រដ្ឋបាលគយកម្ពុជានិងវៀតណាម រួមគ្នាបន្តពង្រឹង កិច្ចសហប្រតិបត្តិការលើការបង្ការទប់ស្កាត់ទំនិញរត់គេចពន្ធ និងការដឹកជញ្ជូនឆ្លងដែនខុសច្បាប់
សៀមរាប៖ នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីរួមខេត្តសៀមរាប គណៈប្រតិភូនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដឹកនាំដោយឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានរៀបចំកិច្ចប្រជុំទ្វេភាគីជាមួយគណៈប្រតិភូនៃរដ្ឋបាលគយវៀតណាមដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត Nguyen Van Can អគ្គនាយកនៃអគ្គនាយកដ្ឋានគយវៀតណាម។
នៅក្នុងកិច្ចប្រជុំនេះ រដ្ឋបាលគយទាំងពីរបានផ្ដល់អំពីវឌ្ឍនភាពនៃការអនុវត្តការងាររបស់អង្គភាពនីមួយៗ ដោយផ្ដោតទៅលើការប្រមូលចំណូលពន្ធនិងអាករ កិច្ចសម្រួលពាណិជ្ជកម្ម ការបង្ការនិងបង្រ្កាបបទល្មើសគេចនិងបន្លំពន្ធ និងកិច្ចសហប្រតិបត្តិការគយជាដើម។
ភាគីទាំងពីរ បានធ្វើការវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការរបស់រដ្ឋបាលគយនៃប្រទេសទាំងពីរនាពេលកន្លងមក និង វឌ្ឍនភាពល្អក្នុងការអនុវត្តអនុស្សរណៈយោគយល់គ្នា ដែលបានចុះហត្ថលេខានាថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងហាណូយ ប្រទេសវៀតណាម និងកំណត់ហេតុប្រជុំទ្វេភាគីរវាងរដ្ឋបាលគយទាំងពីរកាលពីខែមីនា ឆ្នាំ២០១៨ នាទីក្រុងហូជីមិញ ប្រទសវៀតណាម ។
ដោយកិច្ចប្រជុំទ្វេភាគីកម្រិតអគ្គនាយកគយលើកនេះបានធ្វើឡើងតែមួយថ្ងៃ បន្ទាប់ពីកម្ពុជាបានធ្វើជាម្ចាស់ផ្ទះដោយជោគជ័យនូវកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ពន្ធ័, ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានជម្រាបជូនគណៈប្រតិភូគយវៀតណាមអំពីលទ្ធផលគន្លឹះនៃកិច្ចប្រជុំទាំងនោះ ជាពិសេសផ្ដោតលើលទ្ធផលនៃកិច្ចប្រជុំទ្វេភាគីរវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ និងវេទិកាជំរុញការវិនិយោគនិងពាណិជ្ជកម្មកម្ពុជា-វៀតណាម។
បន្ទាប់ពីបានពិភាក្សាគ្នាយ៉ាងផុលផុស រដ្ឋបាលគយនៃប្រទេសទាំងពីរបានឯកភាពគ្នាបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តការលើចំណុចសំខាន់ៗដូចខាងក្រោម៖
១. បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការបង្ការទប់ស្កាត់ទំនិញរត់គេចពន្ធ និងការដឹកជញ្ជូនឆ្លងដែនខុសច្បាប់
តាមរយៈអនុវត្តប្រតិបត្តិការរួមគ្នា, ពង្រឹងយន្តការមន្ត្រីទំនាក់ទំនង (Focal points) ដើម្បីផ្លាស់ប្តូរព័ត៌មាន
ទាំងក្នុងកម្រិតអគ្គនាយកដ្ឋាន និងនៅមាត់ច្រកព្រំដែន។
២. ពន្លឿនចរាចរទំនិញនាំចេញ នាំចូល ដើម្បីលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។ ភាគីវៀតណាមបានយល់ព្រមលើការសម្រួលឲ្យបានជាអតិបរមា លើការដឹកជញ្ជូនទំនិញឆ្លងកាត់ប្រទេសវៀតណាម មកកម្ពុជាដោយអនុវត្តតាមគោលការណ៍រំហូរពាណិជ្ជកម្មស្របច្បាប់ និងទប់ស្កាត់ បទល្មើសគយជ្រកក្រោមរបបឆ្លងកាត់ ។
៣. បន្តសម្របសម្រួលជាមួយក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីសិក្សាពិនិត្យលទ្ធភាពអនុវត្តយន្តការត្រួតពិនិត្យ
រួមគ្នាតែមួយដង នៅច្រកព្រំដែនអន្តរជាតិបាវិត ប្រទេសកម្ពុជា និងម៉ុកបៃ ប្រទេសវៀតណាម។
៤. បានឯកភាពគ្នាចាត់តាំងមន្ត្រីជំនាញ IT ឲ្យធ្វើការរួមគ្នាដើម្បីអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានមួយសម្រាប់
ផ្លាស់ប្តូរព័ត៌មានសង្ខេបតាម Online អំពីអត្តសញ្ញាណទំនិញឆ្លងកាត់ និងមធ្យោបាយដឹកជញ្ជូនទំនិញ
ទាំងនោះ។
៥. ផ្លាស់ប្ដូរទស្សនកិច្ចសិក្សាមន្ត្រីគយ ដើម្បីបង្កើនកិច្ចសហការមិត្តភាព និងរៀនសូត្រដកស្រង់បទពិសោធន៍
ទៅវិញទៅមក។
៦. គាំទ្រគ្នាទៅវិញទៅមកលើការងារគយលើឆាកអន្តរជាតិ។
៧. រៀបចំកិច្ចប្រជុំទ្វេភាគីបន្ទាប់នៅប្រទេសវៀតណាម ក្នុងឆ្នាំ២០២៤។
កិច្ចប្រជុំបានដំណើរការទៅក្រោមបរិយាកាសរីករាយស្និទ្ធស្នាលជាមិត្តភាព សហការខ្ពស់ និងបានបញ្ចប់ទៅដោយទទួលបាននូវលទ្ធផលប្រកបដោយផែ្លផ្កា៕