ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ (Opening Ceremony of the 40th and 41st ASEAN Summits)

57

ភ្នំពេញ៖ ពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ (Opening Ceremony of the 40th and 41st ASEAN Summits) ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន និងមានការយាង អញ្ជើញចូលរួមពីមេដឹកនាំកំពូល របស់អាស៊ាន ដែលពិធីនេះប្រព្រឹត្តទៅ នៅសណ្ឋាគារសុខាភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។

សន្ទរកថារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង
ពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី ៤០ និង ៤១ និង កិច្ចប្រជុំកំពូលពាក់ព័ន្ធ មានខ្លឹមសារដូចខាងក្រោម៖

ឆ្នាំនេះ ជាឆ្នាំវិសេសវិសាលរបស់អាស៊ាន ដោយយើងប្រារព្ធពិធីខួបអនុវស្សាវរីយ៍ ៥៥ ឆ្នាំ នៃ វឌ្ឍនភាព និងការអភិវឌ្ឍ ចាប់តាំងពីការបង្កើតសមាគម ។ យើងបានឆ្លងកាត់ផ្លូវដ៏វែងឆ្ងាយ ក្នុងនាម ជាអង្គការថ្នាក់តំបន់ ក៏ដូចជាគ្រួសារ និងបងប្អូន ។ យើងរួមគ្នាសម្រេចបាននូវគោលបំណងចម្បង ក្នុង ការកសាងសហគមន៍អាស៊ាន ប្រកបដោយសុខសន្តិភាព ទំនើបកម្ម ភាពធន់ និងបរិយាបន្ន ។ ដើម្បី ប្រារព្ធអបអរសាទរលើការសម្រេចបាននូវសមិទ្ធផលគោលដៅជាប្រវត្តិសាស្ត្រនេះ យើងនឹងដាក់ចេញ នូវសេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពីខួបលើកទី ៥៥ នៃការបង្កើតអាស៊ាន ដែលនឹងត្រូវបានបំពេញបន្ថែមដោយសេចក្ដីថ្លែងការណ៍ ២ ផ្សេងទៀត គឺសេចក្តីថ្លែងការណ៍ចក្ខុវិស័យរបស់ ថ្នាក់ដឹកនាំអាស៊ាន ស្តីពី «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» និងសេចក្តីថ្លែង ការណ៍របស់ថ្នាក់ដឹកនាំអាស៊ាន ស្ដីពីរបៀបវារៈនៃការតភ្ជាប់អាស៊ាន ក្រោយឆ្នាំ ២០២៥ ដែលនឹងត្រូវ បានអនុម័ត នាពេលបន្តិចទៀត ក្នុងថ្ងៃនេះ មគ្គុទេសក៍គោលនយោបាយទាំងនេះ បានបង្ហាញអំពី ការតាំងចិត្តរបស់យើង ក្នុងការកសាងអនាគតអាស៊ានទៅជាសហគមន៍ដែលមានឯកភាព បរិយាបន្ន ភាពធន់ និងនីតិរដ្ឋ ជាសហគមន៍ពោរពេញដោយកាលានុវត្តភាព ដែលប្រជាជនអាចមានការតភា្ជប់ គ្នាយ៉ាងរលូន ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយសមធម៌; បរិស្ថានសុខភាពល្អ និងការគាំពារសង្គម ប្រកបដោយសមធម៌; និងជាសហគមន៍ ដើរតួជាស្នូលសម្រាប់និម្មាបនកម្មតំបន់ ដែលប្រែប្រួលយ៉ាង ឆាប់រហ័ស និងក្នុងការពង្រឹងទំនាក់ទំនងជាមួយដៃគូខាងក្រៅ ដោយផ្អែកលើទំនុកចិត្ត និងការគោរព គ្នាទៅវិញទៅមក ដើម្បីសន្តិភាព សន្តិសុខ និងកំណើនប្រកបដោយចីរភាព ក្នុងតំបន់ ក៏ដូចជាសកល លោក

