ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មេដឹកនាំកីឡា ជួបជាមួយសហព័ន្ធជាតិ ចំនួន៣៨

108

ភ្នំពេញ៖លោកវ៉ាត់ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) មានប្រសាសន៍ថា នាយកបច្ចេកទេសនៃសហព័ន្ធកីឡាជាតិនីមួយៗគឺជាស្ពានដើម្បីផ្សារភ្ជាប់ការងាររវាងសហ
ព័ន្ធ ជាមួយ CAMSOC ដើម្បីជំរុញការងារឲ្យដំណើរការរលូន ឆ្ពោះទៅរកភាពជោគជ័យ ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ នាឆ្នាំ២០២៣ ខាងមុខ។
ការគូសបញ្ជាក់ដូច្នេះ ធ្វើឡើងក្នុងកិច្ចប្រជុំជាមួយសហព័ន្ធកីឡាជាតិទាំង ៣៨ ដែលត្រូវបានអនុម័តដាក់ក្នុងស៊ីហ្គេមលើកទី៣២ដើម្បីពិនិត្យវឌ្ឍនភាពការងារនិងដោះស្រាយបញ្ហាប្រឈមមួយចំនួន ពាក់ព័ន្ធទៅនឹងដំណើរការរៀបចំ ដែលសហព័ន្ធកីឡាជាតិនីមួយៗ មានតួនាទីត្រូវរៀបចំការប្រកួតដោយខ្លួនឯង។ហេតុនេះសហព័ន្ធត្រូវពិនិត្យមើលឲ្យបានគ្រប់ជ្រុងជ្រោយ នូវរាល់កិច្ចការណាខ្លះដែលនៅសេសសល់ មិនទាន់ធ្វើ ឬមិនទាន់សម្រេច ដើម្បីជំរុញការងារទាំងអស់នេះ ឲ្យមានប្រសិទ្ធភាព។
លោកបន្ដថា កិច្ចប្រជុំប្រចាំខែ ជាមួយសហព័ន្ធ គឺមានសារសំខាន់ណាស់ ដើម្បីបន្ស៉ីគ្នា រវាងមនោសញ្ចេតនាក៏ដូចជារបៀបរបបធ្វើការងារជាមួយគ្នា។ក្នុងរបៀបរបបការងារនេះយើងបានបញ្ជាក់ហើយ ធ្វើយ៉ាងណាឲ្យសហព័ន្ធជាតិ មានកិច្ចសហការល្អ ពិសេសសហព័ន្ធជាតិ ដែលត្រូវតែងតាំងមនុស្សធ្វើការជាមួយCAMSOCដែលហៅថានាយកបច្ចេកទេសនិងជំនួយការនាយកបច្ចេកទេស គឺត្រូវជាស្ពាន ដើម្បីធ្វើការភ្ជាប់ រវាងសហព័ន្ធកីឡាជាតិរបស់ខ្លួន ជាមួយ CAMSOC ឲ្យមានភាពរលូនក្នុងការងាររបស់ខ្លួន។

បញ្ហាដែលយើងត្រូវដោះស្រាយគឺយើងត្រូវធ្វើយ៉ាងណាឲ្យយល់ចិត្តគ្នាឲ្យឯកភាពគ្នា
ក្នុងជំនាញឲ្យច្បាស់លាស់ កុំឲ្យមានការអ្វីដែលយើងមិនយល់គ្នា ហើយក្លាយទៅជាមានវិបត្តិ ដោយសារតែយើងមិនយល់គ្នា។ ប្រព័ន្ធការងារ របៀបរបបគ្រប់គ្រង របៀបរបបដឹកនាំ យើងបានចែករំលែកអស់ហើយ។អ្វីដែលទាក់ទងទៅនឹងជំនាញគឺយើងប្រគល់ជូនសហព័ន្ធ
ជាតិជាអ្នកទទួលនូវបុព្វសិទ្ធិក្នុងការរៀបចំមានន័យថាសហព័ន្ធជាតិជាអ្នកសម្រេចរាល់ការរៀបចំ កសាងសមត្ថភាពកីឡាករ-កីឡាការិនី និងការរៀបចំការប្រកួតឲ្យទទួលបានជោគជ័យ ជាមួយសហព័ន្ធអន្ដរជាតិ។
ជាមួយគ្នានោះវ៉ាត់ ចំរើន ក៏បានបង្ហាញនូវគំរូមេដាយមាស ក៏ដូចជាគំរូភ្លើងគប់ស៊ីហ្គេម ដើម្បីជាសក្ខីភាពឲ្យសហព័ន្ធកីឡាជាតិទាំងអស់ ដឹងថាអ្វីដែលថ្នាក់ដឹកនាំកំពុងធ្វើក៏ដូចជាវត្ថុទាំងអស់នេះគឺជាការលើកទឹកចិត្តមួយផ្នែកបន្ថែមទៀតដល់កីឡាករ កីឡាការិនីហើយជាវត្ថុដែលរំលេចនូវគុណតម្លៃ នៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ នៅកម្ពុជាផងដែរ។

លោកក៏បានសង្កត់ធ្ងន់ថាយើងចង់ឲ្យមានស្មារតីរួមនិងសាមគ្គីភាពផ្ទៃក្នុងឲ្យបានជាធ្លុងមួយកុំឲ្យមានការបែកបាក់គ្នាក្នុងដំណើរការនៃការរៀបចំស៊ីហ្គេមព្រោះក្នុងស៊ីហ្គេមរបស់យើង ចាំបាច់យើងត្រូវការស្មារតីក្រុម បានន័យថា ការស្រុះស្រួលគ្នា ការជួយគ្នាទៅវិញទៅមក មិនមើលបំណាំគ្នា តែជួយគ្នាទៅវិញទៅមក។ អ៊ីចឹងយើងទាំងអស់គ្នា មានសហព័ន្ធកីឡាជាតិ បូកជាមួយ CAMSOC បូកជាមួយក្រសួងអប់រំ យុវជន និងកីឡា គឺមានភាពជាអ្នកដឹកនាំដូចគ្នា ដើម្បីឆ្ពោះទៅរកភាពជោគជ័យទាំងអស់គ្នា នាឆ្នាំ២០២៣៕

អត្ថបទដែលជាប់ទាក់ទង