អនុសាសន៍៥របស់លោកថោង ខុន ថ្ងៃបិទការប្រកួតកាយសម្ព័ន្ធ
ភ្នំពេញ៖បណ្ឌិតថោងខុនប្រមុខប្រសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានផ្តល់អនុសាសន៍គន្លឹះសំខាន់ៗ៥ចំណុចដើម្បីអភិវឌ្ឍប្រភេទកីឡាកាយសម្ព័ន្ធឲ្កាន់តែរីកចម្រើនបន្ថែមទៀត។ ជាពិសេសគឺគោលដៅទទួលរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។
ក្នុងពិធីបិទការប្រកួតកីឡាកាយសម្ព័ន្ធជើងឯកថ្នាក់ជាតិ និងពានរង្វាន់ឯកឧត្តមបណ្ឌិត ថោង ខុន លើកទី៦ ប្រចាំឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិ ល្ងាចថ្ងៃទី២៧ ខែតុលា លោកបណ្ឌិត ថោង ខុន មានប្រសាសន៍ថា បើយើងគិតចាប់ពីពេលនេះរហូតដល់ខែឧសភា ឆ្នាំ២០២៣ គឺមានរយៈពេលតែ១៩០ថ្ងៃតែប៉ុណ្ណោះ ដែលកម្ពុជាត្រូវទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣។
ដើម្បីឱ្យវិស័យកីឡាកម្ពុជាកាន់តែមានការរីកចម្រើនទាំងបរិមាណនិងគុណភាពទទួលបានលទ្ធផលល្អក្នុងការចូលរួមប្រកួតលើឆាកអន្តរជាតិនានាពេលដ៏ខ្លីខាងមុខជាពិសេសការត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះនាឆ្នាំ២០២៣លោកបណ្ឌិតថោងខុនបានផ្តល់អនុសាសន៍គន្លឹះសំខាន់ៗដូចជា៖
១. បណ្តុះបណ្តាលថ្នាក់ថ្នាលតាមកម្រិតអាយុ និងបង្កើនបរិមាណ-គុណភាពកីឡាករ កីឡាការិនី ក្លិប សមាគមកីឡាកាយសម្ព័ន្ធឱ្យបានទូលំទូលាយ។ ២.ពង្រឹងសមត្ថភាព អាជ្ញាកណ្ដាល ចៅក្រម មន្ត្រីបច្ចេកទេសឱ្យកាន់តែល្អប្រសើ ទាំងបរិមាណ និងគុណភាព។ ៣.ជំរុញឱ្យមានការរៀបចំការប្រកួតឱ្យបានច្រើន ការហ្វឹកហាត់ជាប្រចាំ នៅតាមបណ្តាក្លិប សមាគម។ ៤.ពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងសហព័ន្ធ ក្លិប សមាគមទូទាំងប្រទេសឱ្យបានរឹងមាំ និងស្វែងរកដៃគូអភិវឌ្ឍនិងទី៥.ជំរុញឱ្យមានការចូលរួមប្រកួតជាលក្ខណៈអន្តរជាតិឱ្យបានច្រើនមុនពេលស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ចូលមកដល់។
លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធ បានបញ្ជាក់ថា ការប្រកួតជើងឯកថ្នាក់ជាតិ និងពានប្រធានសហព័ន្ធឆ្នាំនេះ គឺមានកីឡាករ-កីឡាការិនី ៦៤នាក់ចូលរួម មកពី ៥ក្រសួង និងខេត្ត ដែលធ្វើការប្រកួតពីថ្ងៃទី២២-២៧ ខែតុលា លើ ១៣វិញ្ញាសា ។ ជាលទ្ធផលក្រុមកីឡាកាយសម្ព័ន្ធ មកពីក្លិបក្រសួងមហាផ្ទៃ ឈរលេខ១ ដណ្ដើមបានមេដាយសរុប ១០គ្រឿង (មាស ៥ ប្រាក់ ៣ និងសំរឹទ្ធ ២), ខេត្ដក្រចេះ ឈរលេខ២ ដណ្ដើមបានមេដាយសរុប ១១គ្រឿង (មាស ៤ ប្រាក់ ៣ និងសំរឹទ្ធ ៤), ខេត្តកំពង់ឆ្នាំង ឈរលេខ៣ ដណ្ដើមបាមមេដាយសរុប ១២គ្រឿង (មាស ៣, ប្រាក់ ៧ និងសំរឹទ្ធ ២), ក្រសួងការពារជាតិ ឈរលេខ៤ ដណ្ដើមបានមេដាយសរុប ៥គ្រឿង (មាស ១ និងសំរឹទ្ធ ៤) និងខេត្តតាកែវ ដណ្ដើមបានមេដាយសំរឹទ្ធ ១គ្រឿង៕