ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធនាគារអភិវឌ្ឍន៍អាស៊ី អនុម័តកម្ចី៧០លានដុល្លារ ក្នុងការពង្រឹងកំណែទម្រង់ ការអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិនៅកម្ពុជា

66

(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្ចីចំនួន ៧0លានដុល្លារ ដល់ប្រទេសកម្ពុជា ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការធ្វើកំណែទម្រង់ស៊ីជម្រៅលើផ្នែកវិទ្យសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) នៃការអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិ នៅទូទាំងប្រទេស។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២

គម្រោងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្នុងការអប់រំមធ្យមសិក្សាទុតិយភូមិនេះ នឹងជួយកម្ពុជាអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ជាពិសេសក្នុងវិស័យ STEM ខណៈដែលប្រទេសប្រាថ្នាចង់ប្រែក្លាយ សេដ្ឋកិច្ចរបស់ខ្លួន ទៅជាសេដ្ឋកិច្ចដែលជំរុញដោយបច្ចេកវិទ្យានិងចំណេះដឹង។ បន្តពីកម្មវិធីអភិវឌ្ឍន៍វិស័យអប់រំពីមុនរបស់ADBសម្រាប់ប្រទេសកម្ពុជា គម្រោងនេះ នឹងពង្រីកលទ្ធភាពទទួលបាន​ ការអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិដែលផ្អែកលើស្តង់ដារ លើកកម្ពស់ការអប់រំSTEMដោយគុណភាព និងពង្រឹង សមត្ថភាពស្ថាប័នសម្រាប់ការធ្វើផែនការ ការគ្រប់គ្រង និង ការផ្តល់ការអប់រំមធ្យមសិក្សាទុតិយភូមិ។

លោកស្រី Lynnette Perez អ្នកឯកទេសជាន់ខ្ពស់ផ្នែកអប់រំ របស់ADB សម្រាប់តំបន់អាស៊ី អាគ្នេយ៍ បានថ្លែងថា «ដោយសារតម្រូវការខ្លាំងនៃជំនាញ STEM គម្រោងនេះនឹងជួយពង្រឹងប្រព័ន្ធ អប់រំរបស់កម្ពុជាតាមរយៈការធ្វើឱ្យប្រសើរឡើងនូវការអប់រំ STEM បច្ចុប្បន្ន ដើម្បីតាមទាន់ការកើនឡើងនៃតម្រូវការសម្រាប់កម្លាំងពលកម្មដែលមានសមត្ថភាពខ្ពស់។ ការងារនេះមានសារៈសំខាន់ ណាស់សម្រាប់ប្រទេសកម្ពុជា ក្នុងការបំពេញជំនាញ ចំណេះដឹង និងសមត្ថភាពសតវត្សទី២១ ទៅក្នុងការអប់រំ STEM របស់ខ្លួន។ វានឹងធ្វើឱ្យប្រសើរឡើងនូវជំនាញរបស់សិស្សក្នុងការគិតបែបវិភាគ ការដោះស្រាយបញ្ហា ការច្នៃប្រឌិត និងការសហការ ដែលទាំងនេះនឹងត្រូវការសម្រាប់សេដ្ឋកិច្ចផ្អែកលើចំណេះដឹង»។

គម្រោងនេះនឹងដាក់ចេញនូវស្តង់ដារសម្រាប់ការអប់រំប្រកបដោយគុណភាពសម្រាប់អនុវិទ្យាល័យទាំងអស់ ធ្វើឱ្យប្រសើរឡើងនូវបរិក្ខារ ព្រមទាំងផ្តល់នូវបច្ចេកវិទ្យាអប់រំ និងឧបករណ៍ STEM សំខាន់ៗ សម្រាប់ប្រទេសកម្ពុជា។ ក្នុងចំណោមផែនការរបស់គម្រោង ក៏នឹងមានការធ្វើឱ្យប្រសើរឡើងនូវសម្ភារៈបរិក្ខារនៃសាលាមធ្យមសិក្សាទុតិយភូមិចំនួន ១៤ និងសាលាមធ្យមសិក្សាទុតិយភូមិទូទៅចំនួន ១០៣ ដោយបំប្លែងថ្នាក់រៀនចំនួន ៣ ក្នុងសាលានីមួយៗទៅជាថ្នាក់រៀនវិទ្យាសាស្ត្រចំនួន ២ និងបណ្ណាល័យមួយ ដែលមានបំពាក់ឧបករណ៍ សម្ភារៈបង្រៀន សៀវភៅ គ្រឿងសង្ហារិម និងធនធានបច្ចេកវិទ្យាអប់រំចាំបាច់។

ដើម្បីបង្កើនជំនាញគរុកោសល្យ និងចំណេះទ្រឹស្តីរបស់គ្រូបង្រៀន និងពង្រឹងការផ្តល់ការអប់រំ STEM គម្រោងនឹងផ្តល់នូវការអភិវឌ្ឍវិជ្ជាជីវៈជាបន្តបន្ទាប់ក្នុងការបង្រៀនប្រកបដោយប្រសិទ្ធភាព និងប្រកបដោយភាពច្នៃប្រឌិតដល់គ្រូបង្រៀន STEM ចំនួន ៧៧៥ នាក់ ដែលមានស្ត្រីយ៉ាងតិច ៤0% និងសាស្ត្រាចារ្យ STEM ចំនួន ២៥ នាក់ មកពីវិទ្យាស្ថានជាតិអប់រំ ដែលមានស្ត្រីយ៉ាងហោចណាស់ ៨0% ។ មជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្ពុជា ដែលជាមជ្ឈមណ្ឌលកូនកាត់ស្ថិតនៅក្នុងទីក្រុងភ្នំពេញ និងកម្មវិធីឌីជីថលដ៏រឹងមាំ នឹងត្រូវបានបង្កើតឡើងសម្រាប់ការចូលប្រើប្រាស់ដោយសាលារៀន និងសហគមន៍ទូទាំងប្រទេស។

ដោយទទួលស្គាល់នូវតួនាទីសំខាន់របស់អ្នកដឹកនាំសាលានៅក្នុងការផ្តល់ការអប់រំ និងលទ្ធផលសិក្សា STEM គម្រោងនេះនឹងផ្តល់ការអភិវឌ្ឍវិជ្ជាជីវៈជាបន្តបន្ទាប់ដល់នាយកវិទ្យាល័យចំនួន ១៥៥ ស្តីពីការដឹកនាំ និងការគ្រប់គ្រងសាលារៀន ការត្រួតពិនិត្យការបង្រៀន និងការកសាងភាពជាដៃគូ ដែលមានសិក្ខាកាម ៨0% ជាស្ត្រី។

លើសពីនេះ គម្រោងនឹងពង្រឹងមុខងារវិភាគ និងផែនការទូទាំងប្រព័ន្ធ តាមរយៈការអភិវឌ្ឍសមត្ថភាព និងផ្តល់នូវការប្រមូលទិន្នន័យជាក់ស្តែងភ្លាមៗនៅកម្រិតសាលា ដែលអាចឱ្យអ្នកដឹកនាំសាលាប្រើប្រាស់ទិន្នន័យទាំងនោះដើម្បីកែលម្អការគ្រប់គ្រងសាលារៀន។

ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ បង្កើត ឡើងនៅឆ្នាំ ១៩៦៦ ធនាគារនេះគ្រប់គ្រងដោយសមាជិកចំនួន ៦៨ ប្រទេស ដែលក្នុងនោះមាន ៤៩ ប្រទេស មកពីតំបន់អាស៊ីនិងប៉ាស៊ីហ្វិក៕

អត្ថបទដែលជាប់ទាក់ទង