ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ហ៊ុន ម៉ានី បានចេញមកថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី ដែលបន្តប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើព្រះចេស្តា ព្រះករុណា

81

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី តំណាងរាស្ដ្រគណបក្សប្រជាជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានចេញមកថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី ដែលបន្តប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើព្រះចេស្តា ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតរបស់រាស្រ្តខ្មែរទូទាំងនគរ។

លោក ហ៊ុន ម៉ានី តាមរយៈ Facebook នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ បានលើកឡើងថា ទង្វើស្មោកគ្រោកជាន់ឈ្លីរាជបល្ល័ង្គរបស់កម្ពុជាជាបន្ដបន្ទាប់ បង្ហាញពីសីលធម៌បែបអនាថា ភាពអន់ និងអវិជ្ជារបស់ទណ្ឌិត សម រង្ស៉ី ដែលមិនអាចអត់ឱនឲ្យបានជាដាច់ខាត។

លោក ហ៊ុន ម៉ានី បានសរសេរយ៉ាងដូច្នេះថា «ទង្វើស្មោកគ្រោកជាន់ឈ្លីរាជបល្ល័ង្គរបស់កម្ពុជា ជាបន្តបន្ទាប់ បង្ហាញពីសីលធម៌បែបអនាថា ភាពអន់ និងអវិជ្ជារបស់ទណ្ឌិតសម រង្ស៉ី។

ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ ខ្ញុំពិតជាមិនអាចទទួលយកបាននូវពាក្យសម្តីអគតិ ប្រមាថដ៏ធ្ងន់ធ្ងរបំផុតរបស់ទណ្ឌិត សម រង្ស៉ី ដែលលើកឡើងក្នុងវីដេអូខ្លីដែលត្រូវបានផ្សព្វផ្សាយនាពេលថ្មីៗនះ ចំពោះព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសម្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រ ដែលព្រះអង្គជានិមិត្តរូប នៃឯកភាពជាតិ ថាគ្មានមនសិការជាតិ និងក្បត់ជាតិ។

ការប្រើប្រាស់ពាក្យសម្តី និងទង្វើស្មោកគ្រោកជាន់ឈ្លីរាជបល្ល័ង្គរបស់កម្ពុជាជាបន្តបន្ទាប់ បានសបញ្ជាក់ពីចរិតដ៏គឃ្លើន និងអាកប្បកិរិយាក្បត់ជាតិ របស់ទណ្ឌិតម្នាក់នេះ ដែលមិនអាចអត់ឱនឲ្យបានជាដាច់ខាត។ ទង្វើនេះ មិនត្រឹមតែជាការបង្ហាញពីសីលធម៌បែបអនាថា នៃការដឹកនាំរបស់គាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបើកដៃឲ្យបរទេស ផ្តើមមាក់ងាយមកលើកិត្តិយសជាតិរបស់យើង។

សូមលោកបញ្ឈប់នូវវិធីសាស្រ្តបែបកខ្វក់ និងគ្មានការទទួលខុសត្រូវ ជាពិសេសការជាន់ឈ្លីរាជបល្ល័ង្គរបស់កម្ពុជា ក៏ដូចជាការអុចអាល ញុះញង់សព្វបែបយ៉ាងដែលរំខានដល់ប្រជាពលរដ្ឋដែលកំពុងរួមរស់យ៉ាងសុខសាន្ត ក្នុងសន្តិភាព និងការអភិវឌ្ឍក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាជាបន្ទាន់ ព្រោះថាការធ្វើនយោបាយរបៀបលោកនេះហើយដែលធ្វើឲ្យប្រទេសកម្ពុជាយើង បាត់បង់មុខមាត់ និងផលប្រយោជន៍ ដែលលោកផ្ទាល់មិនដែលចេះទទួលខុសត្រូវឡើយ»៕

អត្ថបទដែលជាប់ទាក់ទង