កិច្ចប្រជុំកម្រិតនយោបាយ ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ប្រចាំកម្ពុជា
ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី១៦ ខែវិចិ្ឆកា ឆ្នាំ២០២២ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) និង លោក Rho Hyunjun ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ប្រចាំកម្ពុជា បានដឹកនាំកិច្ចប្រជុំកម្រិតនយោបាយស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអគ្គលេខាធិការរង ប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញរបស់ គ.ជ.នា/ក.អ.ក រួមទាំងតំណាងទីភ្នាក់ងារ ។
ឯកឧត្តមរដ្ឋមន្ដ្រី ឈៀង យ៉ាណារាំ បានស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះលោកសី Ms. Shin Junyeon, ដែលទើបត្រូវបានតែងតាំងជាអនុប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ប្រចាំនៅកម្ពុជា និងមានការជឿជាក់យ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាល សាធារណរដ្ឋកូរ៉េនឹងកាន់តែប្រសើរឡើង និងទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា។ ឯកឧត្តមរដ្ឋមន្រ្តី បាន ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ ការចូលរួមចំណែកយ៉ាងសកម្មរបស់ទីភ្នាក់ងារ KOICA ក្នុងការ អភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅកម្ពុជា ។ ជាក់ស្ដែង ក្នុងរយៈពេលប្រមាណជាង ២០ ឆ្នាំចុងក្រោយនេះ រដ្ឋាភិបាល សាធារណរដ្ឋកូរ៉េ បានបើកផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការសរុបប្រមាណ ១,០៧៧ លានដុល្លារអាមេរិក ក្នុងនោះហិរញ្ញប្បទានឥតសំណងមានប្រមាណ ៤៣១ លានដុល្លារអាមេរិក (ហិរញ្ញប្បទានរបស់ KOICA មានប្រមាណ ៣៣៦.៧ លានដុល្លារអាមេរិក) នឹង ឥណទានសម្បទានមានប្រមាណ ៦៤៦ លានដុល្លារអាមេរិក ដែលជំនួយហិរញ្ញប្បទាននេះផ្តោតលើការគាំទ្រក្នុងវិស័យអាទិភាពសំខាន់ៗរួមមាន កសិកម្ម, សុខាភិបាល, ឌីជីថល, អភិវឌ្ឍន៍ជនបទ, បរិស្ថាន និងការប្រែប្រួលអាកាសធាតុ ។ ហិរញ្ញប្បទានសហប្រតិបត្តិការនេះ បាន ឆ្លើយតបនឹងតម្រូវការរបស់កម្មវិធី និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសស្របទៅតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ, យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤, ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣ ។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ទីភ្នាក់ងារ KOICA ដែលបានរៀបចំ ផែនការអភិវឌ្ឍន៍ប្រទេសសម្រាប់កម្ពុជា “KOICA Country. Planning_for_Cambodia” ដោយផ្ដោតលើ កម្មវិធីចំនួន ៣ គឺ៖ ១)ការធ្វើឱ្យប្រសើរឡើងសុខភាពជាសកលសម្រាប់ជនងាយរងគ្រោះ ២)ការអប់រំផ្នែក ព័ត៌មានវិទ្យា បច្ចេកវិទ្យា និងវិទ្យាសាស្ត្រ ដើម្បីបង្កើនទេពកោសល្យ និងជំរុញពិពិធកម្មឧស្សាហកម្ម ៣) ការអភិវឌ្ឍជនបទប្រកបដោយចីរភាព និងបរិយាបន្ន ។ កម្មវិធីទាំង៣នេះនឹងរួមចំណែកជាមួយរាជរដ្ឋាភិបាល កម្ពុជាក្នុងការអភិវឌ្ឍសង្គម- សេដ្ឋកិច្ចនៅកម្ពុជា ។
លោក Rho Hyunjun បានសម្តែងនូវអំណរសាទរចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរបស់ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា ហើយបានបញ្ជាក់ពីការប្ដេជ្ញាចិត្តក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូឱ្យកាន់តែ ប្រសើរឡើងថែមទៀត ជាពិសេសការបន្តគាំទ្រកម្ពុជាក្នុងការសម្រេចបានគោលដៅអភិវឌ្ឍន៍ជាតិ ។ បន្ថែមលើនេះ លោក Rho Hyunjun បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងការ រីករាលដាលនៃជំងឺកូវីដ-១៩ប្រកបដោយប្រសិទ្ធភាព និងការបើកសេដ្ឋកិច្ច និងប្រទេសឡើងវិញយ៉ាងឆាប់រហ័ស ។ ទន្ទឹមនឹងនេះ លោក Rho Hyunjun បានលើកឡើងពីការរៀបចំទម្រង់បែបបទ និងនីតិវិធីនៃការលើក គម្រោងស្នើសុំហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េសម្រាប់ឆ្នាំ២០២៥ ។
គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០២២ ទីភ្នាក់ងារ KOICA កំពុងអនុវត្តគម្រោងចំនួន ១៤ ដែលមាន ហិរញ្ញប្បទានសរុបប្រមាណ ១០២ លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់វិស័យអាទិភាពរបស់រាជរដ្ឋាភិបាល ។ បន្ថែមលើនេះ ទីភ្នាក់ងារ KOICA បានឯកភាពលើគម្រោងឆ្នាំសារពើពន្ធ ២០២៣ ចំនួន ២ ដែលស្មើនឹង ១៦ លានដុល្លារអាមេរិក និងបន្តការគាំទ្រលើបេក្ខភាពតម្រោងចំនួន ៦ បន្ថែមទៀតសម្រាប់ឆ្នាំ ២០២៤ ។ លើសពីនេះ ទីភ្នាក់ងារ KOICA បានផ្តល់កិច្ចសហប្រតិបត្តិការបច្ចេកទេសជាច្រើនដូចជា ការបញ្ជូនអ្នកជំនាញការ និង អ្នកស្ម័គ្រចិត្ត ការផ្តល់កម្មវិធីបណ្ដុះបណ្ដាលរយៈពេលខ្លី និងកម្មវិធីអាហារូបករណ៍រយៈពេលវែង, និងកម្មវិធីភាពជាដៃតួ ជាមួយអង្គការសង្គមស៊ីវិល ។
ឯកឧត្តមរដ្ឋមន្តី ឈៀង យ៉ាណារ៉ា បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃការអនុវត្តតម្រោង និង ការជ្រើសរើសតម្រោងថ្មីសម្រាប់កិច្ចសហប្រតិបត្តិការរបស់ទីភ្នាក់ងារ KOICA នៅកម្ពុជា។ ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ និងប្រជាជនកូរ៉ ដែលបានបន្តគាំទ្រ និងផ្តល់ហិរញ្ញប្បទានថ្លៃថ្លាក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា ៕