រដ្ឋមន្ត្រីក្រសួងសុខាភិបាល ស្នើអភិបាលរាជធានីខេត្ត ពង្រឹងសេវាសង្គ្រោះបន្ទាន់ ដឹកអ្នករបួសដោយគ្រោះថ្នាក់ចរាចរណ៍ និងដឹកសព ដោយមិនឲ្យបង់ថ្លៃ
ភ្នំពេញ៖ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចេញលិខិតជម្រាបជូន ឯកឧត្តម លោកជំទាវអភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត ក្នុងកម្មវត្ថុការពង្រឹងសេវាសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យ សេវារថយន្តសង្គ្រោះ ដើម្បីជួយសង្គ្រោះបន្ទាន់ ឬដឹកអ្នករងរបួសធ្ងន់ធ្ងរ ជាពិសេសអ្នករងគ្រោះថ្នាក់ចរាចរណ៍ដោយមិនតម្រូវឲ្យបង់ថ្លៃសេវាដឹកជញ្ជូន និងសេវារថយន្តដឹកសព(របស់ មន្ទីរពេទ្យ)ទៅលំនៅដ្ឋាននៃសព។
ឯកឧត្ដម ម៉ម ប៊ុនហេង សូមជម្រាបជូន ឯកឧត្តម លោកជំទាវ មេត្តាជ្រាបថា ក្រសួងធ្លាប់បានធ្វើការណែនាំ ករណីរថយន្តសង្គ្រោះបន្ទាន់ដឹកអ្នករងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ ដោយមិនតម្រូវឱ្យបង់ថ្លៃសេវា និងរួមទាំងរថយន្តដឹកសព (ស្លាប់ក្នុងមន្ទីរពេទ្យ ឬដោយគ្រោះថ្នាក់ចរាចរណ៍) ដឹកពីមន្ទីរពេទ្យ ឬកន្លែងគ្រោះថ្នាក់ ចរាចរណ៍ទៅកាន់លំនៅដ្ឋានសព។ កន្លងមកមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្តទាំងអស់ ក៏បានធ្វើការណែនាំដល់ មន្ទីរពេទ្យ មណ្ឌលសុខភាព ដើម្បីសហការគ្នាពង្រឹង សេវារថយន្តសង្គ្រោះបន្ទាន់ ជាពិសេសសម្រាប់អ្នករងគ្រោះថ្នាក់ចរាចរណ៍ បាក់បែកឆ្អឹង ហូរឈាម ឬសន្លប់ត្រូវការសង្គ្រោះអាយុជីវិត ដើម្បីចូលរួមចំណែកកាត់បន្ថយអត្រាស្លា.ប់ដោយគ្រោះថ្នាក់ចរាចរណ៍។
អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ អភិបាល នៃគណ:អភិបាលរាជធានី-ខេត្ត ទាំងអស់ យកចិត្តទុកដាក់ណែនាំឱ្យប្រធានមន្ទីរសុខាភិបាល ពង្រឹងសេវាសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យ សេវារថយន្តគិលានសង្គ្រោះ ដើម្បីជួយសង្គ្រោះបន្ទាន់ ឬដឹកអ្នករងរបួសធ្ងន់ធ្ងរ ជាពិសេសអ្នករងគ្រោះថ្នាក់ចរាចរណ៍ ដោយមិនតម្រូវឲ្យបង់ថ្លៃសេវាដឹកជញ្ជូន និង សេវារថយន្តដឹកសពទៅលំនៅដ្ឋាននៃសព ដោយការទទួលខុសត្រូវខ្ពស់៕