៩៩នាក់ ចូលរួមប្រកួតប្រដាល់គុនខ្មែរ ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣
ភ្នំពេញ៖ការប្រកួតកីឡាប្រដាល់គុនខ្មែរក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣បានបើក
ការប្រកួតហើយកាលពីថ្ងៃទី២៦វិច្ឆិកាម្សិលម៉ិញនេះ ។
លោកឧត្តមសេនីយ៍ឯកតែម ម៉ឺនប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានអញ្ជើញ
ចូលរួមក្នុងពីធីបើកការប្រកួតនេះ ។
លោក ទុយប៊ុនហឿនអគ្គលេខាធិការរងបាននិយាយថាការប្រកួតនេះមានរាជធានីខេត្ត និងក្រសួងចូលរួមចំនួន១៣ដោយមានកីឡាករ កីឡាការិនី៩៩នាក់ក្នុងនោះកីឡាការិនី១១
នាក់ រួមមានក្រសួងការពាជាតិ ក្រសួងមហាផ្ទៃ ភ្នំពេញ ខេត្តកណ្តាល ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តសៀមរាប ខេត្តមណ្ឌលគិរី ខេត្តកោះកុង និងខេត្តកែប។
លោក តែម ម៉ឺនបាន កោតសរសើរ និងថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡាបានសហការជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែររៀបចំការប្រកួតកីឡាប្រដាល់គុនខ្មែរក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣នេះដើម្បីផ្ដល់ឱកាសឲ្យកីឡាករឡាការិនីបានបញ្ចេញនូវទេពកោសល្យសមត្ថភាពក៏ដូចជាវាស់ស្ទង់សមត្ថភាពបច្ចេកទេសកីឡាករកីឡាការិនីម្នាក់ៗបានហ្វឹកហាត់កន្លងមក និងជាដំណើរឆ្ពោះទៅការប្រកួតកីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
នេះក៏ជាឱកាសក្នុងការផ្តល់ជូនគណៈកម្មការរៀបចំការប្រកួតបានដកស្រង់និងពង្រីកបទពិសោធដើម្បីធ្វើឲ្យកម្មវិធីរៀបចំការប្រកួតនេះកាន់តែមានភាពទាក់ទាញដល់ទស្សនិជនឲ្យជួយគាំទ្រ និងលើកទឹកចិត្តដល់ក្មួយៗ កីឡាករកីឡាការិនី បន្ថែមទៀត ។
វិស័យកីឡាទទួលបានទំនុកចិត្តពីគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិនិងក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ីអាគ្នេយ៍ដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ ក្នុងពេលខាងមុខនេះ។ យើងទាំងអស់គ្នា សូមអរគុណ សន្តិភាព ដែលផ្តល់ឱកាសអោយយើងអភិវឌ្ឍ ប្រទេសជាតិ លើគ្រប់វិស័យ។
ជាមួយនឹងការសម្ភោធន៍បើកការប្រកួតនេះក៏មានការប្រកួតចំនួនចំនួន១៦គូដែរសុទ្ធតែជាគូដែលចម្រាញ់ចេញមកពីស្ថាប័ន រាជធានី ខេត្តដែលចូលរួម ៕