ឯកឧត្តម ឃ្លាំង ហួត សុំឱ្យប្រជាពលរដ្ឋ ដែលទទួលបានប័ណ្ណសម្គាល់ ម្ចាស់អចលនវត្ថុ យកទៅប្រើប្រាស់ជាប្រយោជន៍សម្រាប់គ្រួសារ ចៀសវៀងយកទៅប្រើប្រាស់ក្នុងអប្បាយមុខ
ភ្នំពេញ៖ឯកឧត្តម ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ សុំឱ្យប្រជាពលរដ្ឋដែលទទួលបានបណ្ណសម្គាល់ ម្ចាស់អចលនវត្ថុ ឬ ហៅថា (ប្លង់រឹង) ដែលផ្តល់ដោយអាជ្ញាធររួចហើយ ត្រូវថែរក្សាការពារឱ្យបានល្អ ព្រោះថា វាធានាបាននូវភាពកក់ក្តៅ សុវត្ថិភាពនិងសិទ្ធិកាន់កាប់ដីធ្លីពេញលេញ លើសពីនេះក៏ជាភស្តុតាងនូវការកាន់កាប់ដីធ្លីរបស់ខ្លួន និងចៀសវាងនូវការរំលោភបំពានលើដីធ្លី ហើយប័ណ្ណនេះក៏អាចផ្តល់លទ្ធភាពដើម្បីយកទៅដាក់ធានា ក្នុងការខ្ចីលុយពីធនាគារយកមកប្រកបរបរធ្វើអាជីវកម្មផ្សេងៗទៀតបានដែរ។
យ៉ាងណាឯកឧត្តមអភិបាលរង ក៏សុំឱ្យប្រជាពលរដ្ឋយកបណ្ណកម្មសិទ្ធនេះ ទៅប្រើប្រាស់ដោយការពិចារណាឱ្យបានត្រឹមត្រូវសម្រាប់ជាឧត្តមប្រយោជន៍ដល់គ្រួសារ សុំកុំយកបណ្ណនេះទៅប្រើប្រាស់ក្នុងអប្បាយមុខ ដែលនាំឱ្យមានមហន្តរាយដល់ខ្លួនឯង គ្រួសារ និងអនាគត់កូនចៅ ដែលឯកឧត្តមបានលើកជាប្រយោគមួយក្នុងន័យអបរំថា បើភ្លើងឆេះផ្ទះអស់ ហោចណាស់ក៏នៅសល់ដី តែបើប្រព្រឹត្តល្បែងអប្រិយ៍ វានាំឱ្យអស់ទាំងដី អស់ទាំងផ្ទះ ហើយឈានទៅព្រាត់ប្រាស់ក្រុមគ្រួសារ និងប៉ះពាល់ដល់ជោគវាសនាអនាគតកូនចៅរបស់ខ្លួនទៀតផង។
ប្រយោគអប់រំដ៏មានសារសំខាន់នេះ ត្រូវបានលើកឡើងនៅក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់ប្រជាពលរដ្ឋចំនួន៤២១គ្រួសារ ស្ថិតនៅភូមិអក្សរ និងភូមិក្រាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២នេះ ក្នុងបរិវេណវត្តអរុណវត្តី ។
ឯកឧត្តមបានចាត់ទុកការប្រគល់វិញ្ញាបនប័ត្រសំគាល់ម្ចាស់ អចលនវត្ថុដល់កម្មសិទ្ធិករ ដែលមានក្បាលដីខាងលើនេះ ជាការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ជាពិសេសរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឱ្យបងប្អូនមានភាពកក់ក្តៅថែមមួយកម្រិតទៀត លើការគ្រប់គ្រង់ដីធ្លីរបស់ខ្លួន ក៏ដូចជាបង្ករលក្ខណៈងាយស្រួលសម្រាប់យកទៅប្រើប្រាស់លើការប្រកបអាជីវកម្មផ្សេងៗតាមតម្រូវការចាំបាច់ ឬ ក៏អាចធ្វើប្រទានកម្មដល់កូនចៅក្រោយៗទៀត។
