ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពូជស្រូវ អង្ករនិងមីរបស់សម្ដេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានប្រគល់ជូនប្រជាពលរដ្ឋចំនួន ៤២គ្រួសារ នៅសង្កាត់បឹងធំ

70

 

ភ្នំពេញ ៖ ពូជស្រូវជាង៤តោន អង្ករនិងមីមួយចំនួនរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាត្រូវបានប្រគល់ជូនប្រជាពលរដ្ឋចំនួន ៤២គ្រួសារ តាមរយៈឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីឲ្យពួកគាត់បានបង្កបង្កើនផលឡើងវិញ ក្រោយពីស្រូវ ស្រែរបស់ពួកគាត់ត្រូវបានបំផ្លិញបំផ្លាញ ដោយទឹកជំនន់នារដូវវស្សាកន្លងមកនេះ។

ពិធីចែកពូជស្រូវនិងផ្តល់អំណោយជូនប្រជាពលរដ្ឋទាំង ៤២គ្រួសារនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងបរិវេណសាលាសង្កាត់បឹងធំ ខណ្ឌកំបូល។

លោកឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូលបានឲ្យដឹងថា៖ នៅខណ្ឌកំបូល មានផ្ទៃដីសម្រាប់ធ្វើកសិកម្មមានចំនួន២០៥២ហិកតា ហើយក្នុងចំនួននេះផ្ទៃដីសម្រាប់ធ្វើស្រែមានចំនួន៥៤០ហិកតា ។ ក្នុងចំណោមផ្ទៃដីធ្វើស្រែចំនួន៥៤០ហិកតានេះ ត្រូវបានបំផ្លាញដោយជំនន់ទឹកភ្លៀងចំនួន៣៤ហិកតា ស្មើនឹង៤២គ្រួសារ ស្មើនឹង២ភូមិ នោះគឺភូមិខ្ចៅនិងភូមិដូនកុក សង្កាត់បឹងធំ ខណ្ឌកំបូល។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា យើងពិតជាមានភ័ព្វសំណាងណាស់ ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជាអ្នកដឹកនាំប្រទេស ដោយសម្តេច ជាថ្នាក់ដឹកនាំដែលតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋជានិច្ច ពោលគឺទីណាមានការលំបាកទីនោះ គឺមានមុខសម្តេចតេជោចុះជួយជានិច្ច។ ជាក់ស្តែងសម្រាប់ពេលនេះ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចែកពូជស្រូវអង្ករ និងមីមួយចំនួន ជូនប្រជាពលរដ្ឋនៅសង្កាត់បឹងធំនេះ តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ក្រោយពីបានបំផ្លិចបំផ្លាញ ដោយជំនន់ទឹកភ្លៀងកន្លងមកនេះ។

អំណោយដែលសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះទាំង៤២គ្រួសារនេះ ដោយក្នុងមួយគ្រួសារទទួលបានស្រូវពូជចំនួន១០០គីឡូក្រាម,អង្ករ១បាវនិងមី១កេស។ ឯកឧត្តមឃួង ស្រេង សង្ឃឹមថា ស្រូវពូជដែលបានប្រគល់ជូននេះ បងប្អូននឹងយកទៅបង្កបង្កើនផលបានទិន្នផលខ្ពស់ ដើម្បីឲ្យជីវភាពគ្រួសារកាន់តែប្រសើរឡើង៕

អត្ថបទដែលជាប់ទាក់ទង