ការរាតត្បាតនៃកូវីដ-១៩ បានកើតមានជិត ៣ ឆ្នាំហើយ ចាប់តាំងពីដើមឆ្នាំ ២០២០ មក ) ជាមួយនឹងការព្យាយាម និងកិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីលះបង់របស់យើង តាមរយៈសមាជិក អាស៊ាននីមួយៗ និងអាស៊ានជារួម យើងអាចប្រកាសដោយមោទនភាពថា យើងបានយកឈ្នះលើការ គម្រាមកំហែងជាសកលនេះ ហើយបានចាប់ផ្តើមដំណើការស្ដារឡើងវិញនូវសកម្មភាពសង្គម-សេដ្ឋកិច្ច ។ ផ្អែកតាមការវាយតម្លៃ និងព្យាករណ៍របស់ការិយាល័យស្រាវជ្រាវសេដ្ឋកិច្ចអាស៊ានបូកបី (AMRO) កាលពីខែ តុលា កន្លងទៅនេះ រដ្ឋសមាជិកអាស៊ាននីមួយៗនឹងទទួលបាននូវកំណើនសេដ្ឋកិច្ចវិជ្ជមាន ហើយតំបន់អាស៊ានទាំងមូល នឹងអាចសម្រេចបានកំណើនក្នុងអត្រា ៥,៣% និង ៤,៩% ក្នុងឆ្នាំ ២០២២ និង ២០២៣ រៀងគ្នា, ដែលជាអត្រាខ្ពស់ បើប្រៀបធៀបទៅនឹងតំបន់ផ្សេងទៀតនៃសកល លោក ។

ខណៈដែលយើងកំពុងសប្បាយរីករាយជាមួយនឹងផ្លែផ្កាពីការខិតខំរបស់យើង លើវិថីឆ្ពោះ ទៅកាន់កំណើនប្រកបដោយចីរភាពនេះ យើងត្រូវតែប្រុងប្រយ័ត្នជានិច្ច ដោយស្ថានភាពសង្គម សេដ្ឋកិច្ចអាស៊ាន និងទូទាំងសកលលោក នៅមានភាពផុយស្រួយ និងបែកខ្ញែកគ្នានៅឡើយ ។ យើង កំពុងស្ថិតនៅលើចំណុចប្រសព្វដ៏ស្រពេចស្រពិលបំផុត ដែលជីវិតមនុស្សរាប់លាននាក់ក្នុងតំបន់ ពឹង ផ្អែកលើឧត្តមគតិ និងចក្ខុវិស័យវែងឆ្ងាយ គោលនយោបាយ និងការសម្រេចចិត្តត្រឹមត្រូវ និងអភិក្រមប្រាកដនិយមរបស់យើង ក្នុងការដោះស្រាយបញ្ហាប្រឈមជាយុទ្ធសាស្ត្រនានា ដែលយើងទាំងអស់ គ្នាកំពុងជួបប្រទះ ។

ពាក្យស្លោកមួយបានពោលថា គ្រោះមហន្តរាយ និងវិបត្តិ អាចបញ្ចេញមកនូវឧត្តមភាពរបស់ មនុស្ស ។ ក្នុងន័យនេះ ខ្ញុំមានជំនឿថា យើងទាំងអស់គ្នាជួបជុំគ្នានៅទីនេះ និងថ្ងៃនេះ ក្នុងគោល បំណងចែករំលែកនូវការយល់ឃើញពីភាពបន្ទាន់ ក្នុងការធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈម រួមខាងលើ ។ ខ្ញុំក៏ជឿជាក់ថា អ្នកទាំងអស់គ្នា យល់ស្របជាមួយនឹងមូលបទឆ្នាំនេះ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ដែលត្រូវនឹងបរិបទ ហើយក៏សមស្របនឹងស្ថានការណ៍បច្ចុប្បន្ន ។

ខ្ញុំសូមលើកឡើងថា ថ្វីត្បិតមានបញ្ហាប្រឈមដ៏មហិមា យើងទាំងអស់គ្នាបានរៀបចំនូវកិច្ច ប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស សហគមន៍សង្គម-វប្បធម៌អាស៊ាន សេដ្ឋកិច្ច ការពារជាតិ និងរដ្ឋមន្តី ផ្សេងទៀត នាពេលកន្លងមក ជាមួយនឹងលទ្ធផលគួរជាទីគាប់ចិត្ត ។ ទាំងនេះ បង្ហាញពីសាមគ្គីភាព ទៅកាន់ពហុភាគីនិយម ភាពចាស់ទុំក្នុងទំនាក់ទំនងការទូតរបស់យើង និងការប្ដេជ្ញាចិត្តរបស់យើង ដើម្បីសន្តិភាព ស្ថិរភាព និងផ្នត់គំនិតមនុស្សធម៌សម្រាប់ប្រជាជនគ្រប់គ្នា ។ ខ្ញុំជឿជាក់ថា ស្មារតី សហប្រតិបត្តិការ និងការចូលរួមដោយស្ថាបនា ដែលបង្ហាញជាក់ស្ដែងកន្លងមក នៅតែអាចបន្តជា អាទិភាព ក្នុងកិច្ចពិភាក្សារបស់យើង ក្នុងរយៈពេល ៤ ថ្ងៃខាងមុខ ។

