សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយប្រធានាធិបតីហ្វីលីពីន
ភ្នំពេញ ៖ នៅវិមានសន្តិភាព នាល្ងាចថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ហ្វឺឌីណាន់ ម៉ាកូស ជេអរ (Ferdinand Marcos Jr) ប្រធានាធិបតី នៃប្រទេសហ្វីលីពីន ក្នុងឱកាសដែលឯកឧត្តមអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជា។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់ សម្ដេចតេជោ បានឲ្យដឹងពីលទ្ធផលនៅក្រោយជំនួបនេះថា សម្ដេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តមប្រធានាធិបតីហ្វីលីពីន បានពិភាក្សាគ្នាលើបញ្ហាអាស៊ាន ធ្វើយ៉ាងណា រក្សាឲ្យបាននូវសាមគ្គីភាពនិងមជ្ឈភាព អាស៊ាន។ ក្នុងនេះដែរ ប្រមុខដឹកនាំទាំងពីរ ក៏បានពិភាក្សា និងឯកភាពគ្នា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យពាណិជ្ជកម្ម, វិនិយោគ ទេសចរណ៍, កសិកម្ម, ការនាំអង្ករចេញទៅប្រទេសហ្វីលីពីន, វិស័យព័ត៌មានវិទ្យា, ឡូជីស្ទីក និងវិស័យការពារជាតិ។
ពាក់ព័ន្ធនឹងការនាំអង្ករចេញទៅប្រទេសហ្វីលីពីន សម្ដេចតេជោ បានជម្រាបជូនឯកឧត្តម ហ្វឺឌីណាន់ ម៉ាកូស ជេអរ ថា ក្រុមហ៊ុនហ្វីលីពីន អាចដាក់ទុនវិនិយោគ 100% លើម៉ាស៊ីនកិនស្រូវ , ឡសំងួត និងឃ្លាំង សម្រាប់ប្រមូលទិញស្រូវ ដើម្បីធ្វើការសម្ងួតនិងកិននាំចេញទៅប្រទេសហ្វីលីពីន ។ លើសពីនេះ ក្រុមហ៊ុនហ្វីលីពីន ក៏អាចឱ្យកសិករកម្ពុជា ធ្វើការដាំដុះនូវដំណាំស្រូវ ដែលជាតម្រូវការរបស់ប្រជាជនហ្វីលីពីន សម្រាប់នាំចេញទៅប្រទេសហ្វីលីពីនផងដែរ៕