ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជំងឺរាតត្បាត បំផ្លាញវឌ្ឍនភាពរបស់កម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ

45

 

ភ្នំពេញ ៖ របាយការណ៍មួយដែលចេញផ្សាយដោយធនាគារពិភពលោកនៅ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ បង្ហាញថា អត្រាភាពក្រីក្រនៅកម្ពុជា បានធ្លាក់ចុះបានសឹងតែពាក់កណ្តាល ក្នុងចន្លោះឆ្នាំ ២០០៩ និង ឆ្នាំ ២០១៩ ប៉ុន្តែដោយការរាតត្បាតជំងឺ កូវីដ-១៩ បានធ្វើឱ្យអត្រា ភាពក្រីក្រនេះបានកើនឡើងវិញក្នុងពេលថ្មីៗនេះ។

របាយការណ៍វាយតម្លៃភាពក្រីក្រក្រោម ចំណងជើង “ស្តារសេដ្ឋកិច្ច កម្ពុជាឱ្យកាន់តែមានភាពបរិយាបន្ននិងភាពធន់ជាងមុន” (Toward A More Inclusive and Resilient Cambodia) របស់ធនាគារពិភពលោក បានឱ្យដឹងថា នៅក្នុងរយៈពេល១០ឆ្នាំ គិតមកដល់ឆ្នាំ ២០១៩/២០២០ អត្រាភាពក្រីក្ររបស់កម្ពុជាបានធ្លាក់ចុះពីកម្រិត ៣៣,៨% មកនៅត្រឹម ១៧,៨% ដោយជួយឱ្យប្រជាជនកម្ពុជាជិត ២លាននាក់បានរួចផុតពីភាពក្រីក្រ។ ប៉ុន្តែ ចាប់តាំងពីឆ្នាំ២០២០មក អត្រានេះ បានកើនឡើង ២,៨ភាគរយ ដែលមានន័យថា ប្រជាជនប្រហែល ៤៦០ ០០០នាក់បានធ្លាក់ទៅស្ថិតនៅក្រោមកម្រិតប្រាក់ចំណូលនៃភាពក្រីក្រវិញ។

ចន្លោះឆ្នាំ២០០៩ ដល់ឆ្នាំ២០១៩ ជាទសវត្សរ៍ដែល ប្រទេសកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ច ឥតឈប់ឈរ និងការកើនឡើងនៃប្រាក់ចំណូលយ៉ាងទូលំទូលាយ។ ការពង្រីកសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស រួមផ្សំជាមួយនឹងការផ្លាស់ប្តូររចនាសម្ព័ន្ធ បាននាំឱ្យមានការកើនឡើងប្រាក់ឈ្នួល និងកម្រិតជីវភាពរស់នៅកាន់តែប្រសើរ។

របាយការណ៍បានរកឃើញថា ការកើនឡើងប្រាក់ចំណូល មិនមែនកសិកម្មជា ឧទាហរណ៍នៅក្នុងវិស័យទេសចរណ៍ កាត់ដេរ និង សំណង់ មានចំណែកធំក្នុងការ កាត់បន្ថយភាពក្រីក្រ។ កំណើនដែលនាំមុខដោយពាណិជ្ជកម្ម និងការវិនិយោគ បានជួយទ្រទ្រង់ដល់ការផ្លាស់ប្តូរជារចនាសម្ព័ន្ធឆ្ពោះទៅរកវិស័យមានផលិតភាពកាន់តែខ្ពស់ ជួយបង្កើតបាន ការងារដែលមានប្រាក់ខែកាន់តែប្រសើរនៅ ក្នុងផ្នែកផលិតកម្មនិងផ្នែកសេវាកម្ម។ កម្មករមានលទ្ធភាពផ្លាស់ចេញពីវិស័យកសិកម្មដែលមានប្រាក់កម្រៃទាប ទៅធ្វើការនៅតាមវិស័យដែលមានប្រាក់កម្រៃខ្ពស់ជាង និងបង្កើនប្រាក់ចំណូលរបស់ពួកគេ។

ទន្ទឹមគ្នានេះដែរ លក្ខខណ្ឌជីវភាពនិងលទ្ធភាពទទួលបានសេវាមូលដ្ឋាន មានដូចជា អគ្គិសនី ការផ្គត់ផ្គង់ទឹកស្អាត អនាម័យ សុខភាព និងការអប់រំជាដើម មានភាព ប្រសើរឡើងសម្រាប់មួយភាគធំនៅក្នុងចំណោម ប្រជាជនទូទៅ ។ ការកែលម្អនៃស្ថានភាពនេះបានធ្វើ ឱ្យ គម្លាតរវាងស្តង់ដាជីវភាពរបស់គ្រួសារនៅ ទីជនបទ និងនៅ ទីប្រជុំជន រួមតូចជាងមុន។

លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងការិយាល័យធនាគារពិភពលោកប្រចាំនៅកម្ពុជា មានប្រសាសន៍ថា៖ ”កិច្ចខិតខំជំរុញឱ្យមានការផ្លាស់ប្តូជារចនាសម្ព័ន្ធ បានជួយកាត់បន្ថយភាពក្រីក្រក្នុងរយៈពេលកន្លងមក។ ប៉ុន្តែ ទន្ទឹមនឹងជោគជ័យគួរឱ្យកត់សម្គាល់នេះ គ្រួសារជាច្រើនស្ថិតនៅក្នុងស្ថានភាពងាយរងគ្រោះនៅឡើយ ដោយសារពួកគេមិនសូវមានប្រាក់សន្សំ ឬ គ្មានសំណាញ់ការពារផ្នែកសង្គម។ ត្រង់នេះមានន័យថា ជំងឺកូវីដ-១៩ បានរុញថយក្រោយវិញនូវវឌ្ឍនភាពរបស់កម្ពុជា ក្នុងការប្រយុទ្ធនឹងភាពក្រីក្រ ដោយធ្វើឱ្យប្រជាជនជាច្រើន បាត់បង់ការងារ និងប្រាក់កម្រៃ។”

របាយការណ៍នេះលើកអនុសាសន៍ថា កម្ពុជាគួរពិចារណាលើអន្តរាគមន៍ផ្នែក គោលនយោបាយមួយចំនួនដើម្បីគាំទ្រដល់ការស្តារសេដ្ឋកិច្ច ឡើងវិញប្រកបដោយបរិយាបន្ននិងធន់ជាងមុន ពីការប៉ះទង្គិចរបស់ជំងឺរាតត្បាត និងវិបត្តិសេដ្ឋកិច្ចដែលមានមកជាមួយវា។ អន្តរាគមន៍ទាំងនោះអាចរួមមាន ការផ្ទេរសាច់ប្រាក់តាមគោលដៅកំណត់ វិធានការពង្រឹងកិច្ចគាំពារសង្គម និងការវិនិយោគលើវិស័យសុខាភិបាល និងការអប់រំ ជាដើម៕

 

អត្ថបទដែលជាប់ទាក់ទង