កិច្ចប្រជុំអភិបាលក្រុងអាស៊ាន និងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ឆ្នាំ២០២២ នៅរាជធានីភ្នំពេញនឹងធ្វើឡើងនៅដើមខែធ្នូនេះ
ភ្នំពេញ៖ កិច្ចប្រជុំអភិបាលក្រុងអាស៊ាន(AMF)
និងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (MGMAC)ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ គ្រោងនឹងធ្វើឡើងនៅដើមខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ ។
ក្នុងកិច្ចប្រជុំគណៈកម្មការរៀបចំវេទិកាអភិបាលក្រុងអាស៊ាន និងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ឆ្នាំ២០២២ នៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៤ ខែវិច្ជិកា ឆ្នាំ២០២២នេះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា៖ ដើម្បីអោយដំណើរនៃកិច្ចប្រជុំខាងលើនិងកិច្ចប្រជុំកំពូលអាស៊ាន ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ និងកិច្ចប្រជុំកំពូលពាក់មួយចំនួនទៀត ប្រធានគណៈ
បញ្ជាការរដ្ឋបាលខណ្ឌទាំង១៤ ត្រូវពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់អោយបានល្អបំផុត ពិសេសការដាក់កម្លាំងដើម្បីត្រួតពិនិត្យអាវុធជាតិផ្ទុះនៅតាមដងផ្លូវក្នុងមូលដ្ឋានរបស់ខ្លួន ជាមួយនឹងការពិនិត្យរដ្ឋបាល
នៅតំបន់ស្មុកស្មាញអោយបានខ្លាំងក្លា ព្រោះថា សម្រាប់ កិច្ចប្រជុំកំពូលអាស៊ាន នឹងមានមេដឹកនាំប្រទេសមហាអំណាចជាច្រើនរូប មានទាំងចិន អាមេរិក រុស្ស៊ីជាដើមនឹងមកចូលរួមនៃកិច្ចប្រជុំនេះ។
លោកឃួង ស្រេង ក៏បានបញ្ជាយ៉ាងម៉ឺងម៉ាត់ថា៖ កម្លាំងនិងអាជ្ញាធរទាំងអស់ត្រូវរឹតបន្តឹងសន្តិសុខអោយបានខ្លាំងក្លាបំផុត ដាច់ខាត មិនអោយភាគីណាមួយមកបំផ្លាញកិច្ចប្រជុំកំពូលអាស៊ាននេះបានឡើយ។
លោកនួន ផារ័ត្ន អភិបាលរងរាជធានី បានមានប្រសាសន៍លើកឡើងថា៖ សម្រាប់កិច្ចប្រជុំអភិបាលក្រុងអាស៊ាន(AMF)
និងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (MGMAC)ឆ្នាំ២០២២ ជាគម្រោងនឹងធ្វើឡើងនៅថ្ងៃទី០២និងទី០៣ខែធ្នូ ឆ្នាំ២០២២នេះនៅរាជធានីភ្នំពេញ ។ក្នុងនាមយើងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ យើងត្រូវរៀបចំវេទិកានេះអោយបានម៉ត់ចត់។ លោកបញ្ជាក់ថា៖ គិតមកដល់ពេលនេះ មានទីក្រុងចំនួន៧៣ហើយ ដែលយើងបានអញ្ជើញអោយមកចូលរួម ហើយយើងក៏បាននិងកំពុងអញ្ជើញអភិបាលក្រុងធំៗជាបន្តបន្ទាប់ទៀតផងដែរ។ ភាពចំណេញពីកិច្ចប្រជុំអភិបាលក្រុងអាស៊ាន(AMF)និងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (MGMAC) គឺបានផលពីការចែករំលែកបទពិសោធន៍រវាងទីក្រុងនិងទីក្រុង ពិសេសធ្វើអោយទីក្រុង មានភាពធន់ ទីក្រុងស្អាត និងជាក្រុងមានភាពឆ្លាតវៃជាដើម។
គួរបញ្ជាក់ថា៖ គណៈកម្មការរៀបចំវេទិកាអភិបាលក្រុងអាស៊ាន និងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ឆ្នាំ២០២២ ត្រូវបានបង្កើតឡើង ដោយមាន សមាជិកចំនួន៧១រូប ដែលមានលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញជាប្រធាន និងលោកនួន ផារ័ត្ន អភិបាលរងរាជធានី ជាអនុប្រធានប្រចាំការ៕