ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចែកស្រូវពូជ និងស្បៀងអាហារ ដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្តបាត់ដំបង

154

ខេត្តបាត់ដំបង៖ នៅព្រឹក ថ្ងៃចន្ទ ១៤រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញសំណេះសំណាល និងផ្តល់ស្រូវពូជ ព្រមទាំងស្បៀងអាហារ ដល់ប្រជាកសិករដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តបាត់ដំបងចំនួន ១១.៥២៨ គ្រួសារ។ ពិធីសំណេះសំណាលជាមួយប្រជាកសិករ និងចែកស្រពូជនេះ ធ្វើឡើងនៅព្រលានយន្តហោះខេត្តបាត់ដំបង។

តាមរបាយការណ៍របស់ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានឲ្យដឹងថា កន្លងទៅថ្មីៗនេះ នៅភូមិសាស្ត្រខេត្តបាត់ដំបង បានជួបប្រទះគ្រោះទឹកជំនន់ដោយទឹកភ្លៀង បានប៉ះពាល់ដល់១៤ ក្រុង ស្រុក (លើ ៩១ឃុំសង្កាត់ និង៥០២ភូមិ) បណ្ដាលឱ្យរងផលប៉ះពាល់ដល់ប្រជាជន សរុបចំនួន ២៩.៣៨៤គ្រួសារ ក្នុងនោះបានជម្លៀសប្រជាជនមកទីទួលសុវត្ថិភាពចំនួន ១,០៥១ គ្រួសារ គ្រួសារ និងធ្វើឲ្យប៉ះពាល់ដល់ផ្ទះ សម្បែង សរុប ២៩.៣៨៤ខ្នង ខូចខាត ៣២ខ្នង ប៉ះពាល់សាលារៀន ៧៦ កន្លែង មណ្ឌលសុខភាព ០៦ កន្លែង វត្ត ១៩កន្លែង និងអគាររដ្ឋបាលសាធារណៈ ០៤កន្លែង។

លើសពីនេះ បណ្តាលឲ្យប៉ះពាល់ដំណាំស្រូវរបស់ប្រជា ពលរដ្ឋ មានចំនួន ៤៥៨១២ ហិកតា និងខូចខាតចំនួន ២៧.២៣៣ ហិកតា។ ដោយឡែក តាមការពិនិត្យ និង ស្រាវជ្រាវរបស់មន្ត្រីជំនាញជាក់ស្តែង ផ្ទៃដី ដែលអាចធ្វើការស្តារឡើងវិញបានមានចំនួន ១១.៥២៨ ហិកតា ស្មើ ១១.៥២៨គ្រួសារ និងប៉ះពាល់ដំណាំរួមផ្សំផ្សេងៗ មានចំនួន ៣៣.៧៩៧ ហិកតា និងខូចខាត១៦.២១៩ ហិកតា។

សម្ដេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានជួបបងប្អូនប្រជាកសិករនាថ្ងៃនេះ និងបានចូលរួមសោកស្ដាយ និងរំលែកការលំបាកជាមួយប្រជាពលរដ្ឋទាំងអស់ដែលរងគ្រោះដោយទឹកជំនន់។ សម្តេចតេជោ ហ៊ុន សែន បាននាំយកនូវព្រះរាជបណ្តាំព្រះមហាក្សត្រ និងសម្តេចម៉េ សាកសួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង ដែលព្រះអង្គតែងតែយកព្រះទ័យទុកដាក់ចំពោះបងប្អូនប្រជាកសិករគ្រប់ៗរូប។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា វិសាលភាពប៉ះពាល់ទឹកជំនន់នៅឆ្នាំនេះធំជាងឆ្នាំ២០២០ ដូច្នេះ រំពឹងថា អាជ្ញាធរ និងប្រជាពលរដ្ឋយើង នឹងរួមគ្នាជម្នះការលំបាកដែលបង្កដោយទឹកជំនន់នាពេលនេះ។ សម្តេចតេជោក៏បានថ្លែងអំណរគុណប្រជាពលរដ្ឋខេត្តបាត់ដំបង ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងព្រឹត្តិការណ៍បោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលកន្លងទៅនេះ។

ជាងថ្មីម្តងទៀត សម្តេចតេជោ ក៏ បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធ បន្តចែកពូជដំណាំផ្សេងៗជូនប្រជាកសិករ ដែលមិនអាចធ្វើស្រែឡើងវិញបាន និងណែនាំឱ្យរដ្ឋមន្ត្រីកសិកម្មពិចារណាផលិតពូជស្រូវទុកជូនប្រជាកសិករ ដើម្បីបានបង្កបង្កើតផលឡើងវិញ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការធ្វើកសិកម្មមិនត្រូវធ្វើកសិកម្មបែបធម្មតានោះទេ ត្រូវរិះរកវិធីធ្វើយ៉ាងណាឱ្យប្រជាកសិករមានផលចំណេញច្រើន តាមរយៈវិធីសាស្ត្រធ្វើកសិកម្មបែបទំនើប លឿនរហ័សទាន់ចិត្ត និងទទួលបានផលច្រើន។

ទាក់ទងទៅនឹងស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នៅថ្ងៃម្សិលមិញនេះ មិនមានករណីឆ្លងជំងឺកូវីដ-១៩ថ្មី នោះទេ នេះជាថ្ងៃទី៤ហើយ ដែលកម្ពុជាមិនមានអ្នកឆ្លងជំងឺកូវីដ-១៩សូម្បីតែម្នាក់។ តែទោះជាមិនមានឆ្លងថ្មីក៏ដោយ យើងនៅតែបន្តអំពាវនាវប្រជាពលរដ្ឋចូលរួមអនុវត្តន៍វិធានការនានា ដើម្បីការពារជំងឺកូវីដ១៩ ពីព្រោះកូវីដមិនទាន់ទៅណាឆ្ងាយពីយើងនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេស: ហើយសម្តេចក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលនឹងប្រព្រឹត្តិទៅនៅ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខជាបន្តទៀត។ គណបក្សប្រជាជនកម្ពុជាតែងតែនៅជាប់ជាមួយប្រជាពលរដ្ឋ ជាពិសេសពេលពលរដ្ឋមានទុក្ខលំបាកគណបក្សប្រជាជនកម្ពុជា តែរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋពេលវេលា៕

អត្ថបទដែលជាប់ទាក់ទង