តុលាការចេញដីកាសម្រេចរឹបអូសជាបណ្តោះអាសន្នអចលនវត្ថុ ២ កន្លែងរបស់លោក សុន ឆ័យ
ភ្នំពេញ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក អួង វុទ្ធា កាលពីពេលថ្មីៗនេះ បានចេញដីកាសម្រេចរឹបអូសជាបណ្តោះអាសន្នលើអចលនវត្ថុចំនួន ០២កន្លែង ជាទ្រព្យសម្បត្តិរបស់លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន បន្ទាប់ពីមានការអះអាងតាមបណ្តាញសារព័ត៌មានថា លោកនឹងមិនសងតាមការសម្រេចរបស់តុលការ ចំពោះបទបរិហាកេរ្តិ៍ជាសាធារណៈ នោះឡើយ។
ការសម្រេចរឹបអូសជាបណ្តោះអាសន្ននេះ ធ្វើឡើងបន្ទាប់ពីមានពាក្យបណ្តឹងរបស់លោកគី តិច មេធាវីដើមបណ្តឹងរដ្ឋប្បវេណី តំណាងគណបក្សប្រជាជនកម្ពុជា ដែលស្នើឱ្យមានការចេញដីការក្សាការពារលើទ្រព្យសម្បត្តិ លោក សុន ឆ័យ ។
យោងតាមដីកាសម្រេចរឹបអូសជាបណ្តោះអាសន្ន នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ចៅក្រមសាលាដំបូងបានសម្រេច៣ចំណុចដូចខាងក្រោម៖
១៖ រឹបអូសជាបណ្តោះអាសន្នលើអចលនវត្ថុចំនួន ០២កន្លែង ជាទ្រព្យសម្បត្តិរបស់កូនបំណុលឈ្មោះ សុន ឆ័យ មាន
ក. អចលនវត្ថុ (ថ្មី អគារ) មានលេខក្បាល ១៦០ មានផ្ទៃដីទំហំ ៣៥៩ ម៉ែត្រការ៉េ ស្ថិតនៅភូមិ សង្កាត់ បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ១២០៤០៧០៩-០១៦០) ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១១ ចេញដោយប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ ។
ខ. អចលនវត្ថុ (ដី អគារ) មានលេខក្បាល ៦១១ មានផ្ទៃដីទំហំ ៧៥ ម៉ែត្រការ៉េ ស្ថិតនៅ មណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ១៧១០០២១២-០២១១ ចុះថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦ ចេញដោយប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តសៀមរាប ។
២៖ ដើម្បីទទួលបាននូវការលុបចោលការអនុវត្តការរឹបអូសជាបណ្ដោះអាសន្ន នេះ លោកសុន ឆ័យ ត្រូវដាក់ប្រាក់តម្កល់ទៅតុលាការចំនួន ៣.០០០.០០០.០០០ រៀល (បីពាន់លានរៀល) ជាប្រាក់រំដោះ។
៣៖ រឹបអូសប្រាក់ប្រដាប់ក្តីដែលម្ចាស់បំណុលបានបង់រួច។
ក្នុងដីកានេះ ក៏បានបញ្ជាក់ដែរថា ភាគីដែលមិនសុខចិត្តនឹងដីកាសម្រេចនេះ អាចដាក់ពាក្យសុំតវា (សុំលុបចោលដីកាសម្រេចរក្សាការពារ) តាមបញ្ញត្តិមាត្រា ៥៥០ និងមាត្រា ៥៥៧ នៃក្រមនីតិវិធីរដ្ឋប្បវេណី។
សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ បានប្រកាសសាលក្រមលើសំណុំរឿងបរិហារកេរ្តិ៍ជាសាធារណៈទាំង២របស់ លោក សុន ឆ័យ ដែលត្រូវបានប្តឹងដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងគណបក្សប្រជាជនកម្ពុជា។
សំណុំរឿងប្តឹងដោយគ.ជ.ប ចៅក្រមបាន ផ្ដន្ទាទោស លោក សុន ឆ័យ ពិន័យជាប្រាក់ចំនួន៩លានរៀល។ ចំណែកក្នុងសំណុំរឿងប្តឹងដោយ គណបក្សប្រជាជនកម្ពុជា ចៅក្រមបានសម្រេចផ្ដន្ទាទោស លោក សុន ឆ័យ ពិន័យជាប្រាក់ចំនួន៨លានរៀល ព្រមទាំងបង្គាប់ឲ្យសងសំណងជម្ងឺចិត្តឲ្យដើមបណ្តឹងរដ្ឋប្បវេណីចំនួន ៣០០០លានរៀលផងដែរ។
ការដាក់ពាក្យបណ្តឹងរបស់គ.ជ.ប និងគណបក្សប្រជាជនកម្ពុជា ធ្វើឡើងបន្ទាប់ពី លោក សុន ឆ័យ បានចោទប្រកាន់ថា ការបោះឆ្នោតបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ កន្លងទៅ មានការទិញ និងលួចបន្លំសន្លឹកឆ្នោត៕