ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកឃួង ស្រេង បានជម្រុញអោយ អាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ លើការងាររៀបចំសណ្តាប់ធ្នាប់ សាធារណៈតាមដងផ្លូវ និងការប្រើប្រាស់ ចិញ្ចើមផ្លូវសាធារណៈ

88

ភ្នំពេញ៖ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានជម្រុញអោយអាជ្ញាធរខណ្ឌទាំង១៤និងកម្លាំងមានសមត្ថកិច្ចក្នុងជួរគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញត្រូវយកចិត្តទុកដាក់ខ្ពស់និងម៉ឺងម៉ាត់ លើការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់ ក្នុងភូមិសាស្រ្ត
រាជធានីភ្នំពេញ ដើម្បីសម្រួលដល់ការធ្វើចរាចររបស់ប្រជាពលរដ្ឋ ហើយក៏ដើម្បីជាការលើកកំពស់សោភណ្ឌភាពរាជធានីភ្នំពេញអោយកាន់តែមានភាពស្រស់ស្អាតនិងទាក់ទាញផងដែរ។
ការជម្រុញបែបនេះបានធ្វើឡើងនារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ ក្នុងកិច្ចប្រជុំស្តីពីការត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវនេះ ត្រូវបានធ្វើឡើងជាប្រចាំ ដើម្បីសម្រួលដល់ការធ្វើចរាចរជូនប្រជាពលរដ្ឋ និងដើម្បីលើកកំពស់សោភណ្ឌភាពរាជធានីភ្នំពេញ ស្របពេលដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ ។
លោកឃួង ស្រេង បានបន្តទៀតថា៖ កំណាត់ផ្លូវជាតិ មួយចំនួននៅជាយក្រុង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានរថយន្តកុងតឺន័រចតលើទ្រូវផ្លូវរាប់រយគ្រឿងបណ្តាលអោយមានការកកស្ទះចរាចរនិងខូចផ្លូវថែមទៀត។ ការចតបែបអាណាធិបតេយ្យនេះ មិនអាចទទួលយកបានទេ ក្នុងនាមអាជ្ញាធររាជធានីជាអាណាព្យាបាលប្រជាពលរដ្ឋ ត្រូវតែដោះស្រាយ ដើម្បីសម្រួលចរាចរជូនប្រពលរដ្ឋ ។ បញ្ជានេះអាជ្ញាធរខណ្ឌនិងស្នងការរងទទួលបន្ទុកត្រូវមានវិធានការដោះស្រាយ មិនអាចនៅបែបនេះទៀតទេ។
លោកឃួង ស្រេង បានបន្តថា បញ្ហាសណ្តាប់សាធារណៈនេះត្រូវតែម៉ឺងម៉ាត់ ដើម្បីបំរើផលប្រយោជន៍ប្រជាជនភាគច្រើន មិនអាចអោយពួកគាត់រកស៊ីដោយការរំលោភយកទ្រូងផ្លូវនិងចិញ្ចើមផ្លូវនោះទេ។
បន្ថែមពីនេះទៀត លោកឃួង ស្រេង បានស្នើអោយអាជ្ញាធរខណ្ឌទាំង១៤ ក៏ដូចជាប៉ូលីសចរាចរនិងមន្ទីរពាក់ព័ន្ធ ត្រូវរួមគ្នាមើលផ្លូវ មើលភាពកកស្ទះ ហើយស្នើមករដ្ឋបាលរាជធានីភ្នំពេញដើម្បីដោះស្រាយ ទាំងការកែសម្រួលផ្លូវ ក៏ដូចជាការស្នើសុំធ្វើស្ពានអាកាស ដើម្បីសម្រួលចរាចរជាដើម៕

អត្ថបទដែលជាប់ទាក់ទង