បាល់បោះជនពិការនារីកម្ពុជា ឈ្នះឥណ្ឌា និងនេប៉ាល់
ភ្នំពេញ៖ក្រុមបាល់បោះជិះរទេះជនពិការនារីកម្ពុជាបន្ទាប់ពីឈ្នះឥណ្ឌានោះក៏បានយកឈ្នះក្រុមនេប៉ាល់ជាបន្តក្នុងព្រឹត្តិការណ៍ប្រកួត ICRC International Wheelchair Basketball Tournament លើកទី៣ នៅប្រទេសឥណ្ឌា ។
សូមបញ្ជាក់ថាក្រុមបាល់បោះរទេះជនពិការនារីកម្ពុជាបានយកឈ្នះឥណ្ឌាក្នុងពិន្ទុ៥៨ទល់១៤ហើយនៅក្នុងការប្រកួតលើកទី២បានយកឈ្នះក្រុមកីឡាការិនីបាល់បោះជិះរទេះនេប៉ាល់ ក្នុងលទ្ធផល ៥៦ទល់២២។លោកម៉ៅ សុខជាដែលជាគ្រូបង្វឹកបានឥ្យដឹង ថា បន្ទាប់ពីឆ្លងកាត់២ប្រកួតក្រុមកីឡាការិនីកម្ពុជាធ្វើបានល្អឈរលេខ១ក្នុងពូលនៅដំណាក់
កាលទី១ ប៉ុន្តែក្រុមទាំង៣ បន្តប្រកួតគ្នា២ប្រកួតទៀត ដើម្បីស្វែងរកក្រុមឈរលេខ១ និងលេខ២ និងត្រូវប្រកួតផ្តាច់ព្រ័ត្រដណ្តើមពាន។
គួរបញ្ជាក់ថាសហព័ន្ធកីឡាបាល់បោះជិះរទេះជនពិការកម្ពុជាបានបញ្ជូនតែក្រុមនារី
ចូលរួមប៉ុណ្ណោះតបតាមការអញ្ជើញរបស់ប្រទេសឥណ្ឌាជាម្ចាស់ផ្ទះជាមួយបណ្តាប្រទេសជាច្រើនទៀត ចូលរួមសរុប៨ប្រទេស ដែលមានដូចជា ប្រទេសនេប៉ាល់ បង់ក្លាដែស កម្ពុជា លីប៊ី អាហ្វហ្គានីស្ថាន ស៊ីរី ហ្គាណា និងឥណ្ឌា។ ដោយឡែក ក្រុមនារីមានតែ៣ប្រទេសចូលរួម គឺកម្ពុជា នេប៉ាល់ និងម្ចាស់ផ្ទះឥណ្ឌា។
លោក ម៉ៅ សុខជា បញ្ជាក់ថា ក្រុមកីឡាការិនីបាល់បោះជិះរទេះនារីកម្ពុជា នឹងឈ្នះពានកម្រិតអន្តរជាតិនេះដើម្បីជាការប្រកួតបង្កើនសមត្ថភាពនិងកម្តៅសាច់ដុំក្នុងដំណើរឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេមលើកទី១២ឆ្នាំ២០២៣ប្រកបដោយភាពជឿជាក់ ក្នុងនាមជាក្រុមការពារមេដាយមាសផងដែរ។
សូមបញ្ជាក់ថា ក្រៅពីការប្រកួតកម្រិតអន្តរជាតិ នៅឥណ្ឌា កីឡាករ កីឡាការិនីបាល់បោះជនពិការកម្ពុជា គ្រោងប្រកួតជម្រុះជាមួយប្រទេសហ្វីលីពីន និងឡាវ ដើម្បីយកសិទ្ធិចូលរួមការប្រកួតអាស៊ីប៉ារ៉ាហ្គេម នៅប្រទេសចិន ឆ្នាំ២០២៣ខាងមុខ។
សម្រាប់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា (CAMAPGOC ) បានត្រៀម១២ប្រភេទកីឡា ដាក់ឲ្យប្រកួតប្រជែង៕