សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធ និងសមាជិកគណបក្សប្រជាជនកម្ពុជា ក៏ដូចជាគណបក្សដទៃទៀត រួមគ្នាការពាររបបរាជានិយម និងរាជបល្ល័ង្កពី
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ បានអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធ និងសមាជិកគណបក្សប្រជាជនកម្ពុជា ក៏ដូចជាគណបក្សដទៃទៀត រួមគ្នាការពាររបបរាជានិយម និងរាជបល្ល័ង្កពីជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៉ី។
ក្នុងឱកាសអញ្ជើញចែកស្រូវពូជ ជូនកសិករខេត្តកំពង់ឆ្នាំង ជាង៣ពាន់គ្រួសារ សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យសមាជិកបក្សភ្លើងទៀន ចាកចេញពីបក្សទៅកាន់បក្សដទៃ ព្រោះបក្សនេះអាចប្រឈមនឹងការរំលាយ ប្រសិនបើរកឃើញថា ធ្វើសកម្មភាពស្របតាមទណ្ឌិត សម រង្ស៉ី។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «បាវចនារបស់យើង គឺជាតិ សាសនា ព្រះមហាក្សត្រ។ ព្រះមហាក្សត្រ ព្រះអង្គនឹងមិនតបតទេ ព្រះរាជវង្សានុវង្ស នឹងមិនតបតទេ ប៉ុន្តែរាជរដ្ឋាភិបាលចាំបាច់ ត្រូវតែធ្វើការតបត បណ្តាគណបក្សនយោបាយនានា រាប់ទាំងភ្លើងទៀតនផងដែរ ត្រូវតែតបត ដើម្បីការពារព្រះមហាក្សត្រ របស់យើង។ យើងមិនអាចនៅស្ងៀមបានទេ លើរឿងនេះ។ រឿងនេះ នឹងក្លាយជាសំណុំរឿង ដ៏សាំញ៉ាំ ហើយមានលទ្ធភាព ដែលបក្សខ្លះអាចរលាយ ក៏អាចថាបាន ប្រសិនបើគេធ្វើសកម្មភាពស្របតាមជនក្បត់។ ដំណើរការប្រជាធិបតេយ្យ មិនអាចឲ្យអ្នកឯងប្រមាថ ចំពោះព្រះមហាក្សត្របានទេ ហើយក៏មិនអាចឲ្យអ្នកឯង គំរាមប្តូរនូវរបប ផ្តួលរំលំរាជរដ្ឋាភិបាលហើយ ដេញស្តេចឲ្យចុះ»។
នៅក្នុងវីដេអូមួយដែលត្រូវបានបង្ហោះក្នុងបណ្តាញសង្គម Facebook កាលពីពេលថ្មីៗនេះ ទណ្ឌិត សម រង្ស៉ី បាននិយាយប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើព្រះចេស្តា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ថា «មិនមានមនសិកាជាតិ និង ក្បត់ជាតិ»។
សម្តេចតេជោ ហ៊ុន សែន បានសួរទៅកាន់មេដឹកនាំបក្សភ្លើងទៀនថា តើសម្តីប្រមាថរបស់ សម រង្ស៉ី លើព្រះចេស្តាព្រះមហាក្សត្រត្រឹមត្រូវដែរឬទេ។ សម្តេចតេជោ បានស្នើទៅសមាជិកបក្សភ្លើងទៀន ឱ្យរង់ចាំមើលថា តើមេបក្សខ្លួនមានសមត្ថភាពឆ្លើយតបនឹងសំណួរសម្តេចដែរឬទេ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានខ្សែអាត់សំឡេងនានានៃការពាក់ព័ន្ធគ្នារវាងបក្សភ្លើងទៀន ជាមួយក្រុមទណ្ឌិត រត់ចោលស្រុក។ សម្តេចតេជោ អះអាងថា ភស្តុតាងជាតម្រុយនៃការប្រព្រឹត្តខុសនឹងច្បាប់បក្សនយោបាយ កំពុងស្ថិតនៅក្នុងដៃសម្តេច។
