អភិបាលរាជធានី អំពាវនាវអ្នកវិនិយោគ មកបណ្តាក់ទុនរកស៊ីនៅភ្នំពេញ ឲ្យកាន់តែច្រើន ពិសេសវិស័យ ម្ហូបអាហារ ដើម្បីកំណើតសេដ្ឋកិច្ចនិងទេសចរណ៍
ភ្នំពេញ ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តមឃួង ស្រេង បានអំពាវនាវដល់អ្នកវិនិយោគទុន មកបណ្តាក់ទុនរកស៊ីនៅភ្នំពេញឲ្យបានច្រើន ពិសេស វិស័យ ម្ហូបអាហារ ដើម្បីឲ្យសេដ្ឋកិច្ចប្រទេសកើនឡើង ផ្តល់ឱកាសឲ្យប្រជាពលរដ្ឋខ្មែរមានការងារធ្វើនិងជាការទាក់ទាញភ្ញៀវទេសចរផងដែរ។
ការអំពាវនាវបែបនេះបានធ្វើឡើង នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២នេះ ខណៈដែលលោកបានអញ្ជើញជាអធិបតីភាពក្នុងពិធី “សម្ភោធភោជនីយដ្ឋានចំនួន៣ ក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល នៅខណ្ឌមានជ័យ ដោយមានការចូលរួមពីអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង និង លោក ងន ដេវីដសំបូរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនហ្វាន់ ហ៊ូដ (Fun Food Co.Ltd) ។
ឯកឧត្តមឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ កាលបើយើងធ្វើម្ហូបឆ្ងាញ់ពិសា វាជាកត្តាមួយនាំឲ្យភ្ញៀវទេសចរមកកម្ពុជាកាន់តែច្រើន ។ ដូច្នេះលោកសូមអំពាវនាវដល់អ្នកវិនិយោគទុន សូមមកបណ្តាក់ទុនរកស៊ី នៅភ្នំពេញឲ្យកាន់តែច្រើន ពិសេសលើវិស័យម្ហូបអាហារ ដើម្បីឲ្យសេដ្ឋកិច្ចប្រទេសកើនឡើង ជាមួយនិងការផ្តល់ឱកាសឲ្យប្រជាពលរដ្ឋខ្មែរមានការងារធ្វើ ហើយវាក៏ជាការទាល់ទាញភ្ញៀវទេសចរផងដែរ។
ឯកឧត្តមឃួង ស្រេង បានបន្តទៀតថា៖ សម្រាប់ពិធីសម្ពោធភោជនីយដ្ឋានថ្មី ក្នុងថ្ងៃនេះ មិនត្រឹមតែជា សក្ខីភាពបញ្ជាក់ឱ្យឃើញពីការចូលរួមគាំទ្រ ចំពោះសកម្មភាពអាជីវកម្ម របស់អាជីវករក្នុងស្រុកប៉ុណ្ណោះទេ ។ ប៉ុន្តែវាបានឆ្លុះបញ្ចាំងឱ្យឃើញនូវភាពជោគជ័យថ្មីមួយទៀត នៃការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងសហគ្រិនភាព និងការខិតខំ ទាក់ទាញការវិនិយោគទាំងក្នុង និងក្រៅប្រទេស ពិសេសគឺការខិតខំ បង្កើននូវទំនុកចិត្ត និងជំនឿជឿជាក់ជូនដល់ ពាណិជ្ជករ វិនិយោគិន និងធុរជន ក្នុងការសម្រេចចិត្តបណ្តាក់ទុនធ្វើអាជីវកម្មនៅកម្ពុជា សំដៅរួមចំណែកជំរុញឱ្យមានកំណើនសេដ្ឋកិច្ច បង្កើតការងារ និងកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ពេលបច្ចុប្បន្ន វិនិយោគិន ធុរជន ពាណិជ្ជករ និងវិស័យឯកជន បាននឹងកំពុងរីករាយទទួលយក នូវមនុញ្ញផលនៃសុខសន្តិភាព ស្ថិរភាព ការបង្រួបបង្រួមជាតិ ប្រជាធិបតេយ្យ និងការបើកទូលាយក្នុងការធ្វើ អាជីវកម្មស្របច្បាប់គ្រប់ប្រភេទ ហើយស្តង់ដារស់នៅប្រចាំថ្ងៃរបស់ បងប្អូនប្រជាពលរដ្ឋខ្មែរ ក៏កាន់តែមានភាពល្អប្រសើរឡើង ដែលនេះគឺជាសក្តានុពលដ៏ធំសម្រាប់ការវិនិយោគនៅកម្ពុជា ពិសេសផលិតផល ម្ហូបអាហារ-ភេសជ្ជៈដែលមានគុណភាព-អនាម័យ និងការបើកអាជីវកម្មដ្ឋាន ដែលអាចឆ្លើយតបទៅនឹងតម្រូវការ និងចំណង់ចំណូលចិត្តរបស់ ប្រជាពលរដ្ឋទូទៅ។
ក្នុងឱកាសនោះដែរ ឯកឧត្តមឃួង ស្រេងបានផ្ដាំផ្ញើ និងលើកទឹកចិត្តដល់អ្នកគ្រប់គ្រង ភោជនីយដ្ឋាន និងបណ្ដាអាជីវកម្មទាំងអស់ សូមជួយគាំទ្រកសិផល ផលិតផល និងគ្រឿងទេសដែលមានស្រាប់ក្នុងស្រុក ដើម្បីជួយដល់ បងប្អូនប្រជាកសិករខ្មែរ សេវាករ និងផលិតករក្នុងស្រុក ឱ្យមានជីវភាព ប្រសើរឡើង ជួយដល់សេដ្ឋកិច្ចជាតិ រីកចម្រើនទាំងអស់គ្នា។
គួរបញ្ជាក់ថា៖ ក្រុមហ៊ុន ហ្វាន់ ហ៊្វូដ ជាក្រុមហ៊ុនមានអាជីវកម្មក្នុងវិស័យ ម្ហូបអាហារ ដោយបានផ្តល់ជូននូវមុខម្ហូបប្លែកៗសម្បូរបែប នៅតាមបណ្តាផ្សារទំនើបៗក្នងរាជធានីភ្នំពេញ ។ មកទល់ពេលនេះ ក្រុមហ៊ុន បានបង្កើតភោជនីយដ្ឋានបានរហូតដល់ ១១ ទីតាំង និងកំពុងពង្រីក សាខារបស់ខ្លួនបន្ថែមទៀត ប្រកបដោយភាពជោគជ័យ និងការនិយម ចូលចិត្តពីសំណាក់ប្រជាពលរដ្ឋក្នុងទីក្រុង៕