ពិធីបិទកីឡាជាតិ នឹងមាននូវទស្សនីយភាព មិនចាញ់ពិធីបើកឡើយ
ភ្នំពេញ៖លោកវ៉ាត់ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣មានប្រសាសន៍បន្ទាប់ពីកិច្ចប្រជុំចម្រុះត្រួតពិនិត្យវឌ្ឍនភាពការងារសម្រាប់ពិធីបិទកីឡាជាតិថាកីឡាមួយចំនួនត្រូវបានបញ្ចប់ខណៈប្រភេទកីឡាជាច្រើនទៀតនឹងត្រូវបន្តរហូតដល់ថ្ងៃទី
៣០វិច្ឆិកាទើបបញ្ចប់រួមជាមួយការរៀបចំពិធីបិទព្រឹត្តិការណ៍ដ៏ធំនេះតែម្ដងដែលនឹងប្រារព្ធធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន។
កិច្ចប្រជុំចម្រុះនាល្ងាចថ្ងៃទី២៥វិច្ឆិកាមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)សាលារាជធានីភ្នំពេញលោកនាយ
ឧត្តមសេនីយ៍ ហ៊ឹម យ៉ានអគ្គស្នងការរងនគរបាលជាតិទទួលបន្ទុកផ្នែកសន្ដិសុខសណ្ដាប់ធ្នាប់ និងគណៈកម្មការពាក់ព័ន្ធទាំងអស់ដើម្បីជួបជុំពិភាក្សានិងរកដំណោះស្រាយនូវចំណុចខ្វះខាតមួយចំនួនក្នុងពិធីបើកដើម្បីត្រៀមរៀបចំពិធីបិទនាថ្ងៃទី៣០ខែវិច្ឆិកាចុងសប្ដាហ៍នេះឲ្យមានភាពអធិកអធម និងអស្ចារ្យ។
លោកវ៉ាត់ចំរើនបន្ដថាបញ្ហាសំខាន់ដែលលោកបណ្ឌិតថោងខុនប្រធានអង្គប្រជុំបាន
លើកឡើងអំពីចំណុចវិជ្ជមាននិងចំណុចអវិជ្ជមានដែលចំណុចខ្វះខាតមួយចំនួនក្នុងពិធីបើក
របស់យើងគឺយើងបានជជែកផ្ទៃក្នុងជាមួយគ្នាដើម្បីរកដំណោះស្រាយរួម។ធ្វើយ៉ាងណា
សម្រួលដល់អ្នកចូលរួមទស្សនាជាង៤ម៉ឺននាក់ រួមជាមួយថ្នាក់ដឹកនាំ និងភ្ញៀវកិត្តិយស VVIP និង VIP ឲ្យទទួលបាននូវសុវត្ថិភាព និងភាពកក់ក្ដៅទាំងអស់គ្នា ចាប់ពីដំណើរមកចូលរួម រហូតអញ្ជើញត្រឡប់ទៅវិញ រាប់ទាំងសេវាសុខាភិបាលជាដើម។
ក្នុងពិធីបើកយើងជោគជ័យក្នុងការសម្ដែងជោគជ័យក្នុងការរៀបចំនិងការងារមួយចំនួនទៀតដែលយើងបានដឹងទាំងអស់គ្នាប៉ុន្ដែចំណុចដែលយើងមានការខ្វះខាតក៏យើងត្រូវតែត្រៀមលក្ខណៈដែរ។ សំខាន់ជាងគេ គឺសុវត្ថិភាព និងសន្ដិសុខសណ្ដាប់ធ្នាប់តែម្ដង។
ពិធីបើកបានបំផ្ទុះនូវព័ត៌មានដ៏ធំមួយសម្រាប់ពិធីបើករបស់យើងហើយនៅក្នុងពិធីបិទនេះក៏យើងនឹងធ្វើឲ្យមានអ្វីមួយអស្ចារ្យបន្ថែមទៀតសម្រាប់ផ្ដល់ជូនប្រជាពលរដ្ឋរបស់យើងទូទាំងប្រទេសតាមរយៈបណ្ដាញផ្សព្វផ្សាយនិងបណ្ដាញសង្គម។យើងឃើញការមកដល់របស់ប្រជាពលរដ្ឋសិស្សានុសិស្សនិងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក)របស់យើងក៏បានចូលរួមយ៉ាងច្រើនកុះករ និងផ្ដល់នូវភាពសប្បាយរីករាយទៀតផង។
សម្រាប់ពិធីបិទកីឡាជាតិលើកទី៣និងកីឡាជាតិជនពិការលើកទី១នាថ្ងៃពុធសប្ដាហ៍ក្រោយនេះនឹងមានរៀបចំនូវទស្សនីយភាពជាច្រើននិងមានការចូលរួមពីតារាចម្រៀងល្បីៗក្នុងប្រទេសកម្ពុជានិងការសម្ដែងមួយចំនួនទៀតដែលជាការសម្ដែងដើម្បីផ្ដល់នូវក្ដីសង្ឃឹម
សម្រាប់យុវជនកម្ពុជានាថ្ងៃអនាគត។ពិសេសការផ្ដល់នូវភាពត្រចះត្រចង់នៃការរក្សានូវសន្ដិភាពនិងការអភិវឌ្ឍរបស់កម្ពុជាឆ្ពោះទៅអនាគតដ៏រុងរឿងមួយស្របតាមនិយាមព្រឹត្តិការណ៍អន្ដរជាតិធំៗ ទាំងកីឡាអាស៊ី និងកីឡាអូឡាំពិក គឺត្រូវបញ្ចប់ដោយក្ដីសង្ឃឹម៕