ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់សភា ចូលរួមកិច្ចប្រជុំប្រចំាឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) លើកទី៣០ក្នុងប្រទេសថៃ

157

 

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០២២នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) លើកទី៣០ នៅព្រះរាជា ណាចក្រថៃឡង់ដ៍។

តាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាបានឲ្យដឹងថា កិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) លើកទី៣០ នៅប្រទេសថៃពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២២ សម្តេចប្រធានរដ្ឋសភា នឹងអញ្ជើញថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំ (APPF) នេះ។ ក្រៅពីនេះ កំលុងពេលស្នាក់នៅទីក្រុងបាងកក សម្តេចប្រធានរដ្ឋសភា នឹងជួបពិភាក្សាការងារទ្វេភាគី ជាមួយ ឯកឧត្តម ឈួន លីកផៃ ប្រធានរដ្ឋសភាថៃ និងទទួលជួបសវនាការជាមួយថ្នាក់ ដឹកនាំសភាប្រទេសជាមិត្ត ននិងថ្នាក់ដឹកនាំអង្គការសភាមួយចំនួនទៀត ក្នុងការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការវិស័យការទូតសភាកម្ពុជា នៅលើឆាកអន្តរជាតិទំាងក្នុងក្របខ័ណ្ឌពហុភាគី និងទ្វេភាគី។

ចំណែកសមាជិកគណៈប្រតិភូដទៃទៀតនឹងចូលរួមកិច្ចប្រជុំជាច្រើនទៀតរបស់ APPF ស្របតាមកម្មវិធីដែលបានរៀបចំ។
វេទិកាសភាអាស៊ី-ប៉ា ស៊ីហ្វិក ដែលមានសមាជិកចំនួន២៨ប្រទេស នៅឆ្នាំនេះប្រារព្ធកិច្ចប្រជុំរបស់ខ្លួនក្រោមមូលបទ “សភា និងការស្តារឡើងវិញប្រកប ដោយចីរភាពក្រោយជំងឺកូវីដ-១៩ ដើម្បលើកកំពស់លទ្ធិប្រជាធិបតេយ្យ សន្តិភាព និងសន្តិសុខ”។

វេទិកាសភាអាស៊ី-ប៉ា ស៊ីហ្វិក ដែលមានឈ្មោះជាភាសាអង់គ្លេសថា “The Asia Pacific Parlia mentary Forum” បានផ្តួចផ្តើមបង្កើតឡើងដោយ អតីតនាយករដ្ឋមន្រ្តីជប៉ុន ឯកឧត្តម Yasuhiro Nakasone ក្នុងឆ្នាំ១៩៩៣ មានគោលបំណងប្រមូលផ្តុំសភាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជួបប្រជុំប្រចំាឆ្នាំ ដើម្បីដោះស្រាយបញ្ហារួម ជំរុញសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់និងសកល លោក៕

អត្ថបទដែលជាប់ទាក់ទង