ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោក៏សុំឲ្យ អាជ្ញាធរកងកម្លាំងប្រដាប់អាវុធ ត្រូវមានកិច្ចសហប្រតិបត្តិការល្អ ជាមួយប្រទេសជិតខាង ដែលស្ថិតជាប់នឹងខេត្តរបស់ខ្លួន ដូចជា ប្រទេសថៃ ដើម្បីពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្ដិការ

102

 

បាត់ដំបង ៖ នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តបាត់ដំបង ចំនួន ២,២២១នាក់។

តាមរបាយការណ៍របស់ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានអោយដឹងថា នៅក្នុងខេត្តបាត់ដំបង មានមន្ត្រីរាជការស៊ីវិលចំនួន ១២,៩២៩នាក់ (ស្រី ៦,៣៦៤នាក់)។ ក្រុមប្រឹក្សាខេត្ត ក្រុង/ស្រុក និងឃុំ/សង្កាត់ សរុប ១,១១០នាក់។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវអារម្មណ៍រីករាយ ដែលបានវិលមកជួបជាមួយក្រុមប្រឹក្សាខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅក្នុងខេត្តបាត់ដំបងសារជាថ្មី។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអបអរសាទរចំពោះក្រុមប្រឹក្សាឃុំ/សង្កាត់​ក្នុងខេត្តបាត់ដំបងទាំងអស់ ដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋតាមរយៈការបោះឆ្នោតកាលពីពេលថ្មីៗនេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានប្រឹងប្រែងរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ ពេលជួបគ្រោះទឹកជំនន់នាពេលថ្មីៗនេះ។ ជាពិសេសការប្រឹងប្រែងរួមគ្នារក្សាឱ្យ បាននូវសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គម ទប់ស្កាត់នូវទង្វើបង្កចលាចលនានាក្នុងសង្គម។

សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់មន្ត្រីរាជការ ជាពិសេសក្រុមប្រឹក្សាឃុំ/សង្កាត់ទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់ បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជន ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាចាំបាច់នានា ជូនប្រជាពលរដ្ឋឱ្យបានលឿនរហ័ស ចៀសវាងដាច់ខាតការបង្កបង្កើតនូវបញ្ហានានា ដែលនាំឱ្យថ្នាំងថ្នាក់ដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋ។

សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងដោយក្តីមោទនភាពចំពោះភាពជោគជ័យនៃការទប់ស្កាត់ជំងឺកូវិដ-១៩ របស់ប្រទេសកម្ពុជាតាមរយ:ការដាក់ចេញនូវយុទ្ធសាស្ត្រចាក់វ៉ាក់សាំងប្រកបដោយប្រសិទ្ធភាព ដែលធ្វើអោយយើងមានឱកាសបើកដំណើរការប្រទេសជាតិឡើងវិញតាមគន្លងប្រក្រតីភាពថ្មី។កម្ពុជាបានក្លាយទៅជាប្រទេសឈានមុខគេក្នុងការទប់ស្អាត់ជំងឺឆ្លងកូវីដ-១៩។ ទាំងអស់នេះដោយសារតែការខិតខំរបស់ប្រជាពលរដ្ឋកម្ពុជាយើងទាំងអស់គ្នា ក្នុងការទប់ស្កាត់ការចំលងនៃជំងឺកូវីដ-១៩នេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានរំលឹកដល់មន្រ្តីទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោយអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរកម្ម ប្ល.ន់ ការជួញដូរគ្រឿងញៀនជាដើម ដើម្បីផ្តល់ភាពកក់ក្តៅ និងធានាដល់សុវត្ថិភាពនៃការរស់នៅ និងការប្រកបរបរការងារផ្សេងៗរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនេះត្រូវយកចិត្តទុកដាក់ការផ្តល់នូវសេវាសាធារណៈ រួមមានសេវាតម្រូវការចាំបាច់ទាំងឡាយ និងសេវាសំណូមពរនានាជូនប្រជាពលរដ្ឋ អោយបានលឿន និងមានប្រសិទ្ធិភាព ហើយត្រូវខិតខំបំបាត់ឲ្យអស់នូវភាពអសកម្មនានា។

សម្តេចតេជោក៏សុំឲ្យអាជ្ញាធរត្រូវយកចិត្តទុក ដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឲ្យបានរហ័ស និងមានប្រសិទ្ធិភាព ជាពិសេសការដោះស្រាយក្រៅប្រព័ន្ធតុលាការឲ្យបានច្រើន ដោយមិនត្រូវលំអៀងខាងភាគីណានោះទេត្រូវឈរនៅកណ្ដាល ដើម្បីបម្រើផលប្រយោជន៍ទាំងសងខាង។

សម្ដេចតេជោក៏សុំឲ្យអាជ្ញាធរកងកម្លាំងប្រដាប់អាវុធត្រូវមានកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាងដែលស្ថិតជាប់នឹងខេត្តរបស់ខ្លួនដូចជាប្រទេសថៃ ដើម្បីពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្ដិការ ជាពិសេសពង្រឹងលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសជិតខាងឲ្យបានល្អប្រសើរ។
សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ ដែលបានរួមសហការគ្នា អភិវឌ្ឍខេត្តបាត់ដំបងឲ្យកាន់តែរីកលូតលាស់ជាបន្តបន្ទាប់៕

អត្ថបទដែលជាប់ទាក់ទង