ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សេចក្ដី​ជូនដំណឹង​ ស្តីពី​ការ​បញ្ចៀស​ចរាចរណ៍​ ក្នុង​កំឡុង​ពេល​កិច្ច​ប្រជុំ​កំពូល​អាស៊ានលើក​ទី​៤០​ និង​លេីកទី៤១ និង​កិច្ច​ប្រជុំ​ពាក់ព័ន្ធ​នៅ​រាជធានី​ភ្នំពេញ

118

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់សាធារណជននៅរាជធានីភ្នំពេញឱ្យបានជ្រាបថា ក្នុងឆ្នាំ២០២២នេះ ព្រះរាជាណាចក្រកម្ពុជាត្រូវធ្វើជាប្រធានប្តូរវេនអាស៊ាន ដោយកន្លងមកបានរៀបកិច្ចប្រជុំ ជាបន្តបន្ទាប់ចាប់តាំងពីដើមឆ្នាំ ហើយជាពិសេសក្នុងអំឡុងខែវិច្ឆិកានេះនឹងត្រូវរៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ នាពេលខាងមុខ។

ក្នុងកិច្ចដំណើរការនៃកិច្ចប្រជុំកំពូលអាស៊ានខាងលើនឹងមានការចូលរួមពីប្រតិភូជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ ដូចនេះដើម្បីឱ្យកិច្ចប្រជុំប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀស ចរាចរចំពោះយានយន្តគ្រប់ប្រភេទនៅតាមបណ្តាវិថីសំខាន់ៗមួយចំនួនក្នុងអំឡុងពេលគណៈប្រតិភូជាន់ខ្ពស់ ជាតិ និងអន្តរជាតិធ្វើដំណើរឆ្លងកាត់ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន តាមកាលបរិច្ឆេទខាងលើនេះ តាមតម្រាយ

ផ្លូវដូចខាងក្រោម៖ ១- ចំពោះយានយន្តដែលធ្វើដំណើរចូលរាជធានីភ្នំពេញតាមមហាវិថីសហព័ន្ធរុស្ស៊ី ត្រូវបង្វែរទិស ចរាចរណ៍ត្រង់ចំណុចស្ពានអាកាសចោមចៅឆ្ពោះទៅមហាវិថីចោមចៅ។

២- ចំពោះយានយន្តដែលធ្វើដំណើរចេញ-ចូលមហាវិថីព្រះនរោត្តម ត្រូវបង្វែរទិសចរាចរណ៍តាម ផ្លូវលេខ៦៣ និងតីរវិថីព្រះស៊ីសុវត្ថិ។

៣- ចំពោះយានយន្តដែលធ្វើដំណើរចេញ-ចូលមហាវិថីព្រះមុនីវង្ស ត្រូវបង្វែរទិសចរាចរណ៍ត្រង់ ចំណុចច្រមុះជ្រូកក្បាលថ្នល់ឆ្ពោះទៅមហាវិថីកងយោធពលខេមរភូមិន្ទ(ផ្លូវលេខ២៧១) និង ត្រង់រង្វង់មូលកួចកាណុងត្រូវបង្វែរទៅវិថីឧកញ៉ា ឃ្លាំងមឿង(ផ្លូវលេខ៧០)។

៤- ចំពោះយានយន្តដែលធ្វើដំណើរចូលរាជធានីភ្នំពេញតាមផ្លូវជាតិលេខ៦ ត្រូវបង្វែរទិសចរាចរណ៍ តាមមហាវិថីឈ្នះឈ្នះ។ ករណីយានយន្តស្ថិតនៅក្នុងតំបន់ជ្រោយចង្វារត្រូវបង្វែរចរាចរណ៍តាម រង្វង់មូលនាងទេពមច្ឆាឆ្លងតាមស្ពានបេឡេចូលរាជធានីភ្នំពេញ។

៥- ចំពោះយានយន្តដែលធ្វើដំណើរលើវិថីឧកញ៉ា ឃ្លាំងមឿង (ផ្លូវលេខ៧០) ក្នុងទិសដៅទៅរង្វង់ មូលកួចកាណុងត្រូវបង្វែរទិសចរាចរណ៍ចូលតាមមហាវិថីស៊ីធីសេនធ័រ(ផ្លូវលេខ១៦៩តំបន់ បឹងកក់) និងផ្លូវបេតុងផ្សារសំហាន់ឆ្ពោះទៅផ្លូវលេខ៥៩៨។ ៦- ចំពោះសាឡង់ដឹកខ្សាច់ និងទូកទេសចរណ៍ពុំអនុញ្ញាតឱ្យចរាចរតាមដងទន្លេសាប និងទន្លេមេគង្គលើ

ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។ ៧- ចំពោះកំពង់ចម្លងសុខាមករាជធានីភ្នំពេញត្រូវបានផ្អាកដំណើរការទាំងស្រុង ក្នុងអំឡុងពេលកិច្ចប្រជុំ ខាងលើ។ ដោយឡែកចំពោះកំពង់ចម្លងអរិយក្សត្រអនុញ្ញាតឱ្យដំណើរការធម្មតា តែទីតាំងកំពង់ ចម្លងផ្នែកខាងលិចត្រូវប្ដូរទៅចត និងឡើងនៅកំពង់ចម្លងខាងកោះពេជ្រវិញ។

៨- ហាមដាច់ខាតការបង្ហោះខ្លែង និងឧបករណ៍ម៉ាស៊ីនថតរូប និងវីដេអូបំពាក់លើយន្តហោះបញ្ជ (Drone) ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាពិសេសតាមផ្លូវហោះហើររបស់យន្តហោះ។

ទន្ទឹមនឹងនេះ ដើម្បីលើកកម្ពស់កិត្តិយស និងកិត្យានុភាពជាតិ ក៏ដូចជាអបអរសាទរដែលព្រះរាជាណាចក្រ កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានឱ្យទទួលបានជោគជ័យ សូមបងប្អូនប្រជាពលរដ្ឋមេត្តាចូលរួម និងសហការឱ្យបានល្អជាមួយកម្លាំងមានសមត្ថកិច្ច ក្នុងគោលបំណងរក្សាឱ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈបានល្អប្រសើរក្នុងរាជធានីភ្នំពេញ។

អាស្រ័យហេតុនេះ សូមសាធារណជនដែលធ្វើដំណើរតាមដងផ្លូវក្នុងរាជធានីភ្នំពេញមេត្តាជ្រាបនិង បញ្ចៀសការធ្វើដំណើរឆ្លងកាត់តាមទីតាំង និងកាលបរិច្ឆេទខាងលើដោយអនុគ្រោះ។ ផុតរយៈពេលហាមឃាត់ បណ្ដោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យធ្វើចរាចរជាធម្មតាវិញ។

ទទួលបានសេចក្ដីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌទាំង១៤ ព្រមទាំងមន្ទីរ អង្គភាពជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ត្រូវធ្វើការ ផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងចាត់តាំងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង