ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សាលាគណរាជធានីភ្នំពេញ ប្រគល់ទេយ្យទានគិតសរុបជាទឹកប្រាក់ ទាំងអស់ស្មេីនឹងចំនួន៣៧.៤៤៩.០០០រៀលដល់សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ

42

ភ្នំពេញ៖នៅថ្ងៃ ទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០២២ នេះ នៅវត្តបទុមវតីរាជវរារាម ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ សាលាគណរាជធានីភ្នំពេញ បានប្រគល់ទេយ្យទានជូនដល់សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដែលអញ្ជេីញទៅទទួលដោយ លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា តំណាង លោកឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ។

នាឱកាសនោះ សម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមេគណរាជធានីភ្នំពេញ បានមានព្រះថេរដីកាសោមនស្សរីករាយយ៉ាងក្រៃលែង ក្នុងការចូលរួមចំណែកជាមួយការងារមនុស្សធម៌ជួយដល់ជនរងគ្រោះ និងងាយរងគ្រោះដោយប្រការផ្សេងៗ តាមរយៈសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងជាពិសេសកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ។ សម្ដេចព្រះពុទ្ធជ័យមុនី ក៏បានសន្យានឹងបន្តគាំទ្រសកម្មភាពមនុស្សធម៌ដ៏ប្រពៃថ្លៃថ្លាមួយនេះឥតងាករេជារៀងដរាប ទោះបីមានទេយ្យទានតិចក្តីច្រើនក្តី ។

ជាការឆ្លើយតបលោក ជិន ប៊ុនធឿន ក្នុងនាម លោកឃួង ស្រេង ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានមានប្រសាសន៍ពាំនាំនូវសេចក្តីផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងសូមថ្លែងអំណរព្រះគុណ យ៉ាងជ្រាលជ្រៅចំពោះ សម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន ក៏ដូចជាសាលាគណរាជធានីភ្នំពេញទាំងមូល ដែលតែងតែបានបរិច្ចាគទេយ្យទានជារៀងរាល់ឆ្នាំមិនដែលខកខាន ចូលរួមចំណែកជាមួយសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដើម្បីសាខាកាន់តែមានលទ្ធភាពបន្ថែមទៀតនាំយកទៅចាត់ចែងចែកជូនបន្តដល់ប្រជាពលរដ្ឋដែលជួបប្រទះនូវការលំបាក និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗជាដើម ។
លោកក៏បានទូលប្រគេនពីសកម្មភាពការងារមនុស្សធម៌ដែលសាខាបានអនុវត្ត និងកំពុងបន្តអនុវត្ត នៅតាមវិស័យស្នូលទាំង៤រួមមាន៖ ១. ការគ្រប់គ្រងគ្រោះមហន្តរាយ ២. សុខភាព និងការថែទាំសុខភាពក្នុងសហគមន៍ ៣. លេីកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌របស់ចលនា ៤. ការអភិវឌ្ឍស្ថាប័ន និងអភិវឌ្ឍធនធាន ជាពិសេសបានជម្រាបពីប្រភពចំណូលផ្សេងៗរបស់សាខា ក្នុងនោះមិនអាចកាត់ផ្តាច់បានពីការចូលរួមពីសំណាក់សប្បុរសជន នានា ជាពិសេសគឺព្រះសង្ឃនៅតាមបណ្តាវត្តអារាម ។
ជាមួយគ្នានោះដែរ លោកនាយកប្រតិបត្តិសាខា បានសន្យានឹងចាត់ចែងប្រើប្រាស់នូវទេយ្យទានទាំងនេះជួយឱ្យចំគោលដៅដល់ដៃជនរងគ្រោះគ្រប់ប្រភេទ ឱ្យស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាកាកបាទក្រហម ។
គួរបញ្ជាក់ថា៖ទេយ្យទានដែលសាខាទទួលបានពីសាលាគណរាជធានីភ្នំពេញរួមមាន៖ អង្ករ៣តោន មី១៥០កេស ទឹកផ្លែឈើ៥៥កេស ទឹកក្រូច៥៥កេស ទឹកសុទ្ធ៨០កេស ទឹកដោះគោ៣៨០កេស ស្ករស២៥៥គីឡូក្រាម ត្រីខ៧៣២កំប៉ុង តែ២០០កញ្ចប់ ទឹកស៉ីអ៉ីវ៤៨០ដប ទឹកត្រី៤៨០ដប សម្ភារៈផ្ទះបាយ៧សម្រាប់ និងថវិកាចំនួន១៤លានរៀល ដែលគិតសរុបជាទឹកប្រាក់ទាំងអស់ស្មេីនឹងចំនួន៣៧.៤៤៩.០០០រៀល ៕

អត្ថបទដែលជាប់ទាក់ទង