ប្រមុខដឹកនាំអាស៊ាន បានចេញសេចក្តីថ្លែងការណ៍ អនុញ្ញាតឲ្យទីម័រឡេស្តេ ចូលជាសមាជិកអាស៊ានទី១១
ភ្នំពេញ ៖ ប្រមុខដឹកនាំអាស៊ាន នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចេញសេចក្តីថ្លែងការណ៍ ជុំវិញសំណើសុំចូលជាសមាជិកអាស៊ានរបស់ទីម័រឡេស្តេ។
ក្នុងសេចក្តីថ្លែងការណ៍បានបញ្ជាក់យ៉ាងដូច្នេះថា៖ យើងទាំងអស់គ្នា ប្រមុខដឹកនាំអាស៊ាន បានជួបប្រជុំគ្នានៅទីក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា នាឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដោយពិចារណាលើលទ្ធផល នៃបេសកកម្មស្វែងរកការពិត របស់សសរស្តម្ភសហគមន៍សន្តិសុខ-នយោបាយអាស៊ាន សហគមន៍សេដ្ឋកិច្ចអាស៊ាន និងសហគមន៍សង្គម-វប្បធម៌អាស៊ាន និងបានឯកភាពថា៖
១៖ ជាគោលការណ៍ ទីម័រឡេស្តេត្រូវបានអនុញ្ញាតឱ្យចូលរួមជាសមាជិកអាស៊ានទី១១។
២៖ ផ្តល់ឋានៈជាប្រទេសសង្កេតការណ៍ដល់ទីម័រឡេស្តេ និងអនុញ្ញាតឱ្យទីម័រឡេស្តេចូលរួមក្នុងកិច្ចប្រជុំអាស៊ានទាំងអស់ រួមបញ្ចូលទាំងសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលអាស៊ាន។
៣៖ បង្កើតជាផែនទីបង្ហាញផ្លូវ ផ្អែកលើលក្ខណៈវិនិច្ឆ័យអព្យាក្រឹត្យ សម្រាប់ការចូលជាសមាជិកពេញសិទ្ធិរបស់ទីម័រឡេស្តេ រួមទាំងផ្អែកលើសមិទ្ធផលសំខាន់នានា ដែលកំណត់ដោយរបាយការណ៍ នៃបេសកកម្មស្វែងរកការពិតទាំងបីសសរស្តម្ភ របស់អាស៊ាន និងបានប្រគល់ភារកិច្ច ជូនក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន ក្នុងការបង្កើតផែនទីបង្ហាញផ្លូវនេះ ហើយត្រូវដាក់ជូនថ្នាក់ដឹកនាំអាស៊ានទាំងអស់អនុម័ត ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២។
៤៖ ប្រទេសសមាជិកអាស៊ានទាំងអស់ និងដៃគូខាងក្រៅត្រូវផ្តល់ការគាំទ្រ ដោយពេញលេញចំពោះ ទីម័រឡេស្តេ ក្នុងការឈានទៅសម្រេចបាននូវសមិទ្ធផល ដែលបានកំណត់ទាំងនោះ តាមរយៈការ កសាងសមត្ថភាព និងផ្តល់ការគាំទ្រចាំបាច់នានាផ្សេងទៀត សម្រាប់ការចូលជាសមាជិកអាស៊ានពេញសិទ្ធិរបស់ទីម័រឡេស្តេ៕