ដោយឆ្នាំ ២០២២ នឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ និងកិច្ចប្រជុំកំពូលអាស៊ានពាក់ព័ន្ធជាមួយដៃគូ នឹងផ្តល់នូវដំណោះស្រាយ ដើម្បីសម្រេចនូវសមិទ្ធផល និងអាទិភាពគន្លឹះសម្រាប់ឆ្នាំ ២០២២ របស់អាស៊ាន និងផ្សារភ្ជាប់ជាមួយនឹងទិសដៅសហប្រតិបត្តិការ នាពេលអនាគត ។ ក្នុងកិច្ចប្រជុំទាំងនេះ យើងនឹងអនុម័ត និងកត់សម្គាល់នូវបញ្ជីឯកសារសមិទ្ធផល ដ៏វែង ចំនួនប្រហែល ១០០ ឯកសារ ដើម្បីជាមគ្គុទេសក៍សម្រាប់សកម្មភាព និងសហប្រតិបត្តិការរបស់ យើង នាឆ្នាំតទៅមុខ។

នាថ្ងៃខានស្អែកនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចសន្ទនាសកលអាស៊ានលើកទី ២ ដើម្បី ចែករំលែកទស្សនៈស៊ីជម្រៅ និងពិភាក្សាលើទិសដៅឆ្ពោះទៅកាន់ការស្ដារសេដ្ឋកិច្ច ប្រកបដោយបរិ យាបន្ន និងការកសាងអាស៊ានប្រកបដោយចីរភាព និងភាពធន់ ក្នុងសម័យកាលក្រោយវិបត្តិនៃជំងឺ កូវីដ-១៩ ។ ខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នា អាចចូលរួមស្តាប់ទស្សនៈពីមេដឹកនាំ និងដៃគូអាស៊ាន ក៏ដូចជាការយល់ឃើញពីស្ថាប័នអន្តរជាតិ និងតំបន់ ថា តើតំបន់អាស៊ានអាចឆ្លងកាត់បញ្ហាប្រឈម និងកសាងសហគមន៍កាន់តែរឹងមាំសម្រាប់គ្រប់ៗគ្នា បានយ៉ាងដូចម្តេច ? បន្ទាប់ពីបញ្ចប់ពិធីបើកនេះ យើងនឹងមានពិធីតាំងពិព័រណ៍រូបថត ស្តីពីការចូលរួមចំណែក របស់កម្ពុជា ក្នុងសហគមន៍អាស៊ាន រយៈពេលពីរទសវត្សរ៍មកនេះ ដែលខ្ញុំសូមអញ្ជើញអ្នកទាំងអស់គ្ន ចូលរួមទស្សនារូបថតទាំងនេះ កុំបីខាន ។

ខណៈយើងធ្វើដំណើរទៅមុខ យើងក៏មិនត្រូវភ្លេចនូវអតីតកាល និងគុណតម្លៃ ដែលយើងបាន កសាង និងថែរក្សានោះទេ ។ ខ្ញុំជឿជាក់ថា បាវចនារបស់យើង «អាស៊ាន ចក្ខុវិស័យតែមួយ, អត្ត សញ្ញាណតែមួយ និងសហគមន៍តែមួយ» នៅតែមានគុណតម្លៃពិតប្រាកដ នាពេលនេះ ។ សូមយើង ទាំងអស់គា្ន ផ្តោតលើគោលបំណងរួមនៃការអភិវឌ្ឍរួមគ្នា ដើម្បីសន្តិភាព ស្ថិរភាព និងឧត្តមភាពន តំបន់នេះ ។ ទំនាក់ទំនងរបស់យើងទាំងអស់គ្នា មិនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែតាមរយៈ ការប្រឹងប្រែង ការប្តេជ្ញាចិត្ត និងការព្យាយាមជាច្រើនឆ្នាំ ។ យើងត្រូវថែរក្សា និងដឹងគុណដល់អ្វីៗ ដែលយើងបានកសាង ។ ដូចនេះ ការថែរក្សាឯកភាព សាមគ្គីភាព និងមជ្ឈភាពរបស់យើង គឺជាអាទិភាព ចម្បងបំផុត ដើម្បីធានាឱ្យតំបន់យើងមានចីរភាព និងភាពធន់ សម្រាប់ព្រឹត្តិការណ៍ដែលអាចកើតមាន នាពេលអនាគត ។

ខ្ញុំសូមប្រកាសបើក កិច្ចប្រជុំកំពូលអាស៊ាន លើកទី ៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីពេលនេះតទៅ ។

អត្ថបទដែលជាប់ទាក់ទង