សីដក់ និង ឈិនឡូនកម្ពុ ជាជ្រើសរើសយកប្រទេសមីយ៉ាន់ម៉ា ដើម្បីបោះជម្រំហ្វឹកហាត់ត្រៀមស៊ីហ្គេម
ភ្នំពេញ៖ក្រុមកីឡាសីដក់និងឈិនឡូនជម្រើសជាតិកម្ពុជានឹងចេញទៅបោះជំរំហ្វឹកហាត់រយៈពេលវែងនៅប្រទេសមីយ៉ាន់ម៉ាចាប់ពីខែធ្នូឆ្នាំ២០២២រហូតដល់ចុងខែមេសាឆ្នាំ២០២៣ដើម្បីពង្រឹងសមត្ថភាពនិងបច្ចេកទេសបន្ថែមត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជានាពេលខាមុខ។
គ្រូបង្វឹកក្រុមកីឡាសីដក់និងឈិនឡូនជម្រើសជាតិកម្ពុជាលោកជាតិខេមរាបានឲ្យដឹងថាការបោះជំរំហ្វឹកហាត់នេះគឺភាគីមីយ៉ាន់ម៉ាជាអ្នករ៉ាប់រងលើការចំណាយផ្សេងៗទាំងការធ្វើដំណើរ ការស្នាក់នៅ-អាហារ និងផ្ដល់នូវគ្រូកម្រិតខ្ពស់ដើម្បីបណ្ដុះបណ្ដាលបន្ថែមដល់កីឡាករ-កីឡាការិនីកម្ពុជា។ម្យ៉ាងក៏ជារឿងល្អសម្រាប់ក្រុមជម្រើសជាតិកម្ពុជាដែលត្រូវហ្វឹកហាត់នៅទីនោះ រហូតដល់កៀកថ្ងៃប្រកួតផ្លូវការនៃព្រឹត្តិការណ៍ហ្គេម។
មីយ៉ាន់ម៉ា គឺជាបណ្ដាប្រទេសមួយខ្លាំងលើវិញ្ញាសាកីឡាសីឈិនឡូន ខណៈសីដក់ មានកម្រិតមធ្យម។ក្នុងការហ្វឹកហាត់នេះសហព័ន្ធបានជ្រើសរើសកីឡាករ១៨នាក់និងកីឡាការិនី៨នាក់សម្រាប់ធ្វើការហ្វឹកហាត់លើវិញ្ញាសាឈិនឡូនប៉ុន្ដែក្នុងនាមគ្រូបង្វឹកលោកក៏នឹងធ្វើការបែងចែកឲ្យមានការហ្វឹកហាត់វិញ្ញាសាសីដក់ក្នុងរយៈពេលណាមួយផងដែរ ដើម្បី ជំរុញ ឲ្យ កីឡាករ មាន កម្រិត ប្រហាក់ ប្រហែល គ្នា និង ឈានទៅដណ្ដើមមេដាយបានដូចគ្នា។
ជុំវិញការចេញទៅហ្វឹកហាត់ក្រៅស្រុកនេះដែរស្របពេលសហព័ន្ធដាក់ក្ដីរំពឹងខ្ពស់លើ
វិញ្ញាសាឈិនឡូន ដែល ជា វិញ្ញាសា ថ្មី សម្រាប់ បណ្ដា ប្រទេស អាស៊ាន ភាគច្រើន ប៉ុន្តែជាវិញ្ញាសាចាស់សម្រាប់កម្ពុជា។ជាក់ស្ដែងក្នុងស៊ីហ្គេមគិតចាប់ពីឆ្នាំ២០១៣រហូតដល់ឆ្នាំ២០១៩នៅហ្វីលីពីនកម្ពុជាតែងដណ្ដើមបានមេដាយជាបន្ដបន្ទាប់លើវិញ្ញាសាដែលមានប្រភពពីមីយ៉ាន់ម៉ានេះ។ ដូច្នេះស៊ីហ្គេម ឆ្នាំ២០២៣ សហព័ន្ធ មាន ទំនុក ចិត្ត លើ កីឡាករ – កីឡាការិនីកាន់តែខ្ពស់ថែមទៀត។
លោកបន្តថាយើង បាន ចេញ ទៅ ហ្វឹកហាត់ បន្ថែម ទៀត រយៈ ពេល៥ខែ នៅមីយ៉ាន់ម៉ា ហើយស្របពេលយើងរៀបចំការប្រកួតដោយខ្លួនឯង។ យើងបានគ្រូល្អៗបន្ថែម ពិសេស ក្រោម ការ ខិតខំ ប្រឹងប្រែង របស់ កីឡាករយើង ខ្ញុំគិតថា លទ្ធផលល្អនឹងមានសម្រាប់ពួកយើងទាំងអស់គ្នា ។ ជាក្ដីរំពឹងបច្ចុប្បន្ននេះ យ៉ាង ហោច ណាស់ ក៏ពួក យើង ដណ្ដើមយកមេដាយមាស៣ឲ្យបានដែរ។
សីដក់និងឈិនឡូគឺជាប្រភេទកីឡាមួយក្នុងចំណោម៣៨ប្រភេទដែលត្រួវបានអនុម័តដាក់ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដោយសហព័ន្ធបានត្រៀមវិញ្ញាសាសរុបចំនួន ២២ សម្រាប់ប្រកួតប្រជែងមេដាយជូនជាតិ ក្នុងនោះមានវិញ្ញាសាសីដក់បុរស-នារី ១០វិញ្ញាសា និងឈិនឡូន១២វិញ្ញាសា។
មុនឈានដល់ព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនាឆ្នាំក្រោយក៏ដូចជាការចេញទៅហាត់នៅមីយ៉ាន់ម៉ា នាចុងឆ្នាំនេះ សហព័ន្ធក៏រៀបចំការប្រកួតក្របខណ្ឌថ្នាក់ជាតិ២ គឺការប្រកួតកីឡាជាតិ លើកទី៣និងការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំ២០២២ដើម្បីពង្រឹងសមត្ថភាពបន្ថែមដល់កីឡាករ-កីឡាការិនីទៀតផង៕