ក្រៅពីផ្តល់ប្រយោជន៍សម្រាប់ប្រជាពលរដ្ឋហើយនោះ ការចុះបញ្ជីក្បាលដីនេះ ក៏បានផ្ដល់នូវសារប្រយោជន៍ពីរយ៉ាងទៀតដល់រដ្ឋផងដែរ នោះគឺផ្តល់លទ្ធភាពយ៉ាងធំធេងក្នុងការគ្រប់គ្រងដីធ្លីនិងរៀបចំឲ្យមានសណ្តាប់ធ្នាប់ល្អប្រសើរ និងសម្រួលដល់ការធ្វើផែនការប្រើប្រាស់ដីធ្លីបានសមស្រប ។ ម្យ៉ាងទៀត ការគ្រប់គ្រងដីធ្លីបានល្អប្រសើរ ជាមូលដ្ឋានឲ្យរដ្ឋគិតគូរប្រមូលចំណូលថវិកាជាតិ និងផ្ដល់លក្ខណៈងាយស្រួល ក្នុងការជំរុញកិច្ចការវិនិយោគលើកស្ទួយសេដ្ឋកិច្ចជាតិឈានឡើងសំបូរសប្បាយជូនប្រជាជាតិនិងប្រជាពលរដ្ឋកម្ពុជា។
ចំណែក លោក ប៊ិន សូឈី អនុប្រធានមន្ទីររៀបចំដែនដីនគររូបនីយ៍កម្មនិងសំណង់ ទទួលកម្មវិធីអនុវស័យរដ្ឋបាលដីធ្លី រាជធានីភ្នំពេញ ក៏បានលើកឡើងថា ការផ្ដល់វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ ក្នុងសង្កាត់ត្រពាំងក្រសាំង នៅពេលនេះ គឺក្នុងដំណាក់កាលចុងក្រោយហើយ បន្ទាប់ពីការចុះបញ្ជីទាំងប្រាំដំណាក់កាល។ ជាមួយគ្នានោះ លោកក៏បានបង្ហាញអំពីផលប្រយោជន៍ជាច្រើនរបស់ប័ណ្ណជាប្រព័ន្ធនេះ សម្រាប់ប្រជាពលរដ្ឋយកទៅប្រើប្រាស់ និងបានប្រាប់ពីការថែរក្សា ធ្វើយ៉ាងណាកុំឲ្យមានផលរំខានណាមួយមកលើប័ណ្ណ ដែលនាំឲ្យមានផលវិបាកនៅថ្ងៃក្រោយ។
ចំពោះប័ណ្ណប្រព័ន្ធ ឬ ប្លង់រឹងនេះ លោកសូមឲ្យមានការពិនិត្យមើលឲ្យបានច្បាស់លាស់មុននឹងទិញ លក់ ឬ ដោះដូរអ្វីមួយ ព្រោះថា កន្លងមកមានជនខិលខូចមួយចំនួន មានការបន្លំ និងបោកប្រាស់ ដល់ពលរដ្ឋដែលមិនមានការប្រុងប្រយ័ត្ន វាងាយស្រួលធ្វើឲ្យបងប្អូនចាញ់ឧបាយកលរបស់ពួកគេ។ ចំពោះអ្នកមិនទាន់បានប័ណ្ណនេះ អាចមកទាក់ទងឬសាកសួរព័ត៌មានជាមួយមន្រ្តីជំនាញនៅមន្ទីររៀបចំដែនដីនគររូបនីយ៍កម្មនិងសំណង់ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ជាប់របងទីស្តីការគណរដ្ឋមន្រ្តីដោយផ្ទាល់។
សូមបញ្ជាក់ថា ខណ្ឌពោធិ៍សែនជ័យមានសង្កាត់ចំនួន៧ ក្នុងនោះបានចុះបញ្ជីរួចរាល់១០០ភាគរយចំនួន៦សង្កាត់ ចំពោះសង្កាត់ត្រពាំងក្រសាំងមាន១៣ភូមិ ហើយបានចែកប័ណ្ណបានចំនួន១១ភូមិរួមទាំងថ្ងៃនេះ នៅសល់២ភូមិទៀត គឺភូមិវាល បានធ្វើការបិទផ្សាយចប់សព្វគ្រប់ហើយដែរនឹងត្រៀមបោះពុម្ភប័ណ្ណ ឯមួយភូមិទៀត ក៏ត្រៀមប្រជុំកាត់ចំណីផ្លូវ និង បិទផ្សាយផងដែរ ៕