រដ្ឋបាលរាជធានី ប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា ក្រោមប្រធានបទ « មាតុភូមិយើង កាតព្វកិច្ចយើង ស្អាត និងបៃតង»
ភ្នំពេញ៖រដ្ឋបាលរីករាជធានីភ្នំពេញ និងក្រសួងបរិស្ថាននៅព្រឹកថ្ងៃទី 5 ខែវិច្ឆិកាឆ្នាំ 2022 នេះបានរួមគ្នាប្រារព្ធទិវាអនាម័យបរិស្ថានជាតិ 23 វិច្ឆិកាក្រោមប្រធានបទ “មាតុភូមិយើងកាតព្វកិច្ចយើងស្អាតនិងបៃតង”នៅសួនច្បារមុខវត្តបទុមវតី ក្រោមអធិបតីលោកហួត ហៃ អភិបាលរងរាជធានីតំណាងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងក៏មានការចូលរួមពីសិស្សយុវជនប្រជាពលរដ្ឋក្រុមហ៊ុនប្រមូលសំរាមនិងភាគីពាក់ព័ន្ធជាច្រើនទៀត។
ក្នុងឱកាសនោះលោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានថ្លែងនៅក្នុងពិធីបើកទិវាអនាម័យនិងបរិស្ថាននេះថា ទិវានេះប្រារព្ធឡើងក្នុងគោលបំណង លើកកម្ពស់ការអប់រំ ផ្សព្វផ្សាយ និងជំរុញចលនាប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ សិស្ស និសិ្សត ឱ្យចូលរួមធ្វើអនាម័យ កែលម្អសោភ័ណភាពទីក្រុង ភូមិឋាន វត្តអារាម សាលារៀន មន្ទីរពេទ្យ រោងចក្រ សហគ្រាស ទីផ្សារ និងមជ្ឈមណ្ឌលសេដ្ឋកិច្ច ដើម្បីរួមចំណែកធ្វើអោយរាជធានីភ្នំពេញ មានអនាម័យបរិស្ថានស្អាត និងភាពទាក់ទាញ។
ទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា នាឱកាសនេះ ប្រព្រឹត្តទៅក្រោមប្រធានបទ « មាតុភូមិយើង កាតព្វកិច្ចយើង ស្អាត និងបៃតង» និងមានអ្នកចូលរួមប្រមាណជា ៩០០ នាក់ មកពីមន្ទីរបរិស្ថាន ទីចាត់ការគ្រប់គ្រងសំណល់ និងបរិស្ថាន អង្គភាពជុំវិញរាជធានី ប្រជាពលរដ្ឋខណ្ឌដូនពេញ ចំការមន បឹងកេងកង យុវជនកាយរិទ្ធិ យុវជនកាកបាទក្រហម យុវជន ៤ក ៤រ យុវជនសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រតិបត្តិករក្រុមហ៊ុនដឹក និងប្រមូលសំរាម ទាំង៣ក្រុមហ៊ុន)។
លោកអភិបាលរងបានបញ្ជាក់ថា បន្ទាប់ពីមានការជំរុញនិងលើកទឹកចិត្តពីសំណាក់ប្រមុខរាជរដ្ឋាភិបាលដល់ភាគីពាក់ព័ន្ធឲ្យយកចិត្តទុកដាក់ដោះស្រាយបញ្ហាសម្រាមនៅក្នុងរាជធានីភ្នំពេញឲ្យមានភាពល្អប្រសើរនោះ។ រដ្ឋបាលរាជធានីភ្នំពេញនិងភាគីពាក់ព័ន្ធរួមទាំងប្រជាពលរដ្ឋបានប្រឹងប្រែងដោះស្រាយបញ្ហាសំរាមរហូតមកដល់ពេលនេះឃើញថាទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ពោលគឺសម្រាមមិនមែនជាបញ្ហាប្រឈមសម្រាប់យើងតទៅទៀតទេគឺយើងបានរួមគ្នាដោះស្រាយបានយ៉ាងល្អប្រសើរមួយកំរិតហើយ បន្ទាប់ពីយើងបានទទួលយកក្រុមហ៊ុនប្រមូលសម្រាមទាំងបីមកធ្វើការជាមួយគ្នា។
លោកហួត ហៃ ក៏បានបញ្ជាក់ផងដែរថា អ្វីដែលជាបញ្ហាប្រឈមចំពោះមុខសម្រាប់រាជធានីភ្នំពេញជារៀងរាល់ថ្ងៃនោះ គឺបញ្ហាកកស្ទះចរាចរណ៍ដែលបានក្លាយទៅជាបញ្ហាប្រឈមដ៏ស្មុគស្មាញ ដែលរដ្ឋបាលរាជធានីភ្នំពេញបាននិងនិងភាគីពាក់ព័ន្ធបាននឹងកំពុងប្រឹងប្រែងស្វែងរកយន្តការដោះស្រាយជាបន្តបន្ទាប់ធ្វើយ៉ាងណាឲ្យការកកស្ទះចរាចរណ៍មានភាពប្រសើរឡើងនាពេលខាងមុខនេះ។
ជាមួយគ្នានោញដែរ
លោក គាត រង្ស៊ី ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ បានរាយរបាយការណ៍ជូនក្នុងអង្គពិធីនេះថា ឥឡូវនេះសម្រាមមិនត្រូវបានរាយប៉ាយពាលវាពាក្យកាលដូចមុនទៀតឡើយ ពោលគឺប្រជា ពលរដ្ឋមានការយល់ដឹង ចូលរួមវេចខ្ចប់ ទុកដាក់និងបញ្ចេញសម្រាមបានតាមពេលវេលាកំណត់ ហើយក្រុមប្រតិបត្តិករ ទាំងបីក៏បានប្រឹងប្រែងបំពេញការងារភារកិច្ចរបស់ខ្លួនយ៉ាងសកម្មធ្វើឲ្យសម្រាមមិនមានការកកស្ទះនៅតាមទីតាំងឬមុខលំនៅដ្ឋសនខាងប្រជាពលរដ្ឋដូចមុននោះទេ។
លោកប្រធានមន្ទីរក៏បានបញ្ជាក់ផងដែរថា ពាក់ព័ន្ធទៅនឹងបញ្ហាសំរាម មិនមែនជារឿងទទួលខុសត្រូវរបស់បុគ្គល ក្រសួង ស្ថាប័នឬជំនាញណាមួយនោះទេ គឺជាការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា ដោយមានការយល់ដឹងអំពីបញ្ហាអនាម័យ បរិស្ថាន និងសោភ័ណភាពនៅក្នុងប្រទេសរបស់យើង យើងរួមគ្នាធ្វើឲ្យប្រទេសរបស់យើងមានបរិស្ថានល្អនិងបៃតងគ្រប់ទីកន្លែង។
សូមបញ្ជាក់ថា នៅក្នុងទិវា អនាម័យបរិស្ថានជាតិ 23 វិច្ឆិកា ឆ្នាំ 2022 នេះ ក្រុមអ្នកចូលរួមត្រូវប្រមូលសម្រាមនៅតាមទីសាធារណៈ បានធ្វើបែងចែកជាពីរក្រុមផ្សេងគ្នា មួយក្រុមដឹកនាំដោយឯកឧត្តមហួតហៃធ្វើការដើររើសសំរាមនៅតាមសួនច្បារមុខវត្តបទុមវត្តីនិងឆ្ពោះទៅមុខព្រះបរមរាជវាំង នឹងមួយក្រុមទៀត ដឹកនាំដោយទីប្រឹក្សាក្រសួងបរិស្ថានឆ្ពោះមកតាមបណ្ដោយសួនច្បារសម្ដេចតេជោ និងទីសាធារណៈផ្សេងទៀតក្នុងដែនដីសង្កាត់ទន្លេបាសាក់៕