តាមប្រសាសន៍សម្តេចតេជោ ច្រកតែមួយគត់របស់បក្សភ្លើងទៀនពីការមិនជាប់ពាក់ព័ន្ធក្រុមអ្នកទោស គឺត្រូវបង្ហាញឱ្យច្បាស់តើសម្តីប្រមាថព្រះចេស្តាព្រះមហាក្សត្រជារឿងត្រឹមត្រូវទេ។ សម្តេចតេជោ ក៏បានឱ្យសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ មកពីបក្សភ្លើងទៀន ត្រូវចេញមុខឆ្លើយតប ឬថ្កោលទោសចំពោះសម្តីប្រមាថ របស់ សម រង្ស៉ី លើព្រះចេស្តាព្រះមហាក្សត្រ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់មកពីបក្សភ្លើងទៀន កុំបារម្ភរឿងគេដេញចេញពីតំណែង ចំពោះការនិយាយថ្កោលទោស សម រង្ស៉ី។ សម្តេចតេជោ បញ្ជាក់ថា គ្មាននរណាអាចដកបានឡើយ បើគ្មានការឯកភាពពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
សូមជម្រាបថា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានចេញអធិបញ្ជាឲ្យលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់ និងតឹងរឹងបំផុតចំពោះ សម រង្ស៉ី ដែលប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើអង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមលិខិតដែលបណ្តាញព័ត៌មាន ទទួលបាននៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ចាត់ទុកថា សម្តីដែល សម រង្ស៉ី បាននិយាយនៅក្នុងវិដេអូដែលត្រូវបាន និងកំពុងផ្សព្វផ្សាយជាសាធារណៈ តាមរយៈបណ្តាញសង្គមនេះគឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះអង្គព្រះមហាក្សត្រ ដែលធ្វើបានធ្វើឲ្យប៉ះពាល់សេចក្តីថ្លៃថ្នូរ និងព្រះកិត្តិនាមរបស់ ព្រះមហាក្សត្រនៃ ព្រះរាជណាចក្រកម្ពុជា ដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជានុរាស្រ្តខ្មែរទូទាំងប្រទេស។
អធិបញ្ជារបស់ក្រសួងយុត្តិធម៌ បានបញ្ជាក់បន្ថែមថា ទង្វើនេះគឺជាការរំលោភបំពានមាត្រា៧ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់កំពូលរបស់ជាតិ ដែលចែងថា «អង្គព្រះមហាក្សត្រមិនអាចនរណារំលោភបំពានបានឡើយ» ហើយអំពើនេះក៏ត្រូវបានកំណត់ជាបទ ប្រមាថចំពោះអង្គព្រះមហាក្សត្រ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិនៃមាត្រា ៤៣៧ ស្ទួន នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។
មន្រ្តីជាន់ខ្ពស់ ព្រះសង្ឃ កងទ័ព និងប្រជាពលរដ្ឋទូទាំងប្រទេស នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះបានចេញប្រកាសថ្កោលទោស យ៉ាងដាច់អហង្ការ ចំពោះ ទណ្ឌិតជាប់ទោសក្បត់ជាតិ សម រង្ស៉ី ដែលហ៊ានប្រមាថយ៉ាងធ្ងន់ធ្ងរលើព្រះចេស្តា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជារដ្ឋបុរសស្នេហាជាតិ និងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃប្រជានុរាស្ត្រខ្មែរ។
អំពើប្រមាថរបស់ទណ្ឌិតជាប់ទោសក្បត់ជាតិ ចំពោះអង្គ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានេះ ទណ្ឌិតជាប់ទោស សម រង្ស៉ី ដាច់ខាតត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ដែលមិនអាចអត់ឱនឲ្យបានជាដាច់ខាត៕