ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋ បានស្នើនិងសំណូមពរ ឲ្យអាជ្ញាធរ ជួយជួលជុលហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងមូលដ្ឋាន

85

 

ភ្នំពេញ ៖ ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅបរិវេណសាលាខណ្ឌដង្កោនៅព្រឹកថ្ងៃទី០១ វិច្ឆិកានេះ ប្រជាពលរដ្ឋបានស្នើនិងសំណូមពរជាច្រើន ពិសេសឲ្យជួយជួលជុលហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងមូលដ្ឋាន និងការស្នើសុំប្តូរការបង់លុយថ្លៃសំរាមជាដុល្លារមកជាលុយខ្មែរវិញជាដើម។

វេទិកានេះធ្វើឡើងក្រោមវត្តមានលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកស៊ុយ សេរិទ្ធ អភិបាលរងរាជធានី តំណាងអោយលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ។

វេទិកានេះប្រជាពលរដ្ឋបានលើកឡើងជាសំណួរនិងសំណើរផ្ទាល់មាត់ ចំនួន៨នាក់ និងសំណើរជាលាយលក្ខណ៍អក្សរចំនួន៣៦បញ្ហា ។ ចំពោះ សំណួរនិងសំណើរផ្ទាល់មាត់រួមមាន៖ ការស្នើអោយអាជ្ញាធរជួយស្ថាបនាផ្លូវ លូ តបណ្តាញទឹកស្អាត បំពាក់ភ្លើងបំភ្លឺសាធារណៈ ការស្នើសុំប្តូរការបង់ប្រាក់ថ្លៃសំរាមជាដុល្លារមកជាលុយខ្មែរវិញ និងការសុំ បង្កើតអនុវិទ្យាល័យបន្ថែមនៅសង្កាត់ព្រៃស និងការស្នើសុំតែងតាំងនាយកវិទ្យាល័យ១រូប នៅវិទ្យាល័យហ៊ុន សែនព្រែកកំពឺស ខណៈវិទ្យាល័យនេះមិនមាននាយកសាលាយូរហើយ។

ចំពោះការលើកឡើងជាសំណើរផ្ទាល់មាត់ទាំង៨នាក់ខាងលើនេះ ត្រូវបានអាជ្ញាធរខណ្ឌ រាជធានីនិងមន្ទីរជំនាញធ្វើការបកស្រាយបំភ្លឺភ្លាមៗ ជូនប្រជាពលរដ្ឋផងដែរ ដោយរាល់សំណើរ សំណូមពរខ្លះត្រូវបានដោះស្រាយ បានលទ្ធផលភ្លាមៗនិងសំណើរ សំណូមពរខ្លះទៀត រងចាំប្រជុំនិងពិភាក្សាដោះស្រាយជូននៅពេលក្រោយបន្តបន្ទាប់ទៀត។

លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ បានមានប្រសាសន៍ថា ៖ ការជួលជុលហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងមូលដ្ឋាន នាប៉ុន្មានឆ្នាំនេះ ពិតជាមានបញ្ហាមួយចំនួន ព្រោះតែគម្រោងខ្លះត្រូវខកខានឬពន្យារពេលដោយបញ្ហាសារជម្ងឺកូវីដ-១៩ តែរាល់សំណើរនិងសំណូមពរខ្លះរបស់បងប្អូន មានមួយចំនួនគឺស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍ខណ្ឌ សង្កាត់រួចហើយ ។ ចំណែកសំណើររបស់បងប្អូននៅក្រៅគម្រោងយើង នឹងយកទៅដាក់នៅក្នុងគម្រោងអភិវឌ្ឍន៍មូលដ្ឋានខណ្ឌ សង្កាត់នៅឆ្នាំបន្តបន្ទាប់ទៀត ពោលគឺរាល់សំណើរ សំណូមពររបស់បងប្អូន ត្រូវតែដោះស្រាយជូនមិនអាចទុកចោលនោះទេ។

ចំពោះការស្នើសុំប្តូរការបង់ប្រាក់ថ្លៃសម្រាមជាដុល្លារ មកជាលុយខ្មែរវិញនោះ លោកស៊ុយ សេរិទ្ធ បានបញ្ជាក់ថា៖ ក្រុមហ៊ុន ប្រមូលសំរាមទាំង៣ គឺសុទ្ធតែភាគហ៊ុនធំមកពីបរទេស ដែលក្រុមហ៊ុនទាំងនោះតម្រូវអោយបង់ប្រាក់ជាដុល្លារ ។ប៉ុន្តែទោះបីជាយ៉ាងណាក្តីសំណើរនេះ រដ្ឋបាលរាជធានីភ្នំពេញនិងប្រជុំ ពិភាក្សាជាមួយធនាគារជាតិបន្តទៀតជុំវិញបញ្ហានេះ។

ចំពោះការសំណើរសុំបង្កើតអនុវិទ្យាល័យបន្ថែម នៅសង្កាត់ព្រៃស ត្រូវបានលោកម៉ប់ សារិន បញ្ជាក់ថា៖ សំណើរនេះត្រូវការចាយលុយច្រើនណាស់ ទាំងទៅលើការទិញដី សាងសង់អគារជាដើម ។ តែទោះជាយ៉ាងអាជ្ញាធរនិងពិនិត្យលទ្ធភាព មើលទៅលើសាលាមឋមសិក្សានៅក្នុងសង្កាត់នេះ ថាតើអាចយកមួយចំណែកណានៃសាលាបឋមសិក្សានោះ បង្កើតជាអនុវិទ្យាល័យបានឬយ៉ាងណា។ ចំពោះការស្នើសុំតែងតាំងនាយកវិទ្យាល័យ១រូប នៅវិទ្យាល័យហ៊ុន សែនព្រែកកំពឺស យើងនឹងពិនិត្យពិភាក្សាជ្រើសជ្រើសនៅពេលឆាប់ៗនេះ។

ចំពោះការស្នើសុំតបណ្តាញទឹកស្អាត ខាងមន្ត្រីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបញ្ជាក់ដែរថា៖ ចំពោះការផ្គត់ផ្គង់ទឹកស្អាត រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅមានការខ្វះខាតជាការពិត ព្រោះតែរាជធានីភ្នំពេញ អភិវឌ្ឍន៍លឿនពេក គម្រោងយើងតាមមិនទាន់ទេ។ ប៉ុន្តែទោះជាយ៉ាងណារដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនិងពិនិត្យលទ្ធភាពតបណ្តាញទឹកជូនបងប្អូន ពោលគឺ បើមានបំពង់មេហើយ សូមបងប្អូនរួសរាន់ធ្វើសំណើរមករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញឲ្យបានលឿន ដើម្បីឲ្យក្រុមការងារចុះពិនិត្យជាក់ស្តែងនិងតជូន៕

អត្ថបទដែលជាប់ទាក់ទង