សមាគមមិត្តយើងបន្តផ្តល់សេវាកម្មកាត់សក់ ដល់អ្នកដែលមានជីវភាពខ្វះខាតដោយពុំគិតប្រាក់
ស្របពេលដែលក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា និង សមាគមពាក់ព័ន្ធនៅកម្ពុជា បាននិងកំពុងប្រារពព្រឹត្តិការណ៍ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២២ នៅព្រឹកថ្ងៃទី២៨ខែតុលានេះដែរ សមាគមមិត្តយើង បានបន្តយុទ្ធនាការរបស់ខ្លួនដើម្បីមនុស្សធម៌ និងមិត្តភាព តាមរយៈប្រធានបទ “សក់និងសម្រស់របស់មិត្តយើង”ដើម្បីផ្តល់សេវាកម្មកាត់សក់ដល់អ្នកដែលមានជីវភាពខ្វះខាត់ដោយពុំគិតប្រាក់។
លោក ឡា វិបុល អនុប្រធានសមាគមមិត្តយើង និងជាជានាយកសាលាជំនាញសក់ និងសម្រស់ ដែលមានឈ្មោះថា អេកូលអាំងទែរ ណាស្សូណាល់ ដឺ គ័ហ្វហ្វៀ អេ អេសស្តេទិក (ហៅកាត់ថា L.I.C.E) បានលើកឡើងថា នេះជាលើកទីពីរហើយ ដែលសមាគមមិត្តយើងរៀបចំ កម្មវិធី“សក់និងសម្រស់របស់មិត្តយើង” ក្នុងគោលបំណងដើរតួជាស្ពានដ៏ សំខាន់ ក្នុងការផ្សព្វផ្សាយឲ្យបានទូលំទូលាយ អំពី ចំណេះដឹងផ្នែកវិជ្ជាជីវៈសក់ និងសម្រស់ទៅដល់បងប្អូនដែល មានបំណងចង់ចាប់យកជំនាញផ្នែកវិជ្ជាជីវៈនេះ ក៏ដូចជាការផ្តល់សេវាកម្មថែរក្សាសក់ និងសម្រស់ទៅដល់អ្នកដែលមានកង្វះខាត និងកម្មករនិយោជិតនៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ដែលពុំមានឱកាស ឬជួបការលំបាកក្នុងការទទួលបាននូវសេវាកម្មមួយនេះ ពោល គឺជាការឆ្លើយតបទៅ នឹងចក្ខុវិស័យវែងឆ្ងាយរបស់សមាគមមិត្តយើង ក្នុងការជួយលើកកម្ពស់កម្រិតជីវភាពរស់នៅ និងបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើង ដែលស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកបានបញ្ជាក់ថា ថ្ងៃនេះលោកបានដឹកនាំក្រុមសាឡន និងហាង កាត់សក់ល្បីៗនៅទីក្រុងភ្នំពេញ ដើម្បីចូលរួមជាមួយសមាគមមិត្តយើង ក្នុងការផ្តល់នូវសេវាកម្មកាត់អ្នករកស៊ីក្រៅប្រព័ន្ធ និងអ្នកដែលមានជីវភាពខ្វះខាត ក្នុងគោលបំណងឲ្យពួកគាត់ទទួលបាននូវសេវាកម្មសក់ស្អាត ដើម្បីទៅចូលរួមក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ ក៏ដូចជាពិធីអុំទូក នាពេលខាងមុខនេះ។
លោកបញ្ជាក់ថា ក្រោយពីការកាត់សក់រួចបងប្អូនអាចចូលស្វែងរកការងារ នៅក្នុងពិព័រណ៍ការងារដែលរៀបចំឡើងដោយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬ បងប្អូនដែលចង់រៀនជំនាញកាត់សក់ ក៏អាចចុះឈ្មោះចូលរៀននៅសាលា L.I.C.E បាន ជាមួយគ្រូជំនាញៗ និងមានបទពិសោធន៍ខ្ពស់មកពីក្រៅប្រទេស។
សូមជម្រាបថា បន្ទាប់ពីផ្តល់សេវាកម្មកាត់សក់រួចរាល់ សមាគមមិត្តយើងក៏ បានចែកជា “កញ្ចប់ជំនួយមិត្តយើង” ដល់អ្នកមានកង្វះខាត និងកម្មករនិយោជិត នៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបានចូលរួមនាពេលនេះផងដែរ ដោយក្នុង១នាក់នឹងទទួលបាន កញ្ចប់ជំនួយមិត្តយើង១កញ្ចប់ ដើម្បីសម្រួលជីវភាពបន្ថែម៕