ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន៖ រដ្ឋមន្ត្រីកសិកម្មមិនបាច់ចេះជំនាញកសិកម្ម ទើបតែងតាំងបាននោះទេ តែត្រូវទាមទារភាពជាអ្នកដឹកនាំ ចេះប្រើមន្ត្រី និងដាក់ចេញសកម្មភាពការងារបានល្អ

121

 

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានថ្លែងឆ្លើយតប ចំពោះមតិមួយចំនួន លើកឡើងអំពីការតែងតាំងរដ្ឋមន្ត្រីក្រសួងកសិកម្មថ្មីលោក ឌិត ទីណា ដែលថា មិនព្រមតែងតាំងមន្ត្រីជំនាញកសិកម្ម មកធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្ម បែរជាយកវិស្វកររ៉ែ មកធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្មទៅវិញ, សម្តេចចាត់ទុកការលើកឡើងបែបនេះថា ខ្វះការចេះដឹង។

សម្តេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា វិស័យកសិកម្មមានច្រើន ហើយមិនមាននរណាម្នាក់ចេះ ពីកសិកម្មអស់នោះទេ ដូច្នេះការតែងតាំងរដ្ឋមន្ត្រីកសិកម្ម ពុំចាំបាច់ចេះជំនាញកសិកម្មឡើយ ប៉ុន្តែទាមទារតែងតាំងអ្នក ដែលមានភាពដឹកនាំច្បាស់លាស់ ចេះប្រើប្រាស់មន្ត្រីក្រោមឱវាទធ្វើការ និងដាក់ចេញនូវសកម្មភាពការងារបានល្អ។

សម្តេចតេជោ ហ៊ុន សែន បានលើកជាឧទាហរណ៍ជាក់ស្តែងខ្លួនសម្តេចផ្ទាល់ ដឹកនាំប្រទេសមិនចេះជំនាញទាំងអស់នោះទេ ប៉ុន្តែអាចធ្វើឲ្យប្រទេសនេះមានភាពរីកចម្រើន និងអភិវឌ្ឍន៍។ សម្តេចបន្តថា សូម្បីតែវិស័យយោធាក៏សម្តេចមិនចេះអស់នោះដែរ ក្នុងនោះទ័ពជើងគោកមានជំនាញច្រើនមុខ ដូចជាទ័ពថ្មើរជើង កាំភ្លើងធំ រថក្រោះ ការពារអាកាសជាដើម។

សម្តេចបានផ្តាំដល់អ្នកវិភាគ និងអ្នកដែលលើកឡើងពីការតែងតាំងរដ្ឋមន្ត្រីកសិកម្ម កុំទាន់វាយតម្លៃរហ័សពេក។

ការថ្លែងការពារលើការតែងតាំងរដ្ឋមន្ត្រីកសិកម្មនេះ ធ្វើឡើងក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធី ប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិកិច្ច ជាង ៦ពាន់នាក់ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «អ្នកខ្លះបានលើកជាមតិថា មន្ត្រីកសិកម្មមិនព្រមយកទៅធ្វើរដ្ឋមន្ត្រីកសិកម្មទេ យកវិស្វកររ៉ែឯណាមកធ្វើរដ្ឋមន្ត្រី ជាការល្អហើយរដ្ឋមន្ត្រីកសិកម្ម គាត់បង្រៀនត្រឡប់ទៅវិញ អ្នកឯងចេះកសិកម្មចេះអស់នៅ ស្អីខ្លះកសិកម្មនោះនិយាយឲ្យច្បាស់ ថ្ងៃក្រោយប្រយ័ត្នក្មេងវាប្រដៅ រឿងពិត! កសិកម្ម មិនមែនតែដាំស្រូវមួយមុខទេ ដោយសារភាពច្រណែនឬអី បានជាអ្នកឯងចេញភាសានេះមក? អីចឹងជាការនិយាយចេញមកបង្ហាញពីការខ្វះភាពចេះដឹង អំពីអ្វីទៅដែលហៅថាភាពដឹកនាំនោះ។ ភាពជាអ្នកដឹកនាំអ្វីដែលសំខាន់ គឺចេះប្រើប្រាស់មន្ត្រី ដែលនៅក្រោមការគ្រប់គ្រងរបស់ខ្លួន ឲ្យធ្វើការ ដាក់ចេញនូវគោលនយោបាយឲ្យបានត្រឹមត្រូវតែប៉ុណ្ណោះទេ ខ្ញុំមិនប្រដៅអ្នកវិភាគ ឬអ្នកដែលលើកឡើងនោះទេ ប៉ុន្តែខ្ញុំគួរតែរំលឹកថា កុំវាយតម្លៃរហ័សពេក ហើយក៏កុំគិតថាវាទាល់តែអញ ជាជំនាញកសិកម្មទើបសមរម្យ»។

សូមជម្រាបថា លោក ឌិត ទីណា ត្រូវបានតែងតាំងចូលកាន់តំណែងរដ្ឋមន្ត្រីក្រសួងកសិកម្មថ្មី កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ជំនួសលោក វេង សាខុន ដែលត្រូវបានរាជរដ្ឋាភិបាល តែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។

មុនមកកាន់តួនាទីជារដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ឌិត ទីណា បានបំពេញការងារជារដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ពីឆ្នាំ២០១៤ ដល់ពេលបច្ចុប្បន្ន, ជារដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្មពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៤ និងជាអនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្មពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៣។

លោក ឌិត ទីណា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររូបវិទ្យា ពីសាកលវិទ្យាល័យ Orsay, Paris Sud នៅឆ្នាំ២០០០ និងបញ្ចប់សញ្ញាបត្រវិស្វកររ៉ែ ពី Ecole Nationale Superieure des mines de Paris នៅឆ្នាំ២០០២។

ក្នុងសន្និសីទសារព័ត៌មាន ក្រោយពិធីប្រកាសចូលកាន់តំណែងជារដ្ឋមន្ត្រី លោកបានឆ្លើយតបនឹងការលើកឡើងមតិមួយចំនួនថា លោកមិនមានជំនាញខាងផ្នែកកសិកម្ម ប៉ុន្ដែមកដឹកនាំជារដ្ឋមន្ដ្រីកសិកម្មថា «ជាការមើលវិស័យកសិកម្ម មិនពេញលេញ»។

លោកថា កសិកម្មមិនមែនត្រឹមតែផលិតទេ គឺផលិ​តហើយត្រូវចូលទៅក្នុងខ្សែច្រវាក់ផលិតកម្ម ការលក់ដូរ រហូតមកដល់អ្នកប្រើប្រាស់។

លោក ឌិត ទីណា បានបញ្ជាក់ថា «ខ្ញុំតែងតែធ្វើការងារ នៅក្នុងវិស័យផ្សេងៗ ដែលមិនពាក់ព័ន្ធនឹងការសិក្សាផ្ទាល់របស់ខ្ញុំទោះបីជាវិស័យនេះ ថ្មីសម្រាប់ខ្ញុំ ប៉ុន្ដែខ្ញុំគិតថា ខ្ញុំនឹងអាចស្វែងយល់បាន»។

ក្នុងតំណែងជារដ្ឋមន្ត្រីកសិកម្ម លោកបានប្ដេជ្ញាចិត្ដបម្រើផលប្រយោជន៍ ប្រជាពលរដ្ឋកម្ពុជា និងនាំកសិកម្មកម្ពុជា ឲ្យក្លាយជាកសិកម្មទំនើប៕

 

អត្ថបទដែលជាប់ទាក់ទង