ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គិភ័យ​ឆាបឆេះ ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ ស៊ី​ន​វៃ​ជា​ បណ្តាល​ឲ្យ​រង​ការ​ខូចខាត​សម្ភារៈ​អស់​មួយ​ចំនួន​

81

​ភ្នំពេញ​ ៖​ អគ្គិភ័យ​ឆាបឆេះ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​មួយ​កន្លែង​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ និង​សមត្ថកិច្ច​មូលដ្ឋាន​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញ​អន្តរាគមន៍​ជួយ​បាញ់​ទឹក​ពន្លត់​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ ១២​និង​០០​នាទី​ថ្ងៃត្រង់​ ថ្ងៃ​ទី​៣០​ ខែតុលា​ ឆ្នាំ​២០២២​ ដែក​ស្ថិត​នៅ​ផ្លូវ​លេខ​១១​ ក្រុម​០៤​ ភូមិ​ចុង​ថ្នុ​ល​ខាងលិច​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​។​

​លោក​វរសេនីយ៍ឯក​ ព្រហ្ម​ យ៉​ន​ នាយការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​ និង​សង្គ្រោះ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រាយការណ៍​មក​កាន់​លេខ​ ៦៦៦​ ថា​ មាន​អគ្គិភ័យ​កំពុង​ឆាបឆេះ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​មួយ​កន្លែង​នៅ​ក្រោយ​មណ្ឌល​សុខភាព​ទឹកថ្លា​ ភ្លាមៗ​នោះ​ លោក​ក៏​បាន​បញ្ជា​ទៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​នៅ​គ្រប់​គោលដៅ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ​ ចេញ​ជួយ​អន្តរាគមន៍​សង្គ្រោះ​ផង​ដែរ​ ។​

​លោក​វរសេនីយ៍ឯក​ ព្រហ្ម​ យ៉​ន​ នាយការិយាល័យ​ បាន​បន្ត​ថា​ ចំពោះ​គ្រោះ​អគ្គិភ័យ​ខាងលើ​នេះ​ កម្លាំង​សមត្ថកិច្ច​របស់​យើង​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ​ ហើយ​ក្នុង​នោះ​ធ្វើ​ឲ្យ​ខូចខាត​ឆេះ​សម្ភារៈ​ក្នុង​រោងចក្រ​រួម​មាន​ ម៉ាស៊ីនដេរ​ចំនួន​ ៣២​គ្រឿង​,​ ឆ្នាំងអ៊ុត​ចំនួន​ ០៨​គ្រឿង​,​ ក្រណាត់​អស់​មួយ​ចំនួន​ និង​ពុំ​បណ្តាល​ឲ្យ​រាលដាល​ដល់​ផ្ទះ​អ្នក​ក្បែរ​ខាង​ឡើយ​។​

​លោក​វរសេនីយ៍ឯក​ ព្រហ្ម​ យ៉​ន​ បាន​បញ្ជាក់​ថា​ ដោយនៅ​ក្នុង​ប្រតិបត្តិការ​ខាងលើ​នេះ​ កម្លាំង​សមត្ថកិច្ច​របស់​យើង​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​ និង​សង្គ្រោះ​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ចំនួន​ ១៩​គ្រឿង​ ប្រើប្រាស់​ទឹក​អស់​ ១៩​ឡាន​ ស្មើរ​នឹង​ ៧៦​ម៉ែត្រគូប​,​ រថយន្ត​ជំនួយ​មក​ពី​ រថយន្ត​ពន្លត់​អគ្គិភ័យ​កងពលតូច​លេខ​៧០​ (​ង​៧០)​ ចំនួន​ ០៤​គ្រឿង​ ពុំ​បាន​ប្រើប្រាស់​ទឹក​ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ក្រុមហ៊ុន​ ស្រា​បៀ​ល​កម្ពុជា​ ចំនួន​ ០១​គ្រឿង​ ប្រើប្រាស់​ទឹក​អស់​ ០១​ឡាន​ ស្មើរ​នឹង​ ០៦​ម៉ែត្រគូប​ ទើប​គ្រប់គ្រង​បាន​ទាំងស្រុង​នៅ​វេលា​ម៉ោង​ ១​និង​០០​នាទី​រសៀល​ថ្ងៃខែ​ឆ្នាំ​ដ​ដែរ​ ។​

​ចំពោះ​ ករណី​អគ្គិភ័យ​ខាងលើ​នេះ​ គឺ​មិន​បាន​បណ្តាល​ឲ្យ​អ្នក​ណា​ម្នាក់​រង​របួស​ និង​ប៉ះពាល់​ដល់​អាយុជីវិត​បងប្អូន​ប្រជាពលរដ្ឋ​នោះ​ឡើយ​ ៕

អត្ថបទដែលជាប់ទាក់ទង