វ៉ូវីណាម៖ ៣វិញ្ញាសាដែលម៉េត សារីខិតខំហាត់ដើម្បីមេដាយមាសស៊ីហ្គេម
ភ្នំពេញ៖កីឡាករជម្រើសជាតិវ៉ូវីណាមម៉េតសារីពេលនេះកំពុងហ្វឹកហាត់ចំនួន៥វិញ្ញាសាដែលក្នុងនោះគេបានសម្រេចចិត្តសម្រុកហាត់ខ្លាំងចំនួន៣វិញ្ញាសាដើម្បីសម្រេចគោលដៅមេដាយមាសចំនួន ៣ គ្រឿងដែលខ្លួនបានកំណត់។
ម្ចាស់មេដាយមាសពិភពលោកខាងលើបានឲ្យដឹងថាវិញ្ញាសាដែលធ្លាប់ជោគជ័យនិងឈ្នះមេដាយមាសក្នុងកម្មវិធីជើងឯកអាស៊ីអាគ្នេយ៍និងកម្មវិធីពិភពលោកគឺមានស្នៀតការពារខ្លួនអត់អាវុធបុរសពីរនាក់,មេគុណដាវបុរស៤នាក់និងស្នៀតការពារខ្លួនបុរស៣នាក់នារី៣នាក់។
ចំណែក២ប្រភេទវិញ្ញាសាផ្សេងទៀតក៏បានប្រឹងប្រែងហ្វឹកហាត់ដូចគ្នាប៉ុន្តែមិនបានដាក់ក្ដីរំពឹងខ្ពស់ក្នុងការយកមេដាយនោះទេគឺស្នៀតការពារកាំបិតខ្លីបុរសពីរនាក់និងស្នៀតពិសេសកៀបកបុរស៤នាក់។
សារីបញ្ជាក់ថាឥឡូវនេះយើងកំពុងហ្វឹកហាត់កម្លាំងនិងបច្ចេកទេសខ្លាំងព្រោះណាមួយពេលនេះហាក់កៀកដែរហើយ។បច្ចុប្បន្នមួយថ្ងៃយើងហាត់រយៈពេល៨ម៉ោងដោយក្នុងមួយថ្ងៃយើងហាត់៣ពេលគឺព្រឹកម៉ោង ៥ ដល់ម៉ោង ៧ និងបន្ទាប់មកហាត់ម៉ោង ៩ ព្រឹកដល់ម៉ោង ១១ ថ្ងៃត្រង់ និងយើងហាត់ម៉ោង៣ដល់ម៉ោង៥ល្ងាច។
សារីសារភាពថាបច្ចុប្បន្នរូបគេនៅមានការខ្វះខាតខ្លះៗដែរដោយសារមានវិញ្ញាសាខ្លះថ្មី ដូច្នេះយើងត្រូវការហ្វឹកហាត់បន្ថែមទៀតជាក់ស្ដែងមុនស៊ីហ្គេមមកដល់យើងនឹងទៅហាត់នៅវៀតណាមរយៈពេលវែងដើម្បីពង្រឹងសមត្ថភាពបន្ថែម។
សម្រាប់៣វិញ្ញាសាដែលសារីបានដាក់ការខិតខំប្រឹងប្រែងហ្វឹកហាត់ហ្នឹងគឺសារីធ្លាប់
ទទួលបានលទ្ធផលល្អដូច្នេះគេនឹងព្យាយាមរក្សាតំណែងទាំងអស់នោះ។ដោយឡែក២វិញ្ញាសាផ្សេងទៀតក៏កំពុងហ្វឹកហាត់ខ្លាំងដែរព្រោះគ្រូកាត់បានដាក់ថាយើងត្រូវតែប្រឹងប្រែងបើទោះវាជាប្រភេទវិញ្ញាសាថ្មីក៏ដោយ។សម្រាប់ស៊ីហ្គេមនៅកម្ពុជាខ្ញុំរំពឹងថានឹងទទួលបានលទ្ធ
ផលល្អព្រោះកីឡាកររូបនេះបានខិតខំហ្វឹកហាត់ខ្លាំងហើយបច្ចេកទេសដែលធ្លាប់ធ្វើកន្លងមកក៏វាល្អដែរ ពិសេសហ្នឹងគឺគេកំពុងពង្រឹងបន្ថែម។
ម៉េតសារីធ្លាប់ឈ្នះមេដាយមាសជើងឯកអាស៊ីអាគ្នេយ៍លើកទី៤កាលកម្ពុជាធ្វើម្ចាស់ផ្ទះ, ជើងឯកអាស៊ីអាគ្នេយ៍លើកទី៥នៅប្រទេសមីយ៉ាន់ម៉ាដោយទទួលបានមេដាយប្រាក់២គ្រឿង និងសំរឹទ្ធ១គ្រឿងកម្មវិធីជើងឯកអាស៊ីដែលធ្វើឡើងនៅប្រទេសឥណ្ឌូណេស៊ីឈ្នះមេដាយ២គ្រឿងប្រាក់២គ្រឿងនិងកម្មវិធីជើងឯកពិភពលោកលើកទី៦ដែលធ្វើឡើងនៅកម្ពុជានោះគេឈ្នះមេដាយមាស២គ្រឿងនិងប្រាក់២គ្រឿងដែរ។ចំណែកការប្រកួតស៊ីហ្គេមនៅវៀតណាម
វិញគឺម៉េតសារីមិនបានចូលរួមប្រកួតទេដោយសារតែពេលនោះគឺខាងម្ចាស់ផ្ទះវៀតណាមមិនបានដាក់ប្រភេទវិញ្ញាសារបស់គេចូលឡើយ៕