ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧបនាយករដ្ឋមន្ត្រីអូន ព័ន្ធមុនីរ័ត្ន ជួបពិភាក្សាការងារជាមួយ ឯកអគ្ដរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន

80

 

ភ្នំពេញ ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Masahiro MIKAMI ឯកអគ្ដរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដោយអមដោយមន្រ្តីការទូត និងតំណាងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិជប៉ុន (JICA) នៅកម្ពុជា ចូលរួមផងដែរ, នារសៀលថ្ងៃទី ០៣ ខែ វិច្ឆិកា ឆ្នាំ ២០២២, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជាថ្មី ម្តងទៀត ចំពោះវត្តមានរបស់ឯកឧត្តម Masahiro MIKAMI និងក្រុមការងារ ដែលតែងតែផ្ដល់កិច្ចសហការស្ទើរគ្រប់វិស័យ ក្នុងការចូលរួមចំណែកដល់សកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅកម្ពុជា និងបានឆ្លៀតឱកាសថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះ វត្តមានឯកឧត្តម Masahiro MIKAMI ដែលបានអញ្ជើញចូលរួមក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “ក្របខណ្ឌគោលនយោបាយជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជា ២០២២ – ២០៣៥” កាលពីព្រឹកថ្ងៃទី ០៣ ខែ វិច្ឆិកា ឆ្នាំ ២០២៦ នេះ ដែលក្របខណ្ឌគោលនយោបាយនេះ នឹងដើរតួនាទីយ៉ាងសំខាន់ សម្រាប់ការធ្វើឱ្យប្រសើរឡើងនូវផលិតភាព ដើម្បីលើកស្ទួយសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ និងសង្គមកម្ពុជាទាំងមូល ក្នុងរយៈពេលវែង ។

ឯកឧត្តម Masahiro MIKAMI បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានសម្តែងនូវ ការអបអរសាទដែលរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រេចបាននូវសមិទ្ធិផលថ្មីមួយទៀត គឺការដាក់អនុវត្តជាផ្លូវការ “ក្របខណ្ឌគោលនយោបាយជាតិ ផលិតភាពសេដ្ឋកិច្ចកម្ពុជា ២០៦៦-២០៣៥” ។ ជាមួយគ្នានេះ, ក្នុងអាណិត្ដបំពេញភារកិច្ចការទូតនៅកម្ពុជា, ឯកឧត្តមឯកអគ្គរាជទូត បានខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបន្តការគាំទ្រនូវការផ្តល់ហិរញ្ញប្បទានសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ (ODA) ទាំងក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណង, ឥណទានសម្បទាន និងជំនួយបច្ចេកទេស ជាពិសេស ជំរុញការអភិវឌ្ឍវិស័យឯកជននានានៅកម្ពុជា និងសូមថ្លែងអំណរគុណចំពោះឯកឧត្តមអគ្គ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏ដូចជា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័នពាក់ព័ន្ធ ដែលតែងតែបានផ្តល់នូវ
កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងប្រទេសកម្ពុជា-ជប៉ុន នាពេលកន្លងមក ។ ឆ្លៀតក្នុងឱកាសនោះ, ឯកឧត្តមឯកអគ្គ រាជទូតជប៉ុន ក៏សូមស្នើសុំនូវកិច្ចអន្តរាគមន៍ និងការជួយគាំទ្របន្ថែមទៀតលើគម្រោង វិនិយោគរបស់ក្រុមហ៊ុនជប៉ុន នៅកម្ពុជា ក្នុងទិសដៅទាក់ទាញការវិនិយោគពីវិស័យឯកជន និងវិនិយោគិនជប៉ុនចូលមកកម្ពុជាបន្ថែមទៀត ជាក់ស្តែង ក្រុមហ៊ុនតូយ៉ូតាជប៉ុន ដែលនឹងគ្រោងនឹងបើកប្រតិបត្តិការរោងចក្រតម្លើងយានយន្ត (Toyota Vehicle Assembly) នៅ កម្ពុជាឆាប់ៗខាងមុខនេះ និងផ្សារ AEON Malls ជាដើម ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានសម្តែងស្វាគមន៍ ចំពោះរាល់គម្រោងវិនិយោគនានា ក្នុងវិស័យឯកជន ជាពិសេស គម្រោងបង្កើតរោងចក្រតម្លើងយានយន្តរបស់ក្រុមហ៊ុនតូយ៉ូតា(Toyota Vehicle Assembly) នៅកម្ពុជា ដែលនេះជាការលើកស្ទួយដល់វិស័យវិនិយោគឯកជន និងក៏ជាការផ្តល់នូវទំនុកចិត្តដ៏សំខាន់ទៅ ដល់វិនិយោគិន មកពីប្រទេសជប៉ុន និងប្រទេសដទៃ ហើយក៏ជាការនាំមកនូវកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនជប៉ុន មកកាន់កម្ពុជា ។ ជារួម, រាជរដ្ឋាភិបាលកម្ពុជា គាំទ្រចំពោះផែនការគម្រោងវិនិយោគ និងលើកទឹកចិត្តដល់បណ្ដាវិនិយោគិនជប៉ុន និង ខិតខំបន្តក៏រុញបន្ថែមទៅកាន់ស្ថាប័នពាក់ព័ន្ធ ដើម្បីអាចផ្តល់ឱកាស និងជំរុញបរិយាកាសអំណោយផលវិនិយោគសម្រាប់ វិនិយោគិនជប៉ុនបន្ថែមទៀត ។

ភាគីទាំងពីរ ក៏បានពិភាក្សាផ្លាស់ប្តូរយោបល់លើគម្រោងដែលកំពុងដំណើរការ និងបេក្ខភាពតម្រោងអភិវឌ្ឍន៍ថ្មីៗ ក្នុងក្របខ័ណ្ឌឥណទានសម្បទានពីប្រទេសជប៉ុន (JICA ODA Loan) ដោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានស្នើដល់ រដ្ឋាភិបាលជប៉ុន បន្តជួយគាំទ្របន្ថែមទៀតដល់គម្រោងដែលកំពុងដំណើរការ និងសូមបន្តយកចិត្តទុកដាក់ខ្ពស់ទៅដល់ បេក្ខភាពតម្រោងនានា ដើម្បីធានាបាននូវនិរន្តភាព និងប្រសិទ្ធភាពនៃការប្រើប្រាស់ហិរញ្ញវត្ថុ ឱ្យមានភាពប្រទាក់ក្រឡា ជាមួយគោលនយោបាយ និងយុទ្ធសាស្រ្តពាក់ព័ន្ធ។ ភាគីទាំងពីរបានពិភាក្សា និងប្ដេជ្ញាថា នឹងបន្តជំរុញសកម្មភាពពាណិជ្ជកម្ម និងការលើកកម្ពស់ការវិនិយោតពីវិស័យឯកជន ដើម្បីទាក់ទាញអ្នកវិនិយោគិនជប៉ុនឲ្យបានច្រើនបន្ថែមទៀត ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ នួន ព័ន្ធមុនីរ័គ្គ ឧបនាយករដ្ឋមន្ត្រី ក៏សូមថ្លែងអំណរចំពោះកិច្ចខិតខំប្រឹងប្រែង និងស្នាដៃជាច្រើនរបស់ឯកឧត្តម Masahiro MIKAMI ឯកអគ្គរាជទូត ចំពោះប្រទេសកម្ពុជា ព្រមទាំងសហការី រួមមានទី ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ដែលតែងតែផ្ដល់កិច្ចសហការយ៉ាងល្អប្រពៃ កន្លងមក៕

អត្ថបទដែលជាប់ទាក់ទង