សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយនឹងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ
ភ្នំពេញ ៖ នៅវិមានសន្តិភាព នាព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធ នៅកម្ពុជា។
នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានពិភាក្សាគ្នាលើប្រធានបទមួយចំនួនដូចជា បញ្ហាអាស៊ាន ការអភិវឌ្ឍន៍ធនធានមនុស្ស និងវិស័យអប់រំ វិស័យទេសចរណ៍ ពាណិជ្ជកម្ម សន្តិសុខ ការប្រែប្រួលអាកាសធាតុ និងសំណល់រឹងក្នុងសមុទ្រ ការតភ្ជាប់ និងពិភាក្សាពីបញ្ហានៃការដោះមីនជាដើម។
នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានឯកភាពគ្នានៅក្នុងការរក្សាតួនាទីស្នូល និងមជ្ឈភាពអាស៊ាន និងបានឯកភាពក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ បណ្ដុះបណ្ដាលធនធានមនុស្ស សំដៅកសាងធនធានមនុស្សដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេស ស្របតាមការវិវត្តរបស់សង្គមនាពេលបច្ចុប្បន្ន។ ជាមួយគ្នានេះថ្នាក់ដឹកនាំនៃទាំងពីរ ក៏បន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ តាមរយៈគោលការណ៍ប្រទេស២ គោលដៅទេសចរមួយ និងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម តាមរយៈការស្វែងរកសក្តានុពល លើការធ្វើពាណិជ្ជកម្មលើវិស័យផ្សេងៗទៀត ជាពិសេសលើវិស័យកសិកម្ម ដើម្បីបង្កើនទំហំពាណិជ្ជកម្មប្រទេសទាំងពីរឲ្យបានដល់១៥ពាន់ លានដុល្លារសហរដ្ឋអាមេរិក។
ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ក៏ឯកភាពបន្តកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខនៅតាមព្រំដែន ជាមួយនឹងការបន្តការជំរុញកិច្ចសហប្រតិបត្តិការ លើបញ្ហាប្រែប្រួលអាកាសធាតុ និងសំណល់រឹងនៅក្នុងសមុទ្រ ដែលការប្រែប្រួលអាកាសធាតុនេះ ជះឥទ្ធិពលជាវិជ្ជមានលើគុណភាពកសិផល ហើយសំណល់ប្លាស្ទិច នៅក្នុងសមុទ្រអាចជះឥទ្ធិពលអាក្រក់ ដល់សុខភាពប្រជាជនផងដែរ។
ថ្នាក់ដឹកនាំប្រទេសទាំងពីរ ក៏បានឯកភាព លើការពង្រឹងកិច្ចសហប្រតិបត្តិការការតភ្ជាប់គមនាគមន៍ទាំងផ្លូវគោក ផ្លូវដែក និងជំរុញកិច្ចសហប្រតិបត្តិការក្នុងការដោះមីនលើទីតាំង នៅតាមព្រំដែន នៃប្រទេសទាំងពីរ ដើម្បីជម្លៀសគ្រោះថ្នាក់បង្កើតគ្រោះថ្នាក់ណាមួយចំពោះប្រជាជននៅតាមព្រំដែន៕