ទៅហាត់នៅចិន អត្តពលកម្មមានការរីកចម្រើន
ភ្នំពេញ៖លោកពៅស៊ីថាគ្រូបង្វឹកកីឡាអត្តពលកម្មកម្ពុជាលើវិញ្ញាសារត់មធ្យមបាននិយាយឲ្យដឹងថាក្រោយពេលកីឡាករកីឡាការិនីអត្តពលកម្មកម្ពុជាលើវិញ្ញាសារត់ចម្ងាយមធ្យមបានទៅហ្វឹកហាត់នៅចិនមួយរយៈពេលកន្លងទៅក្រុមការងារបច្ចេកទេសបានកត់សំគាល់ឃើញពីការរីកចម្រើននិងមានភាពវិជ្ជមានច្រើនបើប្រៀបធៀបនឹងការហ្វឹកហាត់នៅប្រទេសកំណើត។
ការរីកចម្រើនគួរឲ្យកត់សំគាល់បែបនេះ គឺជាក្តីរំពឹងរបស់សហព័ន្ធក្នុងដណ្តើមមេដាយ នៅកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សិទ្ធផលរបស់ពួកគាត់កើនឡើងខ្លាំង។ មួយថ្ងៃ ពួកគាត់ហាត់២ពេល គឺពេលព្រឹក និងពេលល្ងាច រយៈពេលពី២ទៅ៣ម៉ោង ស្របតាមកម្មវិធីប្រចាំខែ ហើយក៏តាមដំណាក់កាល គឺហ្វឹកហាត់កម្លាំងមានខ្លាំងមានខ្សោយបច្ចេកទេសនិងការសម្រួលសាច់ដុំតាមគោលការណ៍ដែលគ្រូជំនាញចិនបានដាក់ឲ្យ។
ការបញ្ជូនកីឡាករ កីឡាការិនីទៅហ្វឹកហាត់នៅចិន គឺជាចំណុចវិជ្ជមានបន្ថែមទៀត ដើម្បីឲ្យពួកគាត់ដឹងច្បាស់ពីចំណុចខ្លាំងនិងចំណុចខ្សោយរបស់ខ្លួនតាមរយៈគ្រូជំនាញកម្រិតខ្ពស់ជនជាតិចិនពាក់ព័ន្ធនឹងបច្ចេកទេសកម្លាំងកាយនិងការបន្សាំខ្លួនពីការប្រកួតកម្រិតអន្តរជាតិ។
សហព័ន្ធកីឡាអត្តពលកម្មកម្ពុជាបានបញ្ជូនកីឡាករកីឡាការិនី៤រូបទៅហ្វឹកហាត់នៅប្រទេសចិន រួមមានកីឡាការិនី កាន់ ស្រីរ័ត្ន រត់ចម្ងាយ ៨០០ម៉ែត្រ, កីឡាករ ឈុន ប៊ុនថន រត់ចម្ងាយ ៨០០ម៉ែត្រ, ផាត សុភុត រត់ចម្ងាយ ១.៥០០ម៉ែត្រ និងកីឡាករ ផាន់ សុខហេង រត់ចម្ងាយ ៤០០ម៉ែត្រវិញ្ញាសារត់ផ្លោះរបង, និងរត់ចម្ងាយ ៨០០ម៉ែត្រ។
កាលស៊ីហ្គេម ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន កីឡាករ ឈុន ប៊ុនថន ធ្វើបានល្អ ក្នុងថិរវេលា ១នាទី ៥៣វិនាទី លើវិញ្ញាសា ៨០០ម៉ែត្រ ប៉ុន្តែស៊ីហ្គេម នៅវៀតណាម រូបគេធ្វើមិនសូវបានល្អដោយសារការហ្វឹកហាត់ក្នុងវិបត្តិកូវីដ-១៩។ រីឯកីឡាករ ផាត សុភុត ធ្វើបានល្អ លើវិញ្ញាសា ៨០០ម៉ែត្រ និងវិញ្ញាសា ១,៥០០ម៉ែត្រ ដោយធ្វើក្នុងថិរវេលា ៤នាទី ១៦វិនាទី នៅស៊ីហ្គេម វៀតណាមកាលពីពេលថ្មីនេះ។
ចំពោះកីឡាការិនីកាន់ស្រីរ័ត្នវិញមានបទពិសោធន៍តិចតួចនិងកត្តាសុខភាពមិនសូវអំ
ណោយផលផងធ្វើឲ្យសហព័ន្ធមិនសូវរំពឹងទេប៉ុន្តែបន្ទាប់ពីទៅហ្វឹកហាត់នៅចិនក៏ជំរុញឲ្យគាត់កាន់តែល្អ និងទទួលបានបទពិសោធន៍ត្រៀមការប្រកួតអន្តរជាតិនានានិងស៊ីហ្គេមបន្តបន្ទាប់។
កម្ពុជាបានបញ្ជូនប្រតិភូ គ្រូបង្វឹក និងអត្តពលិកជម្រើសជាតិសរុប ១៦១នាក់ លើ ១២ប្រភេទកីឡា រួមមានកីឡាកាយសម្ព័ន្ធ, បាល់បោះ, វាយកូនឃ្លីលើតុ, ចំបាប់, វាយសី, ហែលទឹក, លើកទម្ងន់, បាល់ទាត់-នារី និង បាល់ទះ ក្នុងនោះអត្តពលកម្ម បានបញ្ជូនកីឡាករ កីឡាការិនី សរុប ២០នាក់។ សម្រាប់វិញ្ញាសារត់មធ្យម មានកីឡាករ កីឡាការិនី៤រូបគឺកីឡាករ ឈុន ប៊ុនថន, ផាត សុភុត, ផាន់ សុខហេង និងកីឡាការិនី កាន់ ស្រីរ័ត្ន៕