នគរបាលព្រហ្មទណ្ឌស្រាវជ្រាវ បង្ក្រាបករណីប្លន់. និងលួចម៉ូតូ០២ករណីផ្សេងគ្នា ក្នុងរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ០៦នាក់
ភ្នំពេញ ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវបង្ក្រាបករណីប្ល.ន់ម៉ូតូ និងលួចម៉ូតូ០២ករណីផ្សេងគ្នាក្នុងរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យសរុប០៦នាក់ ។ នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ត្រូវបានកម្លាំងសមត្ថកិច្ចនាំយកមកបង្ហាញមុខនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់នៅថ្ងៃដដែលនេះផងដែរ ។
លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ប្រាប់ឱ្យដឹងថា កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌក្រោយពីទទួលបានការប្តឹងរាយការណ៍ពីជនរងគ្រោះក្នុងអំពើប្លន់ម៉ូតូនិងលួចម៉ូតូចំនួន០២ករណីរួចហើយនោះ កម្លាំងអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចេញប្រតិបត្តិការអនុវត្តវិធានការស្រាវជ្រាវ ស៊ើបអង្កេតតាមជំនាញព្រហ្មទណ្ឌ ក្នុងនោះកម្លាំងបានបែងចែង០២ក្រុមដោយ០១ក្រុមស្វែងរកកំណត់មុខសញ្ញាអំពើប្លន់ធាក់យកម៉ូតូនៅក្នុងបុរីវីអាយភី ខណ្ឌដង្កោ ហើយ០១ក្រុមទៀតចេញស្រាវជ្រាវមុខសញ្ញាលួចម៉ូតូនៅចំណុចសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។
ជាលទ្ធផលស្រាវជ្រាវប្រើពេលវេលាជាច្រើនថ្ងៃ កម្លាំងជំនាញព្រហ្មទណ្ឌក៏ឈានទៅដល់ការឃាត់ខ្លួនមុខសញ្ញាអំពើប្លន់ម៉ូតូ និងលួចម៉ូតូទាំង០២ករណីខាងលើបានសម្រេចជាបន្តបន្ទាប់ ។
លោកនាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលប្រាប់ឱ្យដឹងទៀតថា កាលពីយប់អធ្រាត្រថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ មានករណីអំពើធាក់ផ្តួលប្លន់យកម៉ូតូ០១គ្រឿងម៉ាកហុងដាស្កបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HO-0973 នៅចំណុចបុរីវីអាយភី សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ បង្កឡើងដោយជនសង្ស័យ០៣នាក់ជិះម៉ូតូ០១គ្រឿង បានធ្វើសកម្មភាពធាក់ផ្តួលប្លន់យកម៉ូតូជនរងគ្រោះឈ្មោះ ទី សុខណា ភេទស្រី អាយុ២៧ឆ្នាំ ខណៈជនរងគ្រោះកំពុងជិះម៉ូតូតែម្នាក់ឯង ។ ក្រោយពីអំពើប្លន់ម៉ូតូជនរងគ្រោះនោះហើយជនសង្ស័យ០២នាក់ត្រូវបានរងការបង្ក្រាបចាប់ខ្លួននៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ។ ជនសង្ស័យទាំង០២នាក់មានឈ្មោះ ១-ឈិន ដាវីហៅពៅ ភេទប្រុស អាយុ១៨ឆ្នាំ ប្រកបមុខរបរជាងជួសជុលម៉ូតូ ២-យន់ សំអឿន ហៅឌឿន ភេទប្រុស អាយុ៣៥ឆ្នាំ ប្រកបមុខរបរកម្មកររោងចក្រ ពួកគេរស់នៅផ្ទះជួលក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ។ វត្ថុតាងចាប់យកម៉ូតូរបស់ជនរងគ្រោះម៉ាកហុងដា ស្គូពីពណ៌ស ប៉ុន្តែត្រូវបានជនសង្ស័យយកបំពាក់ស្លាកលេខក្លែង ព្រៃវែង 1LL-0973 ។
លោកវរសេនីយ៍ឯក ប៊ុន សត្យា ប្រាប់ឱ្យដឹងទៀតថា៖ ដោយឡែក០១ករណីទៀតគឺអំពើលួចម៉ូតូ០១គ្រឿងក្នុងខណ្ឌទួលគោក ជនសង្ស័យចំនួន០៤នាក់ត្រូវបានចាប់ខ្លួនក្រោយពីជនសង្ស័យនិងបក្ខពួកបានជិះម៉ូតចេញធ្វើសកម្មភាពលួចម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FL-9785 ប្រព្រឹត្តនៅចំណុចទីតាំងលក់រថយន្តលេខ២៣ ភូមិ១០ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក នៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ខណៈដែលម៉ូតូជនរងគ្រោះទុកចោលជាប់សោជាមួយម៉ូតូជាស្រេច ស្ថិតនៅចំណុចខាងលើ ។ លុះនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ជនសង្ស័យ០៤នាក់ដែលជាប់ពាក់ព័ន្ធអំពើលួចបានរងការចាប់ខ្លួនជាមួយនឹងការដកហូតវត្ថុតាងឧបរណ៍សម្ភារៈមួយចំនួនរួមនឹងម៉ូតូជនរងគ្រោះ០១គ្រឿងផងដែរ ៕