រញ្ជួយដី នៅឥណ្ឌូណេស៉ី ស្លាប់២៥២នាក់
(ហ្សាការតា)៖ រដ្ឋបាលថ្នាក់តំបន់ បានឲ្យដឹងថានៅថ្ងៃអង្គារនេះថា ចំនួនអ្នកស្លាប់ក្នុងហេតុការណ៍រញ្ជួយដី លើទីក្រុងសៀនជួ (Cianjur) ភាគខាងលិចកោះជ្វា របស់ឥណ្ឌូណេស៊ី បានបន្តកើនឡើងដល់ ២៥២នាក់ហើយ។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។
តាមរយៈបណ្តាញសង្គម Instagram រដ្ឋបាលតំបន់បានឲ្យដឹងបន្ថែមថា នៅមានមនុស្សចំនួន ៣១នាក់បាត់ខ្លួន និង ៣៧៧នាក់រងរបួស ខណៈមនុស្សចំនួន៧,០៦០នាក់ ត្រូវផ្លាស់ទីលំនៅក្រោយហេតុការណ៍នេះ។
គួរបញ្ជាក់ថា ចំណុចរំញ័រនៃគ្រោះរញ្ជួយដីខាងលើ ដែលស្ថិតក្នុងក្រុងសៀនជួរ បានកើតឡើងនៅជម្រៅត្រឹម ១០គីឡូម៉ែត្រក្រោមផ្ទៃដីផ្ទាល់ និងមានចម្ងាយប្រហែល៧៥គីឡូម៉ែត្រ ពីភាគអាគ្នេយ៍នៃរដ្ឋធានីហ្សាការតា។ វាគឺជាជម្រៅដ៏រាក់មួយ ដែលអាចមានលទ្ធភាពបង្ក ការបំផ្លិចបំផ្លាញខ្លាំងបាន ទោះបីជារញ្ជួយដីនេះមានកម្រិតក្រោម៦រ៉ិចទ័រក៏ដោយ៕