត្រៀមបម្រើឲ្យការប្រកួតកីឡាបាល់ទាត់ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខ។
សម្រាប់បាល់ទាត់ មិនមែនធ្វើការប្រកួតតែមួយកន្លែងនោះទេ គឺមានវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ, ពហុកីឡដ្ឋានជាតិ, កីឡដ្ឋានព្រីនស៍ របស់ក្លិបវិសាខា និងកីឡដ្ឋានកងយោធពលខេមរភូមិន្ទ ដែលនឹងបម្រើឲ្យការប្រកួតបាល់ទាត់ បុរស-នារី មានន័យថា ការប្រើប្រាស់ទីលានសម្រាប់ការប្រកួតផ្លូវការ ចន្លោះពី ៤ ទៅ ៥កីឡដ្ឋាន ដោយមិនគិតពីទីលានសម្រាប់ធ្វើការហ្វឹកហាត់ របស់បណ្ដាប្រទេសចូលរួមឡើយ។
បច្ចុប្បន្នយើងចាប់ផ្ដើមជួសជុលហើយ។យើងជួសជុលប្ដូរពីស្មៅសិប្បនិម្មិតមកជាស្មៅធម្មជាតិ។ ការរៀបចំនេះ យើងគោរពទៅតាមស្ដង់ដាររបស់ FIFA។ អ៊ីចឹង ស្ដង់ដារបានន័យថា ស្មៅក៏ស្ដង់ដារដែរទាល់តែស្មៅណាដែលFIFAទទួលស្គាល់ព្រោះFIFAមិនមែនទទួលស្មៅតែ
មួយប្រភេទទេ គឺមានច្រើនប្រភេទ»។
ពហុកីឡដ្ឋានជាតិនេះ យើងក៏នឹងរៀបចំដាក់កៅអីផងដែរ គឺក្នុងខែវិច្ឆិកាខាងមុខនេះ យើងនឹងចាប់ផ្ដើមដាក់កៅអីថ្មី ជុំវិញទាំងអស់ប្រមាណជាង ៣៥,០០០កៅអី ត្រូវបំពាក់ ដើម្បីបំពេញលក្ខខណ្ឌរបស់ FIFA។ រីឯភ្លើង ក៏ត្រូវបន្ថែមឲ្យគ្រប់តាមលក្ខខណ្ឌ FIFA ដែរ សម្រាប់បម្រើឲ្យការប្រកួតពេលយប់។ ចាប់ពីខែវិច្ឆិកាទៅ ទាំងកៅអី និងភ្លើង យើងនឹងរៀបចំ ហើយគ្រោងនឹងបញ្ចប់នៅខែមករា ឆ្នាំ២០២៣។ ហេតុនេះអ្វីៗនឹងបញ្ចប់ទាន់ពេលវេលា។
ក្រៅពីការជួសជុលពហុកីឡដ្ឋានជាតិខាងលើ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ទីលានបាល់ទាត់ខាងក្រៅ ក៏ត្រូវផ្លាស់ប្ដូរស្មៅឲ្យបានល្អប្រសើរ។ រីឯទីលានបាល់ទាត់នៅ ក្នុងវិមានកីឡដ្ឋាននៃពហុកីឡដ្ឋានដ៏ស្កឹមស្កៃនេះក៏កំពុងពិនិត្យបច្ចេកទេសលើការរៀបចំស្មៅឡើងវិញផងដែរ បន្ទាប់ពីមានការស្នើសុំពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា កាលពីថ្មីៗ ដើម្បីឲ្យស្របតាមស្ដង់ដារ FIFA សម្រាប់ការប្រកួតស៊ីហ្គេម នា២០០ថ្ងៃខាងមុខ។
លោកវ៉ាត់ ចំរើនមានប្រសាសន៍ថានេះគឺជាគោលការណ៍ណែនាំរបស់សម្ដេចពិជ័យ
សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC និងឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ CAMSOC ត្រូវគោរពឲ្យបានដាច់ខាតនូវស្ដង់ដារតែមួយ របស់អន្ដរជាតិ ដើម្បីសេចក្ដីថ្លៃថ្នូរ និងឲ្យស័ក្ដិសមកិត្តិយសជាតិក្នុងនាមម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រលើកដំបូងដែលកម្ពុជាទន្ទឹងរង់ចាំអស់រយៈពេល ៦៤ឆ្នាំនេះ៕