រដ្ឋមន្ត្រីក្រសួងការងារ អញ្ជើញបើកសិក្ខាសាលាអាស៊ាន ស្តីពីការចែករំលែកឧត្តមានុវត្តន៍ ក្នុងការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធនសម្រាប់បុគ្គលស្វ័យនិយោជន៍
(សៀមរាប)៖ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាអាស៊ាន ស្តីពីការចែករំលែកឧត្តមានុវត្តន៍ ក្នុងការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធនសម្រាប់បុគ្គលស្វ័យនិយោជន៍ នៅសណ្ឋាគារ Empress Angkor ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីតំណាងរដ្ឋសមាជិកអាស៊ាន សហព័ន្ធនិយោជកអាស៊ាន ក្រុមប្រឹក្សាសហជីពអាស៊ាន លេខាធិការដ្ឋានអាស៊ាន អង្គការអន្តរជាតិខាងការងារ សមាគមសន្តិសុខសង្គមអាស៊ាន និងតំណាងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា។
សិក្ខាសាលានេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងផ្តល់ឱកាសឱ្យមានការចែករំលែកបទពិសោធន៍រវាងបណ្តារដ្ឋសមាជិកអាស៊ាន ដែលអាចរៀនសូត្របានពីគ្នាទៅវិញទៅមក នូវភាពជោគជ័យ បញ្ហាប្រឈម ដំណោះស្រាយ និងបទពិសោធន៍នានា នៃការអនុវត្តរបបសន្តិសុខសង្គមរៀងៗខ្លួន។ ចំពោះកម្ពុជា ការចែករំលែកនេះ គឺជាធាតុចូលបន្ថែមដ៏មានសារៈសំខាន់បំផុត សម្រាប់ការអនុវត្តន៍របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធនក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសម្រាប់បុគ្គលស្វ័យនិយោជន៍ ដើម្បីធានាថាពលរដ្ឋទាំងនោះទទួលបានការងារសមរម្យ សន្តិសុខប្រាក់ចំណូល សមធម៌សង្គម សេចក្តីថ្លៃថ្នូរ និងវឌ្ឍនភាពសង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលកំណត់ថា នឹងមិនទុកនរណាម្នាក់ឱ្យនៅក្រៅសំណាញ់នៃប្រព័ន្ធសន្តិសុខសង្គមឡើយ។
ឯកឧត្តមបណ្ឌិត អ៉ិត សំហេង មានប្រសាសន៍ថា ទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធសុទ្ធតែបានរួមចំណែកយ៉ាងសំខាន់ក្នុងការជម្រុញកំណើនសេដ្ឋកិច្ចជាតិ នៃប្រទេសនីមួយៗ។ យោងតាមស្ថិតិរបស់អង្គការអន្តរជាតិខាងការងារ សហគ្រាសធុនតូច និងមធ្យម (SMEs) ដែលភាគច្រើនជាសកម្មភាពសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានអត្រាភាគរយច្រើនបំផុតនៅក្នុងបណ្តាប្រទេសទូទាំងពិភពលោក។ ជាក់ស្តែងនៅក្នុងតំបន់អាស៊ាន សហគ្រាសធុនតូច និងមធ្យម មានចំនួនប្រហែល ៩៧% នៃសហគ្រាសសរុបក្នុងតំបន់ និងបានប្រើប្រាស់ប្រមាណ ៦០% នៃកម្លាំងពលកម្មសរុប ដែលនេះបានឆ្លុះបញ្ចាំងឱ្យឃើញថា សហគ្រាសទាំងនេះ គឺជាសសរស្តម្ភដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងជាប្រភពនៃការផ្តល់ការងារដល់កម្លាំងពលកម្មនៃបណ្តារដ្ឋជាសមាជិកអាស៊ាន។
ឯកឧត្តមរដ្ឋមន្ត្រី គូសបញ្ជាក់ថា សម្រាប់កម្ពុជា រាជរដ្ឋាភិបាលក៏បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ដល់ការធានានូវសុខុមាលភាព និងការផ្តល់កិច្ចគាំពារសង្គម ដោយបានដាក់ឲ្យដំណើរការរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ដើម្បីផ្តល់ការគាំពារផ្នែកហិរញ្ញវត្ថុនៅពេលចាស់ជរា ជូនពលរដ្ឋដែលធ្វើការក្នុងវិស័យឯកជន ក៏ដូចជាមន្រ្តីសាធារណៈ, ការបន្តអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ សម្រាប់វិស័យឯកជន និងវិស័យសាធារណៈ, ការពិនិត្យលទ្ធភាពពង្រីកវិសាលភាពជាជំហានៗនូវមូលនិធិសមធម៌សុខាភិបាល និងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដើម្បីពង្រីកការគាំពារទៅដល់ពលរដ្ឋរស់នៅក្បែរបន្ទាត់នៃភាពក្រីក្រ និងក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងការរៀបចំ និងដាក់ឱ្យអនុវត្តនូវកម្មវិធីលើកទឹកចិត្តឲ្យក្រុមហ៊ុន សហគ្រាស និងសហគ្រាសធុនតូច និងមធ្យម ចុះបញ្ជីបុគ្គលិកទាំងអស់នៅក្នុងប្រព័ន្ធបេឡាជាតិសន្តិសុខសង្គម ត្រូវបានដាក់បញ្ចូលទៅក្នុងសសរស្តម្ភទី៣ នៃក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ ដោយឈរលើសសរស្តម្ភចំនួន ៣ រួមមាន៖ ១.ការស្តារឡើងវិញ ២.ការកែទម្រង់ និង ៣.ការកសាងភាពធន់។
រដ្ឋមន្ត្រីក្រសួងការងារ បានសម្តែងនូវការអបអរសាទរ និងជម្រាបជូនអង្គពិធីថា “សេចក្តីថ្លែងការណ៍អាស៊ានស្តីពីចល័តភាពរបបសន្តិសុខសង្គម សម្រាប់ពលករទេសន្តរប្រវេសក៍ក្នុងតំបន់អាស៊ាន” ដែលជាគំនិតផ្តួចផ្តើមរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងអាណត្តិកម្ពុជាជាប្រធានអាស៊ាន ២០២២ ទើបតែទទួលបានការឯកភាពដោយកិច្ចប្រជុំក្រុមប្រឹក្សាសង្គម-វប្បធម៌អាស៊ាន កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ថ្មីៗនេះ ហើយត្រូវបានដាក់ជូនកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ ដើម្បីអនុម័ត និងប្រកាសនៅក្នុងខែវិច្ឆិការ ខាងមុខនេះ។ នេះជាសមិទ្ធិផលដ៏សំខាន់មួយទៀតរបស់អាស៊ាន និងជាការបោះជំហ៊ានដ៏ធំឆ្ពោះទៅកាន់ការធ្វើចល័តភាពនៃអត្ថប្រយោជន៍របបសន្តិសុខសង្គម សម្រាប់ពលករទេសន្តរប្រវេសក៍អាស៊ាន ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍ និងឯកច្ឆន្ទភាពអាស៊ានស្តីពីការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍៕