ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អត្រាអតិផរណាបានធ្លាក់ចុះមកត្រឹម ៤.៩% នៅត្រីមាសទី៣ ឆ្នាំ២០២២

44

(ភ្នំពេញ)៖ អតិផរណាមធ្យមប្រចាំត្រីមាសទី៣ ឆ្នាំ២០២២ បានធ្លាក់ចុះមកអត្រា៤.៩% ​វិញ បើធៀបនឹងត្រីមាសទី២ ឆ្នាំ២០២២ ​ដែលមានអត្រា៧.៤% ។ នេះបើយោងតាមព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុប្រចាំត្រីមាសទី៣ ឆ្នាំ២០២២។

ព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុប្រចាំត្រីមាសទី៣ ដែលបានចេញផ្សាយ ដោយក្រសួងសេដ្ឋកិច្ច ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះបានបង្ហាញថា ​សន្ទស្សន៍ថ្លៃសាច់ជ្រូក ក្នុងត្រីមាសនេះ​ស្ថិតក្នុងអត្រា ៥.៥% , ត្រី ៤.៥% , ប្រេងម៉ាស៊ូត ៣៨.៥% ប្រេងសាំងធម្មតា ១៣.៦% និងឧស្ម័ន ១៦.៧%។ ទន្ទឹមគ្នានេះ អត្រាប្តូរប្រាក់ ជាមធ្យមក្នុងរង្វង់ ៤ ០៩៥.២រៀល ក្នុងមួយដុល្លារអាមេរិក បានកើនឡើង ០.៥%។

ចំណែកថ្លៃទំនិញសំខាន់ៗ នៅលើទីផ្សារអន្តរជាតិនៅត្រីមាសទី៣ ឆ្នាំ២០២២ ​ប្រេងឆៅ គិតជាមធ្យមមានតម្លៃ ៩៦.៦ដុល្លារអាមេរិកក្នុងមួយធុង បានកើនឡើង ៣៤.៦% , អង្ករមានតម្លៃ ៤២៩.៣ដុល្លារក្នុងមួយតោន កើនឡើង៥.៨% ខណៈដែលមាស មានតម្លៃ១ ៨៩៣.៧ដុល្លារក្នុងមួយអោន បានធ្លាក់ចុះ៣.៥% និងកៅស៊ូ តម្លៃ ១ ៤៤៧ដុល្លារក្នុងមួយតោន ធ្លាក់ចុះ១២.៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

តាមក្រសួងសេដ្ឋកិច្ច អត្រាអតិផរណា​ក្នុងត្រីមាសទី៣ធ្លាក់ចុះនេះ ​​ស្របពេលស្ថានភាពសេដ្ឋកិច្ចកម្ពុជា ក្នុងត្រីមាសទី៣ ឆ្នាំ​នេះ បាននិងកំពុងងើបឡើងវិញ តាមរយៈការកើនឡើងនៃភ្ញៀវទេសចរអន្តរជាតិ, គម្រោងសាងសង់, គម្រោងវិនិយោគលើវិស័យឧស្សាហកម្ម និងសេវាកម្ម និងការកើនឡើងនូវផលិតកម្មក្នុងស្រុក ស្របពេលដែលការនាំចេញបន្តមានកំណើនល្អ លើផលិតផលកាត់ដេរ និងផលិតផលមិនមែនកាត់ដេរដូចជាកង់, ខ្សែភ្លើង និងបង្គុំខ្សែភ្លើង, គ្រឿងបង្គុំរថយន្ត និងផលិតផលផ្សេងៗមួយចំនួនទៀត។

តែយ៉ាងណាបើធៀបត្រី៣ ដូចគ្នា កាលពីឆ្នាំ២០២១ អត្រាអតិផរណា​ឆ្នាំ២០២២នេះ កើនឡើងបន្តិច ដោយត្រីមាសទី៣ ឆ្នាំ២០២១ ស្ថិតក្នុងអត្រា ៣.២%​៕

អត្ថបទដែលជាប់ទាក់ទង